លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បាននិយាយនៅថ្ងៃពុធនេះថារដ្ឋាភិបាលលោកមានសំណួរច្រើនអំពីអ្វីដែលលោកនិយាយថា ជាគំនិតមិនច្បាស់លាស់ និងផ្ទុយគ្នារបស់រដ្ឋបាលថ្មីនៃលោកប្រធានាធិបតីស.រ.អា. Donald Trump។
លោក Lavrov បាននិយាយដូច្នេះ នៅពេលចាប់ផ្តើមជំនួបមួយនៅក្នុងក្រុងមូស្គូជាមួយលោករដ្ឋមន្ត្រីការបរទេសស.រ.អា. Rex Tillerson ដោយលោកបានថ្លែងបន្ថែមថា ជាការមានសារៈសំខាន់សម្រាប់រុស្ស៊ីឱ្យយល់អំពីបំណងរបស់ស.រ.អា.។
លោក Lavrov ក៏បាននិយាយយោងដល់ការវាយប្រហាររបស់ស.រ.អា.កាលពីសប្តាហ៍មុនលើមូលដ្ឋានមួយនៃកងទ័ពអាកាសស៊ីរីដែលបានកើតមានឡើងជាការឆ្លើយតបនឹងការវាយប្រហារដោយអាវុធគីមីមួយដោយលោកបានហៅការតបតនេះរបស់ស.រ.អា.ថាជា «ការនាំឱ្យរំខាន»។
លោក Tillerson បាននិយាយយ៉ាងខ្លីនៅក្នុងសេចក្តីថ្លែងការណ៍បើកជំនួបនេះ ក៏ប៉ុន្តែដូចលោក Lavrov ដែរលោកបាននិយាយថា កិច្ចចរចាគ្នានៅថ្ងៃពុធនេះកើតមានឡើងនៅពេលវេលាសំខាន់មួយហើយមានរួមបញ្ចូលការពិភាក្សាគ្នាដោយស្មោះត្រង់អំពីការខ្វែងគំនិតគ្នា និងអត្ថប្រយោជន៍ទៅវិញទៅមក។
អ្នកការទូតកំពូលស.រ.អា.រូបនេះបាននិយាយថា ខ្សែគមនាគមន៍រវាងប្រទេសទាំងពីរនេះ «គួរនៅតែបើកចំហជានិច្ច»។ លោកបានថ្លែងទៀតថាលោកចង់យល់អំពីហេតុអ្វីបានជានៅមានការខ្វែងគំនិតគ្នាខ្លាំងក្នុងវិស័យខ្លះ ហើយរកវីធីដើម្បីធ្វើឱ្យការខ្វែងគំនិតគ្នាទាំងនេះមានតិច៕