មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានផ្ញើកាដូជាឆ្កែ Pungsan ពណ៌សរបស់កូរ៉េខាងជើងមួយគូដល់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In ដែលនេះជាសញ្ញាថ្មីចុងក្រោយបំផុតនៃមិត្តភាពការទូតរវាងប្រទេសទាំងពីរ។
លោក Moon Jae In និងលោក Kim Jong Un បានជួបប្រជុំគ្នាជាលើកទី ៣ នៅក្នុងឆ្នាំនេះ នៅក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើងកាលពីពាក់កណ្ដាលខែកញ្ញាកន្លងទៅនេះ ដែលនៅពេលនោះ លោក Kim Jong Un បានបញ្ជាក់ថា លោកនឹងផ្ញើកាដូជាឆ្កែនេះ។ នេះបើតាមការបញ្ជាក់របស់វិមានប្រធានាធិបតីកូរ៉េខាងត្បូងនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួននៅថ្ងៃអាទិត្យនេះ។
ឆ្កែទាំងពីរក្បាលនេះត្រូវបានបញ្ជូនឆ្លងព្រំដែនពីកូរ៉េខាងជើងទៅកាន់កូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍។
ពូជឆ្កែ Pungsan នេះ គឺជាឆ្កែមានភាពស្មោះស្ម័គ្រ និងមានជំនាញប្រមាញ់។
ឆ្កែទាំងពីរនេះនឹងរស់នៅជាមួយនឹងឆ្កែរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលមានឈ្មោះថា Tori។
លោក Moon Jae In ដែលគេស្គាល់ថាជាអ្នកស្រលាញ់សត្វ បានយកឆ្កែឈ្មោះ Tori ពណ៌ខ្មៅកាត់ពូជច្រើនប្រភេទនេះ មកចិញ្ចឹមកាលពីខែកក្កដា ឆ្នាំមុន គឺក្នុងរយៈពេលពីរឆ្នាំក្រោយមក បន្ទាប់ពីលោកបានចូលកាន់តំណែងជាប្រធានាធិបតី។
នេះមិនមែនជាលើកដំបូងនោះទេ ដែលមេដឹកនាំកូរ៉េខាងជើងបានប្រគល់ឆ្កែ Pungsan មួយគូដូចនេះជាកាដូដល់មេដឹកនាំកូរ៉េខាងត្បូងនោះ។
កាលពីឆ្នាំ ២០០០ អតីតមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Il ដែលជាឪពុករបស់លោក Kim Jong Un បានផ្ញើឆ្កែ Pungsan នេះពីរក្បាលជាកាដូដល់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Kim Dae Jung នៅពេលដែលពួកគេជួបប្រជុំគ្នាជាលើកដំបូង៕