ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បដិសេធ​សំណើ​​នៅ​ក្រៅ​ឃុំ​របស់​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​សម រង្ស៊ី


លោក​ ហុង​ សុង​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ សម​ រង្ស៊ី ត្រូវ​បាន​អម​ដំណើរ​ដោយ​ប៉ូលីស​នៅ​ឯ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។ តុលាការ​បាន​ច្រាន​ចោល​សំណើ​នៅ​ក្រៅ​ឃុំ​របស់​លោក​ បន្ទាប់​ពី​លោក​ត្រូវ​បានតុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​លោក​ពី​បទ«ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយ​និង​ញុះញង់»​ ក្រោយពី​លោក​បាន​បង្ហោះ​កិច្ច​ព្រម​ព្រៀង​នាឆ្នាំ​១៩៧៩ទៅលើទំព័រ​ហ្វេសប៊ុក។ (រូប​ថត ៖ EPA/MAK REMISSA)
លោក​ ហុង​ សុង​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ សម​ រង្ស៊ី ត្រូវ​បាន​អម​ដំណើរ​ដោយ​ប៉ូលីស​នៅ​ឯ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។ តុលាការ​បាន​ច្រាន​ចោល​សំណើ​នៅ​ក្រៅ​ឃុំ​របស់​លោក​ បន្ទាប់​ពី​លោក​ត្រូវ​បានតុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​លោក​ពី​បទ«ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយ​និង​ញុះញង់»​ ក្រោយពី​លោក​បាន​បង្ហោះ​កិច្ច​ព្រម​ព្រៀង​នាឆ្នាំ​១៩៧៩ទៅលើទំព័រ​ហ្វេសប៊ុក។ (រូប​ថត ៖ EPA/MAK REMISSA)

តុលាការ​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បដិសេធ​​សំណើ​​នៅ​ក្រៅ​ឃុំ​របស់​លោក​ ហុង សុខហួរ​ សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​សម រង្ស៊ី ​ហើយ​បន្ត​នីតិវិធី​សវនាការ​​របស់​ខ្លួន។

តុលាការ​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បដិសេធសំណើនៅ​ក្រៅ​ឃុំ​របស់​លោក​ ហុង សុខហួរ​ សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​សម រង្ស៊ី ​ហើយ​បន្ត​នីតិវិធី​សវនាការរបស់​ខ្លួន​ ​ទោះ​បី​ជា​លោក ហុង សុខហួរ ​បញ្ជាក់​ពី​បញ្ហា​ជំងឺបេះដូង​របស់​លោក​ក៏​ដោយ។ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​រិះគន់ចំណាត់​ការ​នេះ។​

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​តុលាការ​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​លើ​កទី១​លើ​រឿង​ក្តី​របស់​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​គឺ​លោក​ ហុង​ ​សុខហួរ ​អំពី​ការ​បង្ហោះ​ឯកសារ​ក្លែង​ក្លាយ ​និង​ញុះញង់​ក្នុង​រឿង​ព្រំដែន បន្ទាប់​ពី​តុលាការបាន​បដិសេធសំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក។​

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​យល់​ថា​ ហេតុផល​នយោបាយ​ ​និង​ការ​ចរចាគ្នា​គ្មាន​លទ្ធផល​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​គឺ​ជា​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​តុលាការ​សាលា​ដំបូង​ក្រុង​ភ្នំពេញមិន​យល់​ស្រប​តាមសំណើ​សុំ​ដោះ​លែង​នៅ​ក្រៅ​ឃុំរបស់​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ជំទាស់​នេះ។

បន្ទាប់​ពី​សវនាការ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​មេធាវី​ការពារ​ក្តី​លោក​ ហុង សុខហួរ គឺ​លោក​ ជួង ជូងី​ បាន​ប្រាប់​ VOA​ ថា​ តុលាការ​ក្រុង​ភ្នំពេញ​បាន​បើក​នីតិវិធី​តុលាការ​ចំនួន​ពីរ​ករណី​លើ​រូប​លោក ​ហុង ​សុខហួរ។​

ទី១​គឺ​ទាក់​ទិន​នឹង​សំណើនៅ​ក្រៅ​របស់​លោក​ តែ​តុលាការ​បាន​បដិសេធ ​ដោយ​លើក​ហេតុផល​ថា ​ការ​ដោះ​លែង​លោក​ ហុង សុខហួរ​ និង​អាច​បង្ក​ឲ្យ​«មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម» ​បើ​ទោះ​ជា​លោក​ស្ថិត​ក្នុង​វ័យ​ចាស់​ និង​មាន​ជំងឺ​បេះ​ដូង​ជា​ប្រចាំ​ក៏​ដោយ។​ ​លោកមេធាវី​បាន​បន្តថា​ ​សវនាការទី​២​គឺ​លើ​រឿង​ក្តី​របស់​លោក​ ហុង សុខហួរ​ ទាក់ទិន​នឹង​ការ​បង្ហោះ​ឯកសារ ​និង​វីដេអូ​ទៅ​លើ​គេហទំព័រ​នា​ខែ​សីហា​កន្លង​ទៅ។​

លោក​ ជួង ជូងី​ បាន​ថ្លែង​ប្រាប់​ VOA​ ថា​ សេចក្តី​សម្រេច​របស់តុលាការ​កាល​ពី​ព្រឹក​នេះ ​គឺ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កូន​ក្តីរបស់លោក​ ​ដោយ​លោក​ ហុង សុខហួរ​ កំពុង​តែ​មាន​ជំងឺបេះ​ដូង​ ហើយ​មាន​វេជ្ជបញ្ជា​ដែល​ទាមទារ​ឲ្យ​មាន​ការពិនិត្យ​តាម​ដាន​ឲ្យ​បាន​ទៀង​ទាត់។លើស​ពី​នេះ​ទៀត​ ​លោក ហុង សុខហួរ​ ក៏បាន​ឯកភាព​ក្នុង​ការ​តម្កល់​ប្រាក់​២០​លាន​រៀល​ និង​លិខិត​ឆ្លងដែន​បារាំង​របស់​លោក​ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះត្រង់​ចំពោះ​តុលាការ។

«គឺ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ទៅ​លើ​សិទ្ធិ​របស់​កូន​ក្តី​ខ្ញុំ​ ដោយ​ហេតុថា​ ​ម្យ៉ាង​គាត់​មាន​ជំងឺ​ ហើយ​ម្យ៉ាង​ទៀត​គាត់​មិន​រត់​ទៅ​ណា​ទេ​ ​គឺ​តុលាការ​មាន​ជម្រើស​ដាក់​លក្ខខណ្ឌ​ ឲ្យ​គាត់​គោរព​តាម​លក្ខខណ្ឌ​របស់​តុលាការ​ ឲ្យ​គាត់​មិន​បង្ក​បញ្ហា​ មិន​រត់​គេច​ខ្លួន​ ប៉ុន្តែ​តុលាការ​មិន​ជ្រើសរើស​វិធានការ​នោះ​ទេ​ បែរ​ជា​បន្ត​ឃុំ​ខ្លួនគាត់​ទៀត។ ​អាហ្នឹង​ហើយ​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​ជាមូលដ្ឋាន​របស់​គាត់​ ​ម្យ៉ាង​វិញ​ទៀត​គាត់​មាន​វ័យ​ចាស់​ហើយ​ឋិត​ក្នុងវ័យ​៦០ឆ្នាំ​ហើយ​ ​គាត់​ត្រូវ​ការ​ការ​ថែទាំពី​គ្រួសារ​ ត្រូវ​ការ​ពេទ្យ​ជំនាញ»។​

លោក​ ហុង សុខហួរ​ ​សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​សម រង្ស៊ី​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាល​ពី​ខែ​សីហា​កន្លង​ទៅ​ ​ពី​បទ​«ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ ​ប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយ​ ​និង​ញុះញង់»​ ក្រោយ​ពេល​ដែល​លោក​បាន​បង្ហោះ​កិច្ច​ព្រមព្រៀង​នាឆ្នាំ​១៩៧៩​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ​ក្នុង​នោះ​លោក​បង្ហាញ​ថា​ វៀតណាម​ចូល​ក្នុង​ទឹក​ដី​កម្ពុជាច្រើន​ជាង​កម្ពុជា​ចូល​ទៅ​វៀតណាម។​ ការ​ចាប់​ខ្លួន​របស់​មន្ត្រី​សំខាន់របស់​គណបក្ស​ជំទាស់​រូប​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​ អង្គការ​សង្គម​ស៊ីវិល​បាន​រិះគន់​យ៉ាង​ខ្លាំង​ទាក់​ទិន​នឹង​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធ​សភា ​ដែល​នៅ​មាន​អភ័យ​ឯកសិទ្ធិ​ ​និងមិន​ត្រឹម​ត្រូវ​តាម​នីតិវិធី​នោះ។​

លោក​ ជួង ជូងី​ បាន​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​បដិសេធសំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​កូន​ក្តី​របស់លោក​នោះ​ ​ តុលាការ​សាលាដំបូង​រាជធានី​ភ្នំ​ពេញ​បាន​បន្តសវនាការ​ទី២ ​ដោយ​សួរ​ដេញ​ដោល​សួរ​លោក​ ហុង​ សុខហួរ​ និង​បង្ហាញ​រូបភាព​វីដេអូ​ ​ដែល​លោក​បាន​បង្ហោះ​ទៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក ជួង ជូងី ​បាន​បញ្ជាក់​ថា ​វីដេអូ​នោះ​គឺ​ដើម្បីផល​ប្រយោជន៍​សង្គម​ និង​ជា​ចំណេះដឹង​ទាក់​ទិន​នឹង​ព្រំដែន​ ក៏​ដូច​ជា​កោះ​ត្រល់​របស់​កម្ពុជា។​

«សម្រាប់​ខ្ញុំ​ជា​មេធាមវី​ វា​មាន​គុណវិបត្តិ​ខ្លះសម្រាប់​កូន​ក្តី​ខ្ញុំ​ តែ​សម្រាប់​សង្គម​វា​មាន​ប្រយោជន៍​មែន​ទែន​ ដើម្បី​ជា​មូល​ដ្ឋាន​ក្នុង​ការ​តាម​ដាន​ និង​ការ​ពិចារណា​របស់​អ្នក​ស្រាវ​ជ្រាវ​ ​ដែល​ចង់​ដឹង​ពី​ការ​វិវឌ្ឍ ​ឬ​ក៏ចង់​ដឹង​ពី​ចំណុចពាក់​ព័ន្ធ​ផែនទី ​ពាន់​ព័ន្ធ​នឹងព្រំដែន​កម្ពុជា​វៀតណាម​ ឬ​ក៏​កោះត្រល់»។​

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ​ដែល​ចេញ​ផ្សាយ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​នេះ​ ​បាន​ឲ្យ​ដឹង​ថា​ លោក ហុង សុខហួរ​ «មាន​ហេតុ​ផលគ្រប់​គ្រាន់​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​សុំ​នៅ​ក្រៅ​ឃុំ»​ ​ដោយ​លោក​បាន​បញ្ជាក់​ពី​បញ្ហា​សុខ​ភាព​ មាន​តួនាទី​ជាក់​លាក់ ​ការ​តម្កល់​ថវិកា​ធានា​ចំនួន​២០​លាន​រៀល​ តម្កល់​លិខិត​ឆ្លង​ដែន​ ​និង​សន្យា​ចូលរួម​តាម​នីតិវិធី​តុលាការ​គ្រប់​ដំណាក់​កាល​ជា​ដើម។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​សរសេរ​ថា៖

«សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​សូម​អំពវ​នាវ​សាជាថ្មី​ម្តង​ទៀ​ត ​សូម​ឲ្យ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ធ្វើ​ការ​ដោះ​លែង​លោក​ ហុង​ សុខហួរ ជា​បណ្តោះ​អាសន្ន​ ដើម្បី​ឲ្យ​លោកមាន​សេរីភាព​ឡើង​វិញ ​តាម​ការ​ស្នើ​សុំ​របស់​លោក​ហុង សុខហួរ»។​

លោក​ នី​ ចរិយា​ ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ ដែល​បាន​ចូល​រួម​ឃ្លាំ​មើល​ដំណើរ​ការ​សវនាការ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​បាន​ថ្លែង​ប្រាប់ ​VOA ​ថា​ ការ​បង្ហាញ​ភស្តុតាង​របស់​តុលាការ​ក្នុង​សវនាការ​នោះ​គឺ​មិន​មាន​ដូចអ្វី​ដែល​តុលាការ​បាន​ចោទថា​ លោក​«ក្លែង​បន្លំ​ឯក​សារ​សាធារណៈ​ ​ប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយ​ ​និង​ញុះញង់​»​នោះ​ទេ​ ​ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​រឿង​ចំណេះ​ដឹង​ទូទៅ​ដល់​យុវ​ជន​ជន​ជំនាន់​ក្រោយ​ទាក់​ទិន​នឹង​ព្រំដែន​និង​កោះ​ត្រល់​តែប៉ុណ្ណោះ។​

​លោក​បាន​បញ្ជាក់​ថា​ ការ​មិន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅឃុំ​នេះ​គឺ​ជា​រឿង​នយោបាយ​សុទ្ធសាធ​ ​ហើយទំនង​ជា​នឹង​ទុក​រូប​លោក​ជា​ការ​ដោះ​ដូរ​ណា​មួយ​រវាង​គណបក្ស​នយោបាយ​ធំ​ទាំង​ពីរក្នុង​ការ​ចចារ​ខាង​មុខ។​

«យើង​ឃើញ​ថា​ ការ​បង្ហា​ញ​ភស្តុតាង​ ​នៅ​ពេល​ដែលសវនាការ​ពេលចាក់​បង្ហាញ​រូប​វីដេអូរបស់​លោក​ ហុង សុខហួរ ​នៅ​ក្នុង​បណ្តាញ​សង្គម​របស់​គាត់​ គឺយើង​ឃើញ​ថា ​ទាំងពាក្យ​សម្តី​ ​ទាំងការ​អំពាវនាវ​គឺគ្មាន​ជា​ហេតុផល​ដែល​នាំ​ឲ្យ​មាន​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ឬ​ក៏​ជា​សកម្មភាព​ដែល​ជា​បទ​ល្មើស​ដែល​មាន​ចែង​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​មាត្រា​ទី​៦២៦​ មាត្រា​៦២៩​ ​និង​ មាត្រា​៦៣០​ទេ»។​

លោក​ នី ចរិយា​ ​បាន​បន្ត​ថា៖​ «នៅ​ពេល​នេះ​ លោក ​ហុង សុខហួរ ​អាច​ជា​ចំណាប់​ខ្មាំង​មួយ​សម្រាប់​ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ធ្វើ​ការ​គាប​សង្កត់​ ​ដាក់​សម្ពាធទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ និង​វិសោធន​កម្ម​ទៅ​លើ​ច្បាប់​បោះ​ឆ្នោត​នោះ​ឯ​ង»។​

យ៉ាង​ហោចណាស់​មាន​សកម្មជន និង​មន្ត្រី​របស់​គណបក្ស​សង្គ្រោះជាតិ​ជាង​១០រូប​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ​និង​កាត់ទោស​ជាបន្ត​បន្ទាប់​ ក្នុង​រយៈ​ពេលប៉ុន្មានខែចុ​ង​ក្រោយនេះ​ ​បន្ទាប់​ពី​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ការ​មន្ទិល​សង្ស័យ​រឿងផែនទី​ និង​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​វៀតណាម​នោះ។​ ​

ថ្មីៗនេះ មេដឹកនាំ​គណបក្ស​កាន់​អំណាច​ និង​គណ​បក្ស​ជំទាស់​ដែល​មាន​កៅ​អី​ក្នុង​រដ្ឋសភា​ បាន​ធ្វើ​ការ​ណាត់​ជួប​គ្នា​ដើម្បី​បន្ត​ពង្រឹង​វប្បធម៌​សន្ទនាដ៏​ផុយ​ស្រួយ​របស់​ខ្លួន​នោះ៕

XS
SM
MD
LG