ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ពិភាក្សា​ត្រី​ភាគី​បាន​ធ្វើ​ឡើង​ផ្ដោត​លើ​ការ​លុប​បំបាត់​អាវុធ​ចេញ​ពី​តំបន់​សន្តិសុខ​រួម JSA នៅ​ព្រំដែន​រវាង​កូរ៉េ​ទាំង​ពីរ


ទាហាន​កូរ៉េ​ខាង​ត្បូង​ឈរ​យាម​នៅ​ភូមិ Panmunjom ក្នុង​ក្រុង Paju ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។
ទាហាន​កូរ៉េ​ខាង​ត្បូង​ឈរ​យាម​នៅ​ភូមិ Panmunjom ក្នុង​ក្រុង Paju ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅ​ថ្ងៃ​អង្គារ​នេះ អ្នក​ចរចា​មកពី​ប្រទេស​កូរ៉េ​ខាង​ជើង កូរ៉េ​ខាង​ត្បូង និង​ទី​បញ្ជាការ​កម្លាំង​ចម្រុះ​អង្គការ​សហប្រជាជាតិ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ដែល​គាំទ្រ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​អំឡុង​ពេល និង​ក្រោយ​សង្គ្រាម​កូរ៉េ បាន​ជួប​ពិភាក្សា​គ្នា​ជា​លើក​ដំបូង​នៅ​តំបន់​គ្មាន​យោធា DMZ នៃ​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ។

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖ «ភាគី​ទាំង ៣ បាន​ពិនិត្យ​លើ​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​នៃ​ការ​ដោះ​មីន​ចេញ​ពី​តំបន់​សន្តិសុខ​រួម ដែល​ហៅ​កាត់​ថា JSA… និង​បាន​ពិភាក្សា​អំពី​បញ្ហា​ជាក់ស្ដែង​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ជំហាន​ក្នុង​ដោះ​មីន និង​លុប​បំបាត់​សព្វាវុធ និង​អ្វីៗ​ពាក់ព័ន្ធ​នឹង​យោធា​ចេញ​ពី​តំបន់​នោះ»។

តំបន់​សន្តិសុខ​រួម JSA នេះ ជា​តំបន់​ដែល​ភាគី​ទាំង ៣ បាន​គ្រប់គ្រង​តាំង​ពី​សង្គ្រាម​កូរ៉េ​បាន​បញ្ចប់​ទៅ​ដោយ​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ឆ្នាំ ១៩៥៣ គឺ​មិន​មែន​ដោយ​សន្ធិសញ្ញា​សន្តិភាព​នោះ​ទេ។

តំបន់​នេះ​ក៏​ជា​កន្លែង​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​គ្មាន​យោធា DMZ ដែល​ទាហាន​នៃ​ប្រទេស​កូរ៉េ​ទាំង​ពីរ​ឈរ​ទល់​មុខ​គ្នា។ តំបន់​នេះ​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​កិច្ចការ​ទំនាក់ទំនង​ការទូត​នានា​ពាក់ព័ន្ធ​នឹង​កូរ៉េ​ទាំង​ពីរ​កន្លង​មក។ តំបន់​នេះ​ផង​ដែរ​ក៏​ជា​កន្លែង​មួយ​ដែល​ហេតុការណ៍​បង្ហូរ​ឈាម​បាន​កើត​ឡើង​នៅ​ឆ្នាំ ១៩៧៦ នៅ​ពេល​ដែល​ទាហាន​អាមេរិកាំង​ពីរ​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​ទាហាន​កូរ៉េ​ខាង​ជើង​ដែល​ប្រដាប់​ដោយ​ពូថៅ។

នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី ៣ នៅ​ទីក្រុង​ព្យុងយ៉ាង​កាល​ពី​ខែ​មុន មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un និង​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​ឯកភាព​គ្នា​លើ​ការ​ដោះ​មីន ដក​ប៉ុស្តិ៍​យាម​ល្បាត ដក​ការ​តាមដាន និង​ឧបករណ៍​យោធា​ផ្សេង​ទៀត​ចេញ​ពី​តំបន់​សន្តិសុខ​រួម JSA នេះ នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ៕

XS
SM
MD
LG