ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ស្នើ​ឲ្យ​រៀបចំ​ទីតាំង​ប្រជុំ​ជាមួយ​លោក Kim នៅក្នុង​តំបន់​គ្មាន​កងទ័ព


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ អញ្ជើញ​ទៅ​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពេល​ប្រមូល​ផ្តុំ Make America Great Again នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ អញ្ជើញ​ទៅ​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពេល​ប្រមូល​ផ្តុំ Make America Great Again នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump កាល​ពី​ថ្ងៃចន្ទ​បាន​ស្នើ​គម្រោង​ប្រជុំ​មួយ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Unនៅក្នុង​តំបន់​គ្មាន​កងទ័ព​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​កូរ៉េខាងជើង​ និង​កូរ៉េខាងត្បូង។

លោក​ប្រធានាធិបតី​បាន​សរសេរ​នៅក្នុង Twitter ថា «យើង​កំពុង​ពិចារណា​ជ្រើសរើសទីតាំង​ប្រជុំ​ក្នុង​ប្រទេស​ជាច្រើន​ ប៉ុន្តែ​ទីតាំង​ដែល​មាន​សន្តិភាព​ និង​សេរីភាព​នៅតាម​ព្រំដែន​រវាង​កូរ៉េ​ខាងជើង​និង​កូរ៉េ​ខាងត្បូង​ នឹង​ក្លាយ​ជា​ទីតាំង​តំណាង​ មាន​សារៈ​សំខាន់ ​និង​ជា​ទីតាំង​ចុងក្រោយ​ ល្អ​ជាង​ប្រទេស​ទី​បី​ទៅ​ទៀត។ នេះ​គ្រាន់​តែ​ជា​សំណួរ​ទេ»។

លោក Trump បាន​បង្ហាញ​សុទិដ្ឋិនិយម​នៅ​ចុង​សប្តាហ៍​នេះ​អំពី​ផែនការ​ប្រជុំ​ជាមួយ​លោក Kim ដែល​ត្រូវ​បាន​កំណត់​បណ្តោះអាសន្ន​នៅក្នុង​ខែឧសភា​ ឬ​ដើម​ខែមិថុនា​ បន្ទាប់​ពី​កិច្ចសន្ទនា​ជាមួយ​លោក Moon និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe កាល​ពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន។

លោក Trump បាន​សរសេរ​ថា «លោក Kim ទទួល​បាន​លទ្ធផល​ដ៏​ល្អ​ពី​កិច្ចប្រជុំ»​ ជាមួយ​លោក Moon​ និង​បាន​ជូន​ដំណឹង​ថ្មីៗ​ដល់​លោក Abe អំពី​ផែនការ​ប្រជុំ​កំពូល ជា​មួយ​លោក Kim។

មេដឹកនាំ​សំខាន់ៗ​របស់​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ពី​ការកើនឡើង​សុទិដ្ឋិនិយម​ នៃការ​ខិត​កាន់​តែ​ជិត​ទៅ​រក​ការ​បញ្ចប់​អរិភាព​ដែល​កើតឡើង​អស់​រាប់​ទសវត្សរ៍​នៅក្នុង​ឧបទ្វីប​កូរ៉េ​ទាំងមូល។

កាល​ពី​ថ្ងៃសុក្រ​ លោក Kim បាន​ក្លាយ​ជា​មេដឹកនាំ​កូរ៉េ​ខាងជើង​លើក​ដំបូង​ ដែល​បាន​ឈាន​ជើង​ចូល​ក្នុង​ទឹកដី​កូរ៉េ​ខាងត្បូង​ នៅពេល​ដែល​លោក​បាន​ដើរ​ឆ្លងកាត់​ព្រំដែន​ទៅ​ចាប់ដៃ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in។

មេ​ដឹកនាំ​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងអស់​ចេញ​ពី​ឧបទ្វីប​កូរ៉េ​ទាំងមូល​ និង​បាន​សច្ចា​ថា​នឹង​បន្ត​កិច្ចចរចា​ដែល​នឹង​នាំ​មក​នូវ​ការបញ្ចប់​សង្គ្រាម​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ។

ប្រទេស​កូរ៉េ​ខាងជើង​ធ្លាប់​បាន​ប្តេជ្ញាចិត្ត​ស្រដៀង​គ្នា​នេះ​កាល​ពី​ពេល​កន្លង​ទៅ​ អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ ប៉ុន្តែ​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត។ នៅ​ពេល​សួរ​ថាតើ​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​នៅ​ពេល​នេះ​ ជា​ការ​ពិត​ដែរ​ឬ​ទេ? លោក Trump បាន​ឆ្លើយ​ថា «យើង​នឹង​មិន​ឲ្យ​គេ​បោក​បញ្ឆោត​នោះ​ទេ»។

កាល​ពី​ថ្ងៃអាទិត្យ​ មន្ត្រី​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា លោក Kim Jong Un មាន​ផែនការ​អញ្ជើញ​ក្រុម​អ្នក​ជំនាញ​ និង​អ្នក​សារព័ត៌មាន​ពី​ទីក្រុង​សេអ៊ូល​ និង​សហរដ្ឋអាមេរិក​ ដើម្បី​ទៅ​ត្រួតពិនិត្យ​នៅពេល​ដែល​ទីក្រុង​ព្យុងយ៉ាង​បំផ្លាញ​កម្មវិធីនុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​ក្នុង​ខែឧសភា​នេះ៕

XS
SM
MD
LG