ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ធានា​ចំពោះ​អាស៊ាន​ថា កិច្ច​ពិភាក្សា​អាស៊ាន​នឹង​ផ្ដោត​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ច្រើន​ជាង​បញ្ហា​កូរ៉េ​ខាង​ជើង


លោក​រដ្ឋ​មន្ត្រី Rex Tillerson ជួប​​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ការបរទេស​ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី នៅ​អគារ State Department ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។
លោក​រដ្ឋ​មន្ត្រី Rex Tillerson ជួប​​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ការបរទេស​ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី នៅ​អគារ State Department ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។

ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​ដំបូង​បង្អស់​របស់​លោក​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​សប្ដាហ៍​នេះ សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​សង្កត់​ធ្ងន់​ឲ្យ​មាន​យន្តការ​ផ្លូវ​ច្បាប់​មួយ ដើម្បី​រារាំង​មិន​ឲ្យ​ជម្លោះ​ដែន​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ផ្ទុះ​ឡើង​ក្លាយជា​ការ​ប្រឈម​មុខ​ហិង្សា​ដាក់​គ្នា។

បន្ទាប់ពី​មាន​កិច្ច​ពិភាក្សា​អស់​រយៈពេល​ជាង ១៥ ឆ្នាំ កន្លង​មក រដ្ឋមន្ត្រី​ការបរទេស​នានា​មកពី​សមាគម​អាស៊ាន និង​ប្រទេស​ចិន ត្រូវ​គេ​រំពឹង​ថា​នឹង​គាំទ្រ​ចំពោះ​គម្រោង​ក្រម​ប្រតិបត្តិ COC ដែល​មាន​គោល​បំណង​ផ្ដោត​លើ​កិច្ច​សហប្រតិបត្តិការ ជាជាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ នៅ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​ក្នុង​សប្ដាហ៍​នេះ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

លោកស្រី Susan Thornton ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ស្ដី​ទី​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា៖ «សហរដ្ឋ​អាមេរិក​ស្វាគមន៍​ចំពោះ​ការ​ឯកភាព​គ្នា​លើ​គម្រោង​នេះ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ក៏​នៅ​បន្ត​អំពាវនាវ​ឲ្យ​មាន​ការ​អនុម័ត​ឲ្យ​បាន​ឆាប់​នូវ​ក្រម​ប្រតិបត្តិ COC ដ៏​មាន​ប្រសិទ្ធភាព​មួយ​ផង​ដែរ»។

ទោះបីជា​សហរដ្ឋ​អាមេរិក​មិន​មែន​ជា​ភាគី​ទាមទារ​កាន់កាប់​ប្រជុំ​កោះ​ដែល​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ក៏​ដោយ ក៏​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បន្ត​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ទាំង​អស់​បន្ត​ការ​ទាមទារ​របស់​ខ្លួន​ដោយ​សន្តិវិធី និង​ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ។

លោក​រដ្ឋមន្ត្រី​ការបរទេស Tillerson នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ក្នុង​សប្ដាហ៍​នេះ ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​មួយ​ចំនួន ដូចជា​កិច្ច​ប្រជុំ​វេទិកា​តំបន់​អាស៊ាន​ជា​ដើម។ បន្ទាប់​មក លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី។

ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Tillerson ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​លើក​នេះ គឺ​ជា​ការ​បញ្ជាក់​ឡើង​វិញ​អំពី «ការ​ប្ដេជ្ញា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ពង្រីក និង​បង្កើន​បន្ថែម​ទៀត​នូវ​ចំណាប់​អារម្មណ៍​ផ្នែក​សេដ្ឋកិច្ច និង​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក»៕

XS
SM
MD
LG