មនុស្សជាង៥សែននាក់នៅក្នុង Oregon សហរដ្ឋអាមេរិកបានត្រូវគេបង្ខំឲ្យជម្លៀសចេញពីផ្ទះសម្បែងនិងទីក្រុងរបស់ខ្លួន ពីព្រោះតែភ្លើងឆេះព្រៃដ៏ខ្លាំងមួយនៅទូទាំងរដ្ឋ។ នេះបើតាមការិយាល័យរៀបចំចាត់ចែងគ្រាអាសន្នរបស់រដ្ឋ Oregon។
ភ្លើងឆេះព្រៃនៅរដ្ឋ Oregon ដែលស្ថិតនៅក្បែឆ្នេរសមុទ្រភាគខាងលិចសហរដ្ឋអាមេរិក បានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏៤នាក់ក្នុងរយៈពេល៤៨ម៉ោងកន្លងមកនេះ និងបានបំផ្លាញផ្ទះរាប់ពាន់ខ្នងនិងឆះផ្ទៃដីចំនួន ៣សែន៦ម៉ឺន៥ពាន់ហិកតា។ ទីក្រុងជាច្រើនទៀតបានត្រូវបំផ្លាញនៅរដ្ឋ Oregon ហើយទីក្រុងមួយនៅរដ្ឋវ៉ាស៊ីនតោន ក៏ត្រូវបានបំផ្លាញផងដែរ។
ចំណែកនៅរដ្ឋ California វិញ ភ្លើងឆេះព្រៃកើតឡើងជាបន្តកាលពីថ្ងៃព្រហស្សតិ៍បណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៣ នាក់ និងបំផ្លាញផ្ទះសម្បែងរាប់រយខ្នង ព្រមទាំងធ្វើឲ្យឆេះផ្ទៃដីអស់ជាង១លានហិកតា៕