អ្នកស៊ើបអង្កេតរុស្ស៊ីបានកំណត់អត្តសញ្ញាណរបស់ជនឈ្មោះ Akbarzhon Dzhalilov ដែលកើតនៅប្រទេស Kyrgyzstand ថាជាអ្នកបោកគ្រាប់បែកអត្តឃាត ដែលបានធ្វើការវាយប្រហារដ៏ប្រល័យកាលពីថ្ងៃចន្ទទៅលើស្ថានីយ៍រថភ្លើងក្រោមដីមួយដែលមានមនុស្សច្រើនកុះករនៅក្នុងទីក្រុង St. Petersburg។
តួលេខអ្នកស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនោះបានកើនឡើងដល់១៤នាក់ហើយ ដោយក្នុងនោះមានជនរងគ្រោះរាប់សិបនាក់បានរងរបួសធ្ងន់។
ប៉ូលិសរុស្ស៊ីបានចេញផ្សាយរូបថតរបស់ជនសង្ស័យបំផ្ទុះគ្រាប់បែកនោះថា ឈ្មោះ Dzhalilov អាយុ២២ឆ្នាំ ដែលពួកគេនិយាយថាមានកំណើតនៅទីក្រុង Osh និងទទួលបានសញ្ជាតិរុស្សីកាលពីឆ្នាំ២០១១។
អ្នកស៊ើបអង្កេតរុស្ស៊ីនិយាយថា Dzhalilov បានបង្កប់គ្រាប់បែកទីពីរនៅឯស្ថានីយ៍រថភ្លើងមួយទៀតក្នុងទីក្រុង St. Petersburg ដែលអាជ្ញាធរបានរកឃើញនិងបានទប់ស្កាត់មិនឲ្យផ្ទុះទាន់ពេលវេលា។ នៅមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវលើការវាយប្រហារនេះនោះទេ ប៉ុន្តែអាជ្ញាធរកំពុងតែស៊ើបអង្កេតលើករណីដែលអាចជាប់ពាក់ព័ន្ធជាមួយនឹងក្រុមរដ្ឋឥស្លាម។
មេដឹកនាំពិភពលោកដូចជាចិន អឺរ៉ុប និងប្រេស៊ីលបានចូលរួមរំលែកទុក្ខចំពោះសោកនាដកម្មនេះ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទូរស័ព្ទទៅរកលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងបានផ្តល់ការគាំទ្រទាំងស្រុងនៅក្នុងការឆ្លើយតបទៅនឹងការវាយប្រហារនេះ៕