កាលពីថ្ងៃពុធ ប្រទេសរុស្ស៊ីបានបោះឆ្នោតវ៉េតូមួយលើកទៀតនៅក្នុងក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ដើម្បីការពារអ្នកកាន់អំណាចផ្តាច់ការស៊ីរីឈ្មោះ Bashar al-Assad ពីការថ្កោលទោសអន្តរជាតិដោយសារការវាយប្រហារដោយអាវុធគីមីដ៏ប្រល័យកាលពីសប្តាហ៍មុន។
លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំអ.ស.ប.បានមានប្រសាសន៍ប្រាប់ក្រុមប្រឹក្សាសន្តិសុខថា «ជាមួយការបោះឆ្នោតវ៉េតូរបស់ផងខ្លួន ប្រទេសរុស្ស៊ីបាននិយាយថាទេដល់ភាពទទួលខុសត្រូវខ្ពស់ ប្រទេសរុស្ស៊ីបាននិយាយថាទេដល់កិច្ចសហប្រតិបត្តិការជាមួយការស៊ើបអង្កេតឯករាជ្យរបស់អ.ស.ប. ហើយប្រទេសរុស្ស៊ីបាននិយាយថាទេដល់សេចក្តីសម្រេចចិត្តមួយដែលអាចជួយឧបត្ថម្ភផ្ចុងផ្តើមឱ្យមានសន្តិភាពនៅក្នុងប្រទេសស៊ីរី។ លោកស្រីបានមានប្រសាសន៍យោងដល់ប្រធានាធិបតីស៊ីរី Bashar al-Assad ថា «ម្តងទៀតប្រទេសរុស្ស៊ីបានជ្រើសរើសការកាន់ជើង Assad»។
នៅក្នុងការបោះឆ្នោតមួយដែលមានសំឡេងឆ្នោតគាំទ្រ១០ ពីរប្រឆាំងនឹងសំឡេងឆ្នោតបីអនុប្បវាទ រដ្ឋាភិបាលក្រុងមូស្គូបានរារាំងវិធានការដែលបានត្រូវដាក់ជំរុញដោយប្រទេសអង់គ្លេស បារាំង និងស.រ.អា.។ នៅក្នុងការបែកចេញពីរុស្ស៊ីដែលមិនសូវមានធ្វើ ប្រទេសចិនបានបោះឆ្នោតអនុប្បវាទ ចំណែកឯពួកប្រទេសមិនមែនជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ មានប្រទេស បូលីវីបានបោះឆ្នោទជំទាស់ ហើយប្រទេសអេត្យូពី និងប្រទេសកាហ្សាក់ស្ថានបានចូលរួមជាមួយប្រទេសចិនក្នុងការបោះឆ្នោតអនុប្បវាទ។
សេចក្តីព្រាងសេចក្តីសម្រេចចិត្តនេះរបស់អ.ស.ប.ថ្កោលទោសការវាយប្រហារនោះដោយឧស្ម័នពុល និងពង្រឹងការស៊ើបអង្កេតអន្តរជាតិអំពីអ្វីដែលបានកើតមានឡើង។ សេចក្តីព្រាងសេចក្តីសម្រេចចិត្តមួយស្រដៀងគ្នានេះដែរកាលពីពេលមុននេះគ្មានជោគជ័យទេក្នុងការដាក់ឱ្យបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍មុន៕