ក្រសួងការពារជាតិបានលុបឈ្មោះទាហាន ៣ នាក់ ចេញពីក្របខណ្ឌ ក្រោមហេតុផលថាពួកគេប្រើប្រាស់គ្រឿងញៀន។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងការពារជាតិ ដែលវីអូអេទទួលបាន។ អ្នកតាមដានសាទរចំពោះចំណាត់ការនេះ ប៉ុន្តែទាមទារឱ្យក្រសួងអនុវត្តការងារនេះ ដោយឈរលើគោលការណ៍តម្លាភាព និងកុំលម្អៀងលើបក្ខពួកនិយម។
កាលពីចុងខែកញ្ញា លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិបានចេញប្រកាសមួយ ដោយលុបឈ្មោះនាយទាហានម្នាក់ ដែលមានឋានៈជាវរសេនីយ៍ត្រី និងមានតួនាទីជាគ្រូបច្ចេកទេសថ្មើរជើងសាលានាយទាហានសកម្ម គឺលោក ពោន ធា ចេញពីក្របខណ្ឌ ដោយមូលហេតុពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។
ជាមួយគ្នានោះ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី ២៥ ខែកញ្ញា បានលុបឈ្មោះយោធិន ២ នាក់ នៅសាលានាយទាហានសកម្ម ចេញពីក្របខណ្ឌផងដែរ ដោយសារពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនដូចគ្នា។ នេះបើតាមសេចក្តីសម្រេចរបស់អគ្គបញ្ជាការដា្ឋននៃកងយោធពលខេមរភូមិន្ទ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ និងលោក វង្ស ពិសេន បាននៅឡើយទេ។
ការអនុវត្តវិធានការនៃការត្រួតពិនិត្យសារធាតុញៀនក្នុងចំណោមមន្ត្រីយោធា ដោយសារគ្រឿងញៀននៅកម្ពុជានៅតែជាបញ្ហាចម្បង ដែលអ្នកតាមសម្តែងការព្រួយបារម្ភ ហើយរដ្ឋាភិបាលអាណត្តិថ្មី បានប្រកាសថានឹងផ្តោតសំខាន់លើកិច្ចការមួយនេះ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព សាទរចំណាត់ការរបស់ក្រសួងការពារជាតិក្នុងការត្រួតពិនិត្យទាហានដែលប្រើប្រាស់គ្រឿងញៀន។ ប៉ុន្តែលោកជំរុញឱ្យក្រសួងការពារជាតិ អនុវត្តឱ្យស្មើភាពគ្នា ហ្មត់ចត់ និងម៉ឺងម៉ាត់ ដោយកុំលម្អៀងបក្ខពួកនិយម។
លោកថ្លែងថា៖ «ធ្វើយ៉ាងណា គឺកុំឱ្យមានភាពលម្អៀង ឱ្យមានភាពសុក្រឹត្យ ហើយកុំឱ្យថា អ្នកខ្លះមានខ្នងធំទៅ ក៏អាចនៅ[ធ្វើការ]បន្ត ទោះបីជាមានសារធាតុញៀន»។
លោកបន្ថែមថា៖ «ជុំវិញបញ្ហានេះ ទាល់តែមានភាពហ្មត់ចត់ ច្បាស់លាស់ ហើយម៉ឺងម៉ាត់បានទៅរួច បើថាហ៊ានធ្វើបញ្ហាហ្នឹងហើយ។ បើសិនជាថាមានខ្លះលើកលែង ដោយសារយោគយល់ មានខ្លះទៀត ត្រូវបានអនុវត្តចាត់វិធានការទៅលើគាត់ អាហ្នឹងអត់អាចមានប្រសិទ្ធភាពទៅបានទេ។ នេះជារឿងមួយសំខាន់ណាស់»។
លោក យង់ គិមអេង ចង់ឃើញវិធានការមួយនេះ អនុវត្តលើមន្ត្រី និងប៉ូលិស ដែលស្ថិតនៅក្រោមក្រសួងមហាផ្ទៃផងដែរ ដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀនក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ ក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំមួយ ដោយបញ្ជាឱ្យគ្រប់អង្គភាពពិនិត្យសារធាតុញៀនក្នុងចំណោមមន្ត្រីពន្ធនាគារនៅទូទាំងប្រទេស ដើម្បីធានាប្រសិទ្ធភាពការអនុវត្តការងាររបស់មន្ត្រីនៅតាមមណ្ឌលកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។
លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់វីអូអេថាអាជ្ញាធរពាក់ព័ន្ធបានអនុវត្តកិច្ចការនេះ ចាប់ពីថ្ងៃទី ៤ ខែកញ្ញា ដែលគ្រោងបញ្ចប់នៅចុងខែតុលា ហើយបន្ទាប់មកនឹងមានចេញជារបាយការណ៍នាពេលនោះ។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ចង់ឃើញកងកម្លាំងប្រដាប់អាវុធចៀសឱ្យផុតពីគ្រឿងញៀននេះមុនគេ ព្រោះថា បើកាលណាកងកម្លាំងជាប់ពាក់ព័ន្ធគ្រឿងញៀន នោះវានឹងធ្វើឱ្យពលរដ្ឋបាត់ទំនុកចិត្ត។
លោកថ្លែងថា៖ «យើងជំរុញឱ្យស្ថាប័ន ដែលជាស្ថាប័នកងកម្លាំងប្រដាប់អាវុធ ទាំងយោធា និងនគរបាល ហើយនិងកងកម្លាំងពាក់ព័ន្ធផ្សេងៗទៀត អនុវត្តនូវវិធានការបែបនេះបន្តទៀត ដើម្បីឱ្យមានភាពជ្រះស្រឡះរបស់កងកម្លាំង ដើម្បីស្ថិតនៅឆ្ងាយពីបញ្ហាគ្រឿងញៀន»។
ជាមួយគ្នានេះ លោកថា រឿងដែលសំខាន់ផ្សេងទៀត គឺត្រូវរឹតបន្តឹងលើកងកម្លាំងប្រដាប់អាវុធ ទាក់ទងការប្រើប្រាស់អាវុធ ការសេពគ្រឿងស្រវឹង និងការប្រើប្រាស់ហិង្សាជាដើម ព្រោះកន្លងទៅ លោកសង្កេតឃើញថា បញ្ហាទាំងនោះនៅតែកើតមានឡើង ហើយជារូបភាពមិនល្អសម្រាប់សង្គមជាតិ។
ទាក់ទងនឹងបញ្ហាគ្រឿងញៀននេះ កាលពីខែសីហា លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យរដ្ឋាភិបាលអាណត្តិទី ៧ ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ផ្តោតការយកចិត្តទុកដាក់បង្ក្រាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រដ្ឋាភិបាលអាណត្តិថ្មី៕