ការប្រជុំមួយនៃក្រុមរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G-7 ដែលគ្របដណ្តប់ដោយស្ថានការណ៍ក្នុងប្រទេសស៊ីរីបានបញ្ចប់នៅថ្ងៃអង្គារនេះដោយលោករដ្ឋមន្ត្រីការបរទេសស.រ.អា. Rex Tillerson ស្វះស្វែងរកការគាំទ្រពីពួកសម្ព័ន្ធមិត្តនៅមុនលោកធ្វើដំណើរទៅកាន់ក្រុងម៉ូស្គូដើម្បីជួបជាមួយពួកមន្ត្រីរុស្សី។
នៅខាងក្រៅកិច្ចចរចានៅក្នុងប្រទេសអ៊ីតាលី លោក Tillerson បានជួបជាមួយសមភាគីលោកមកពីប្រទេសហ្ស៊កដានី កាតា អារ៉ាប៊ីសាអូឌីត តួកគី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម អំពីការឆ្លើយតបរបស់ស.រ.អា.ដល់ការវាយប្រហារដោយអាវុធគីមីកាលពីសប្តាហ៍មុនដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី។
នៅក្រោយជំនួបផ្ទាល់របស់លោកជាមួយលោក Tillerson កាលពីថ្ងៃចន្ទ លោក Boris Johnson រដ្ឋមន្ត្រីការបរទេសអង់គ្លេសបាននិយាយថាក្រោយស.រ.អា.បើកធ្វើការវាយប្រហារដោយកាំជ្រួចមីស៊ីល លើមូលដ្ឋានមួយនៃកងទ័ពអាកាសស៊ីរី «ស្ថានការណ៍មានការផ្លាស់ប្តូរហើយ»។
លោក Jonhson បាននិយាយថាពួកសម្ព័ន្ធមិត្តនឹងពិភាក្សាអំពីការដាក់ទណ្ឌកម្មថ្មីៗថែមទៀតប្រឆាំងនឹងពួកឥស្សរជនយោធាស៊ីរីនិងពួកសមាជិកនៃកងយោធារុស្សីដែលបានសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលស៊ីរីនិងដូចដែលលោក Johson បានថ្លែងថា «បានទទួលឥទ្ធិពលដោយសារអាកប្បកិរិយាគួរឱ្យរន្ធត់នៃរបបគ្រប់គ្រង Assad»៕