តុលាការសាលាឧទ្ធរណ៍រាជធានីភ្នំពេញបានសម្រេចមិនអនុញ្ញាតឲ្យសកម្មជនបរិស្ថានបីនាក់នៃចលនាមាតាធម្មជាតិស្ថិតនៅក្រៅឃុំទេ ដោយបានដម្កល់សេចក្តីសម្រេចរបស់តុលាការសាលាដំបូងខេត្តកោះកុង ដែលបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនទាំងបីនាក់នេះ កាលពីពេលកន្លងមកទៅនេះ។ នេះបើតាមការបញ្ជាក់ពីសកម្មជនសិទ្ធិមនុស្ស និងមេធាវីការពារក្តីរបស់សកម្មជនទាំងបីនាក់នេះ។
ការសម្រេចរបស់តុលាការសាលាឧទ្ធរណ៍រាជធានីភ្នំពេញដម្កល់ការបដិសេធរបស់តុលាការសាលាដំបូងខេត្តកោះកុងមិនឲ្យសកម្មជនទាំងបីនេះស្ថិតនៅក្រៅឃុំនោះធ្វើឡើងកាលពីចុងខែកញ្ញាកន្លងទៅនេះ គឺក្រោយពីដំណើរទស្សនកិច្ចរបស់លោកស្រីរ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ទៅកាន់ខេត្តកោះកុង កាលពីថ្ងៃទី១៨ និង១៩ ខែកញ្ញា ឆ្នាំ២០១៥នេះ។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho)ប្រចាំខេត្តកោះកុង មានប្រសាសន៍ប្រាប់ VOA ថា តុលាការសាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបដិសេធការសុំនៅក្រៅឃុំរបស់សកម្មជនទាំងបីនាក់កាលពីថ្ងៃទី២៨ ខែកញ្ញា ព្រោះតុលាការសាលាឧទ្ធរណ៍បានយល់ស្របតាមការសម្រេចរបស់តុលាការសាលាដំបូងខេត្តកោះកុងដែលថា សកម្មជនទាំងបីនេះអាចធ្វើឲ្យខូចនីតិវិធីរបស់តុលាការ និងបង្កបទល្មើសផ្សេងទៀត ហើយនិងបំផ្លាញភស្តុតាង ប្រសិនបើពួកគេត្រូវបានដោះលែងឲ្យស្ថិតនៅក្រៅឃុំនោះ។ លោកនិយាយាថា៖
«សភាស៊ើបសួរនៃតុលាការសាលាឧទ្ធរណ៍បានសម្រេចឯកភាពរក្សាការសម្រេចរបស់ចៅក្រមស៊ើបសួរនៃតុលាការសាលាដំបូងខេត្តកោះកុងហ្នឹងទុកជាបានការដដែល»។
លោកបញ្ជាក់ថា ចៅក្រមស៊ើបសួរនៃតុលាការសាលាដំបូងខេត្តកោះកុងគួរតែពន្លឿនរឿងក្តីរបស់សកម្មជនទាំងបីនាក់នេះ ពីព្រោះថា បើបន្តឲ្យអ្នកទាំងបីស្ថិតក្នុងមន្ទីរឃុំឃាំង អាចធ្វើឲ្យមានការប៉ះពាល់ដល់សិទ្ធិរបស់ជនជាប់ចោទទាំងបីនាក់នេះ។
«កន្លងមក មានប្រជាពលរដ្ឋ ដែលធ្លាប់ចូលរួមជាមួយគាត់បានបញ្ជាក់ថា អ្នកទាំងបីគឺពុំមានកំហុសអ្វីទេ។ អញ្ចឹងករណីនេះគួរតែចៅក្រមស៊ើបសួរ និងតុលាការសាលាដំបូងខេត្តកោះកុងត្រូវតែរួសរាន់ដើម្បីបញ្ចប់ការស៊ើបសួរ ហើយបញ្ចូលរឿងនេះទៅព្រះរាជអាជ្ញាដើម្បីឲ្យមានដីការដំណោះស្រាយមួយ»។
សកម្មជនបរិស្ថានទាំងបីដែលត្រូវតុលាការសម្រេចឃុំខ្លួនកាលពីខែសីហា រួមមានលោក សាន់ ម៉ាឡា អាយុ២៣ឆ្នាំ ជាស្ថាបនិកម្នាក់នៃចលនាមាតាធម្មជាតិ លោក ទ្រី សុវិគា អាយុ២៤ឆ្នាំ និងលោក ស៊ីម សំណាង អាយុ២៦ឆ្នាំ។ ពួកគេត្រូវបានចោទប្រកាន់ពីបទគំរាមកំហែង និងធ្វើឲ្យខូចខាត ដែលភ្ជាប់នូវបញ្ហាអ្វីមួយ»។
លោក ហម ស៊ុនរិទ្ធ មេធាវីការពារក្តីឲ្យសកម្មជនបរិស្ថានទាំងបីនេះថ្លែងថា តុលាការសាលាដំបូងខេត្តកោះកុងគួរតែអនុញ្ញាតឲ្យសកម្មជនទាំងបីនេះបានសិ្ថតនៅក្រៅឃុំ ពីព្រោះបទល្មើសនេះបទជាបទលើ្មសមជ្ឈឹម ហើយថា ការបន្តឃុំខ្លួនសកម្មជនទាំងបីនាក់នេះនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសាររបស់ពួកគេ។ លោកថ្លែងថា៖
«សព្វថ្ងៃនេះ យើងគ្រាន់តែថា ស្ថានភាពរបស់ជនជាប់ចោទទាំងបីនាក់ហ្នឹង គាត់ត្រូវការត្រឡប់ទៅវិញដើម្បីមើលថែគ្រួសារគាត់»។
លោកបង្ហាញក្តីបារម្ភអំពីស្ថានភាពសុខភាពរបស់សកម្មជនមួយរូប ដែលមានជំងឺក្រពះដែលត្រូវការការព្យាបាលនៅក្រៅពន្ធនាគារ។ លោកនិយាយថា៖
«អ្វីដែលយើងមានការព្រួយបារម្ភនៅពេលនេះគឺស្ថានភាពកូនក្តីយើងម្នាក់នោះ។ គាត់កំពុងមានជំងឺក្រពះ ហើយគាត់មានកូននៅក្នុងបន្ទុក ដែលត្រូវមើលថែ។ ដូច្នេះគាត់គួរទទួលបាននូវស្ថានភាពនៅក្រៅឃុំ»។
យោងទៅតាមការបញ្ជាក់របស់សកម្មជនសិទ្ធិមនុស្សនៅក្នុងខេត្តកោះកុងឲ្យដឹងថា សកម្មជនម្នាក់ដែលកំពុងជាប់ឃុំឃាំង ហើយកំពុងមានជំងឺគឺលោក ស៊ីម សំណាង។ អ្នកស្រី ថា សុភា ភរិយារបស់លោក ស៊ីម សំណាង ធ្លាប់បានបញ្ជាប់ប្រាប់ VOA ថា ប្តីរបស់អ្នកស្រីមានជំងឺក្រពះជាប្រចាំ។
លោក ប៊ូ ប៊ុនហាំ ព្រះរាជអាជ្ញាតុលាការសាលាដំបូងខេត្តកោះកុង បដិសេធមិនធ្វើការអធិប្បាយទេ ដោយលោកបង្វែសំណួរទៅចៅក្រមនៃតុលាការសាលាដំបូងខេត្ត។ VOA ពុំអាចទាក់ទងអ្នកស្រី ឈុន ដាវី ចៅក្រមស៊ើបសួរនៃតុលាការសាលាដំបូងខេត្តកោះកុងបានទេ ដោយសារទូរស័ព្ទរបស់អ្នកស្រីរោទិ៍ តែគ្មានអ្នកទទួល។
ចលនាមាតាធម្មជាតិបានធ្វើការយ៉ាងសកម្មនៅក្នុងកិច្ចការការពារបរិស្ថាននៅក្នុងខេត្តកោះកុង។ ក្រៅពីការតវ៉ាឲ្យបញ្ឈប់ការបូមខ្សាច់ដ៏មហន្តរាយដល់បរិស្ថាននេះ ក្រុមការពារបរិស្ថាននេះក៏បានទប់ស្កាត់មិនឲ្យមានការវិនិយោគទំនប់វារីអគ្គិសនីលើស្ទឹងអារ៉ែងនៃជួរភ្នំក្រវ៉ាញ ដែលវិនិយោគដោយក្រុមហ៊ុនចិន Sinohydro ផងដែរ។ សកម្មភាពរបស់ពួកគេបានធ្វើឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធមួយចំនួនមិនសប្បាយចិត្ត។
ដោយឡែក សកម្មជនសិទ្ធិមនុស្សថ្លែងថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងខេត្តកោះកុងកាន់តែអាក្រក់ទៅៗ ពីព្រោះតុលាការខេត្តកោះកុងបានចោទប្រកាន់ និងសម្រេចឃុំខ្លួនសកម្មជនការពារបរិស្ថានជាបន្តបន្ទាប់ បើទោះជាមានមន្ត្រីទូតមកពីស្ថានទូតសហរដ្ឋអាមេរិក អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ និងមន្ត្រីនៃសហគមន៍អឺរ៉ុបបានចូលទៅសិក្សាស្វែងយល់អំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងខេត្តនេះក៏ដោយ។
កាលពីថ្ងៃពុធកន្លងទៅនេះ តុលាការសាលាដំបូងខេត្តកោះកុងបានសម្រេចឃុំខ្លួនសកម្មជនបរិស្ថានម្នាក់ទៀតគឺលោក វ៉ែន វ៉ន ទាក់ទងនឹងការចោទប្រកាន់ថា លោកជាប់ពាក់ព័ន្ធនឹងសកម្មភាពកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់។ សកម្មជនសិទ្ធិមនុស្សសង្កត់ធ្ងន់ថា ការចោទប្រកាន់ដែលឈានដល់ការឃុំខ្លួនអ្នកការពារបរិស្ថាននេះគឺជាការបំបាក់ស្មារតី និងជាការគំរាមកំហែងដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ៕