អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានបញ្ជាឱ្យមន្ត្រីពន្ធនាគារទូទាំងប្រទេសពិនិត្យទឹកនោមរកសារធាតុញៀន ដើម្បីរឹតបន្តឹងបញ្ហាគ្រឿងញៀននៅកម្ពុជា។ នេះបើតាមសេចក្តីណែនាំមួយចុះថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ ដែលវីអូអេទទួលបាន។
សេចក្តីណែនាំឱ្យដឹងថា នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានណែនាំឱ្យគ្រប់អង្គភាពត្រូវរឹតបន្តឹងចំពោះបញ្ហាគ្រឿងញៀន ដើម្បីធានាប្រសិទ្ធភាពការអនុវត្តការងាររបស់មន្ត្រីពន្ធនាគារនៅតាម មណ្ឌលកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីមជ្ឈដ្ឋានទូទៅ។
សេចក្តីណែនាំនេះបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធនាគារបានសម្រេចដាក់ចេញនូវវិធានការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីពន្ធនាគារជាទូទៅ និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់គ្រឿងញៀន។
ក្នុងករណីរកឃើញថា មន្ត្រីពន្ធនាគារមានចេតនាគេចវេសក្នុងការមិនចូលរួមសហការធ្វើតេស្ដ ឬរកឃើញមានសារធាតុញៀន អគ្គនាយកដ្ឋានពន្ធនាគារនឹងគោរពស្នើសុំគោលការណ៍សម្រេចពីក្រសួងមហាផ្ទៃ ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលនានា និងវិធានការផ្លូវច្បាប់ជាធរមាន។ នេះបើតាមសេចក្តីណែនាំ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ប្រាប់វីអូអេថា ការធ្វើតេស្តត្រួតពិនិត្យវាយតម្លៃរកសារធាតុញៀន ឬការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមមន្ត្រីពន្ធនាគារ ដើម្បីបង្ហាញអំពីភាពស្អាតស្អំរបស់មន្ត្រីម្នាក់ៗ និងដើម្បីកម្ចាត់ចោលបញ្ហាគ្រឿងញៀន។
លោកថ្លែងថា៖ «នៅក្នុងជំនួបជាមួយឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រីលោក [ស សុខា] បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអគ្គនាយកដ្ឋានពន្ធនាគារពិនិត្យមើលលទ្ធភាពក្នុងការបោសសម្អាតផ្ទៃក្នុង។ វាផ្តើមឡើងមុននឹងបោសសម្អាតគេ យើងបោសសម្អាតខ្លួនយើងជាមុនសិន»។
លោកបន្តថា៖ «ទោះបីមិនមានព័ត៌មានណាបញ្ជាក់ថា មន្ត្រីយើងប្រើប្រាស់ ប៉ុន្តែយើងមើលនឹងភ្នែកគឺវាអត់ដឹងទេ។ អ៊ីចឹងការបោសសម្អាតនេះធ្វើឡើងយ៉ាងសុក្រឹត ហើយមានភាពច្បាស់លាស់ មានបច្ចេកទេសត្រឹមត្រូវ ហើយធ្វើដោយលក្ខណៈយុទ្ធសាស្រ្ត ដើម្បីស្រាវជ្រាវរកអ្នកប្រើប្រាស់ដែលជាមន្ត្រី»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ចំណាត់ការរបស់ក្រសួងមហាផ្ទៃជារឿងល្អមួយ នៅក្នុងការបង្ក្រាបញ្ហាគ្រឿងញៀន។
លោកប្រាប់វីអូអេថា៖ «អ៊ីចឹង! ការណ៍ដែលពិនិត្យទៅលើទឹកនោមរបស់មន្ត្រី បើយើងនិយាយអំពីសិទ្ធិវាជារឿងមួយដែលប៉ះពាល់សម្រាប់សិទ្ធិរបស់ពួកគាត់។ ក៏ប៉ុន្តែដើម្បីធានាថា មន្ត្រីទាំងអស់មិនពាក់ព័ន្ធជាមួយនឹងគ្រឿងញៀន ហើយចាប់ផ្តើមពីមន្ត្រីទៅ អាហ្នឹងគឺជាយន្តការរបស់ក្រសួងមហាផ្ទៃ នៅក្នុងការចង់លុបបំបាត់នៃបញ្ហាគ្រឿងញៀនឬក៏ការបង្ក្រាបគ្រឿងញៀន»។
បើតាមលោក អំ សំអាត កន្លងមក ក៏ធ្លាប់មានករណីជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងពន្ធនាគារផងដែរ។
លោកបញ្ជាក់ថា៖ «កន្លងមកយើងក៏ឃើញមានខាងអគ្គនាយកដ្ឋានពន្ធនាគារក៏ដូចជា ស្ថាប័នពាក់ព័ន្ធ ក៏មានការត្រួតពិនិត្យទៅលើពន្ធនាគារមួយចំនួនដែលគេសង្ស័យថាមានការជួញដូរ ឬក៏ការប្រើប្រាស់គ្រឿងញៀននៅក្នុងពន្ធនាគារ។ អាហ្នឹងគឺជារឿងមួយដែលធ្លាប់កើតឡើងកន្លងមកដែរ។ ប៉ុន្តែគ្រាន់ថា ក្រសួងមហាផ្ទៃតែងតែមានវិធានការ ដើម្បីពិនិត្យនិងការឆែកឆេរ ឬក៏ចាត់វិធានការជាបន្តបន្ទាប់ដែរបាទ»។
គួរបញ្ជាក់ថា កាលពីខែសីហា លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានជំរុញឱ្យរដ្ឋាភិបាលអាណត្តិទី ៧ ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ផ្តោតការយកចិត្តទុកដាក់បង្ក្រាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រដ្ឋាភិបាលអាណត្តិថ្មី៕