តំបន់ភាគខាងជើងរដ្ឋ California (កាលីហ្វ័រញ៉ា) ដែលជាតំបន់ផលិតស្រាទំពាំងបាយជូរមួយកន្លែងរបស់សហរដ្ឋអាមេរិក បានទទួលរងភ្លើងឆេះព្រៃដ៏ខ្លាំងម្តងទៀត កាលពីថ្ងៃចន្ទ នៅពេលដែលមានខ្យល់ខ្លាំងជួយបក់បន្ថែម បណ្តាលឲ្យមានការឆាបឆេះកាន់តែខ្លាំង ខណៈពេលដែលតំបន់នេះកំពុងទទួលរងភ្លើងឆេះព្រៃស្រាប់ហើយនោះ។ ហេតុការណ៍ភ្លើងឆេះព្រៃនេះបានបំផ្លាញផ្ទះអស់ជាច្រើនខ្នង និងមានការបញ្ជាឲ្យជម្លៀសពលរដ្ឋជិត ៧ ម៉ឺននាក់ ចេញពីតំបន់នោះផងដែរ។
នៅភាគខាងជើងជិតទីក្រុង Redding មន្រ្តីប៉ូលិសស្រុក Shasta លោក Eric Magrini បានប្រកាសថា មនុស្ស ៣ នាក់ បានស្លាប់បណ្តាលមកពីភ្លើងឆេះព្រៃនោះ។
ភ្លើងឆេះព្រៃដែលចាប់ផ្តើមកាលពីថ្ងៃអាទិត្យក្នុងតំបន់ផលិតស្រាដ៏ល្បី Napa-Sonoma ស្ថិតនៅភាគខាងជើងទីក្រុង San Francisco និងជុំវិញទីក្រុង Redding បានកើតមានឡើង នៅពេលជិតដល់ខួបគម្រប់ ៣ ឆ្នាំនៃការឆេះព្រៃដ៏ធំ កាលពីឆ្នាំ ២០១៧ ដែលបានឆក់យកជីវិតមនុស្សចំនួន ២២ នាក់នៅពេលនោះ។
ក្នុងរដ្ឋ California ទាំងមូល មានភ្លើងឆេះព្រៃជិត ៣០ កន្លែងផ្សេងៗគ្នា។ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃក្នុងឆ្នាំនេះ ក្នុងរដ្ឋ California មានចំនួន ២៩ នាក់ហើយ រហូតមកដល់ពេលនេះ។ ការឆេះព្រៃនេះ ក៏បណ្តាលឲ្យខូចខាតផ្ទៃដីអស់ជិត ១៥.០០០ គីឡូម៉ែត្រក្រឡា និងបំផ្លាញអគារអស់ជាង៧.០០០ខ្នងផងដែរ៕