រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជួបប្រជុំទ្វេភាគីជាមួយនឹងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong Ho នៅថ្ងៃអាទិត្យនេះ ដែលជាជំនួបបន្ថែមទៅនឹងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ លោក Wang Yi បាននិយាយថា លោកបានជំរុញឲ្យលោក Ri Yong Ho គោរពទៅតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងឈប់បង្កហេតុដោយការសាកល្បងគ្រាប់មីស៊ីល និងនុយក្លេអ៊ែរតទៅទៀត។
លោក Wang Yi ក៏បានបញ្ជាក់ផងដែរថា លោកបានផ្ដល់យោបល់ដល់សមភាគីកូរ៉េខាងជើងរបស់លោក ឲ្យធ្វើតាមវិធីសាស្ត្រផ្អាកសកម្មភាពចំនួនពីរក្នុងពេលតែមួយ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ។ វិធីសាស្ត្រនោះ គឺការផ្អាកការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការផ្អាកការធ្វើសមយុទ្ធយោធារួមគ្នារបស់សហរដ្ឋអាមេរិក និងជប៉ុន។
ការព្រមានរបស់រដ្ឋមន្ត្រីការបរទេសមកពីប្រទេសទាំង ១០ នៃសមាគមអាស៊ាន ចំពោះប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថាជាការលួងចិត្តសហរដ្ឋអាមេរិក ដែលរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់សង្ឃឹមថា នឹងដើរតួនាទីកាន់តែខ្លាំងក្លាជាងមុននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ស្របពេលជាមួយគ្នានោះដែរ ពួកគេក៏សង្ឃឹមថា នឹងអាចរក្សាទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលកូរ៉េខាងជើងផងដែរ។
កាលពីថ្ងៃសៅរ៍ម្សិលមិញ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសសមាគមអាស៊ានទាំងអស់ បានបង្ហាញនូវ «ការព្រួយបារម្ភដ៏ខ្លាំងក្លា» អំពីការកើនឡើងនូវភាពតានតឹងនៅឧបទ្វីបកូរ៉េ ដែលក្នុងនោះមានទាំងការបាញ់គ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើងចំនួនពីរលើកកាលពីខែកក្កដា កន្លងទៅនេះផងដែរ។ ពួកគេបានស្នើឲ្យកូរ៉េខាងជើងគោរពតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបញ្ឈប់ការសាកល្បងគ្រាប់ផ្លោងមីស៊ីល៕