ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​ទឹកដី​អង់គ្លេស​គឺ​ជា​ទង្វើ​អាក្រក់​បំផុត


លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Rex Tillerson​ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​វិមាន​ប្រធានាធិបតី នៅ​ក្នុង​ក្រុង Abuja ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។
លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Rex Tillerson​ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​វិមាន​ប្រធានាធិបតី នៅ​ក្នុង​ក្រុង Abuja ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson បាន​គាំទ្រ​ការ​អះអាង​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May ដែល​ថា រដ្ឋាភិបាល​រុស្ស៊ី​គឺ​ជា​អ្នក​វាយ​ប្រហារ​លើ​អតីត​ចារកម្ម​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អង់គ្លេស ដោយ​លោក​បាន​និយាយ​ថា រឿង​នេះ «នឹង​ជំរុញ​ឲ្យ​មាន​ការ​ឆ្លើយតប» ជាក់​ជា​មិន​ខាន។

លោក Tillerson បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កាប់វែរ​ដែល​ជា​ប្រទេស​ដី​កោះ​នៅ​ទ្វីប​អាហ្វ្រិក យ៉ាង​ដូច្នេះ​ថា៖ «នេះ​គឺ​ជា​ទង្វើ​ដ៏​អាក្រក់​ជា​ទី​បំផុត។ រឿង​នេះ​គឺ​កើត​ឡើង​ចេញ​ពី​រុស្ស៊ី​យ៉ាង​ពិត​ប្រាកដ»។

លោក Tillerson បាន​និយាយ​ដូច្នេះ​តាម​ទូរស័ព្ទ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​លោក Boris Johnson ភ្លាមៗ បន្ទាប់ពី​លោក​បាន​ចាកចេញ​ពី​ប្រទេស​នីហ្សេរីយ៉ា។ លោក Tillerson បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ៥ ថ្ងៃ​របស់​លោក​ទៅ​កាន់​ទ្វីប​អាហ្វ្រិក​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ

លោកស្រី Theresa May បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អតីត​ភ្នាក់ងារ​ចារកម្ម​បន្លំ​ខ្លួន​របស់​រុស្ស៊ី លោក Sergei Skripal និង​កូន​ស្រី​របស់​លោក ត្រូវ​បាន​គេ​បំពុល​ដោយ​សារធាតុ​ពុល​មួយ​ប្រភេទ​ដែល​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

លោកស្រី​បាន​បន្ថែម​ទៀត​ថា ទង្វើ​នេះ​ស្មើ​នឹង​ការ​ប្រើ​អាវុធ​គីមី​លើ​ទឹកដី​របស់​ចក្រភព​អង់គ្លេស​ដូច្នេះ​ដែរ។

រដ្ឋាភិបាល​រុស្ស៊ី​បាន​ជំទាស់​ទៅ​នឹង​ការ​អះអាង​របស់​លោកស្រី Theresay May ដោយ​បាន​លើក​ឡើង​ថា នេះ​គឺ​ជា​យុទ្ធនាការ​នយោបាយ​មួយ​ទៀត​ដែល​ផ្អែក​លើ​ការ​បង្ក​ហេតុ៕

XS
SM
MD
LG