លោក Rex Tillerson រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនឹងជួបជាមួយនឹងដៃគូរុស្ស៊ីរបស់លោក គឺលោក Sergei Lavrov នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃពុធនេះ ដើម្បីប្រជុំពិភាក្សាអំពីប្រទេសស៊ីរី អ៊ុយក្រែន និងបញ្ហាទ្វេភាគីដទៃទៀត។
ក្រសួងការបរទេសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា៖ «ចំពោះប្រទេសស៊ីរី លោករដ្ឋមន្ត្រីមានបំណងនឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ថយអំពើហិង្សា ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋស៊ីរី និងបង្កើតវេទិកាសម្រាប់ដំណោះស្រាយនយោបាយទៅលើជម្លោះនេះ»។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងខណៈដែលលោក Jim Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនិយាយថា សហរដ្ឋអាមេរិកនឹងពិនិត្យមើលឲ្យកាន់តែលម្អិតទៅលើផែនការរបស់រុស្ស៊ីក្នុងការបង្កើត«តំបន់បន្ថយជម្លោះ»នៅក្នុងប្រទេសស៊ីរី។
ប្រទេសរុស្ស៊ី តួកគី និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាទៅលើកិច្ចព្រមព្រៀងមួយដែលស្នើឡើងដោយរដ្ឋាភិបាលក្រុងមូស្គូ កាលពីសប្តាហ៍មុន ក្នុងការបង្កើតតំបន់មួយដែលគេហៅថា «តំបន់បន្ថយជម្លោះ» នៅក្នុងប្រទេសស៊ីរី នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយក្នុងការបញ្ចប់ជម្លោះរយៈពេល៦ឆ្នាំនៅទីនោះ។
អ្នកតំណាងរបស់បណ្តាប្រទេសទាំង៣ ដែលធានាថានឹងបញ្ចប់អំពើហិង្សានៅក្នុងប្រទេសស៊ីរីបានចុះហត្ថលេខាលើកំណត់ហេតុមួយនៅក្នុងកិច្ចប្រជុំ ចុងក្រោយបំផុតនៃកិច្ចប្រជុំសន្តិភាពនេះ នៅក្នុងរដ្ឋធានីអាស្តាណា នៃប្រទេសកាហ្សាក់ស្ថាន៕