រដ្ឋាភិបាលរុស្ស៊ីនិយាយកាលពីថ្ងៃអាទិត្យថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់ស.រ.អា. CIA បានផ្តល់ឲ្យអាជ្ញាធររុស្ស៊ីនូវព័ត៌មានដែលរារាំងសកម្មភាពជាច្រើនរបស់ក្រុមរដ្ឋឥស្លាមធ្វើផែនការដាក់គ្រាប់បែកនៅទីក្រុង St. Petersburg។
រដ្ឋាភិបាលវិមានក្រឹមឡាំងនិយាយថា លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីបានទូរស័ព្ទមកលោក Donald Trump ប្រធានាធិបតីស.រ.អា.ដើម្បីថ្លែងអំណរគុណលោកទាក់ទងនឹងព័ត៌មានរបស់ CIA នេះ។ ប្រទេសរុស្ស៊ីនិយាយថា ព័ត៌មាននេះសំខាន់ ហើយគ្រប់គ្រាន់សម្រាប់ក្រុមសេវារក្សាសន្តិសុខ FSB ធ្វើការបង្ក្រាបជនសង្ស័យដែលធ្វើផែនការវាយប្រហារដោយដាក់គ្រាប់បែកអត្តឃាតកាលពីថ្ងៃសៅរ៍នៅវិហារ Kazan Cathedral ចំណាស់២សតវត្សរ៍ និងកន្លែងផ្សេងទៀត។ រដ្ឋាភិបាលក្រុងមូស្គូនិយាយថា លោក Putin បានសុំឲ្យមេដឹកនាំស.រ.អា.ប្រាប់ CIA ថា រុស្ស៊ីសូមថ្លែងអំណរគុណ CIA ហើយថា រុស្ស៊ីនឹងប្រគល់ព័ត៌មានដែលរុស្ស៊ីដឹងដើម្បីប្រាប់អាមេរិកផងដែរ ទាក់ទងនឹងការវាយប្រហាររបស់ភេរវករដែលអាចកើតមាននៅស.រ.អា. ដូចដែលរុស្ស៊ីបានលើកឡើងកាលពីអតីតកាល។ ការនិយាយគ្នាតាមទូរស័ព្ទរវាងលោក Trump និងលោក Putin គឺជាការសន្ទនាលើកទី២ក្នុងរយៈពេល៤ថ្ងៃនេះ៕