ពលរដ្ឋជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរីបានតវ៉ាទាមទារសុំដក តំណែងអភិបាលខេត្តនេះ ដែលចោទប្រកាន់ថា លោកបានរំលោភសិទ្ធិជនជាតិដើមភាគតិចក្នុងការជួបជុំសម្តែងមតិ និងការធ្វើជាម្ចាស់ដីធ្លី បន្ទាប់ពីលោកបានឡើងកាន់តំណែងជិតមួយអណត្តិ គឺចាប់ពីក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣មក។ នេះបើតាមការបញ្ជាក់ពីតំណាងប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនង និងមន្ត្រីសិទ្ធិមនុស្សនៅក្នុងខេត្តមណ្ឌលគិរី។
ការទាមទារឲ្យមានការដកហូតតំណែងនេះបានកើតឡើងនៅចំថ្ងៃប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើកទី៣០ ដែលបានធ្វើឡើងកាលពីថ្ងៃច័ន្ទនៅរាជធានីភ្នំពេញ ដោយសកម្មជនសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋាន ហើយនឹងប្រជាពលរដ្ឋខ្មែរដែលបានរងគ្រោះពីការបណ្តេញពីផ្ទះសម្បែងដោយអាជ្ញាធរ។
លោក គ្រើង តុលា វ័យ២៦ឆ្នាំ តំណាងប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនងចំនួន៨៩០នាក់ ដែលបានដាក់ពាក្យប្តឹងមកដល់ក្រសួងមហាផ្ទៃ រដ្ឋសភា និងស្ថាប័នពាក់ព័ន្ធប្រាំពីរផ្សេងទៀត មានប្រសាសន៍ប្រាប់VOA ថា ការប្តឹងនេះ គឺកើតចេញពីការឈឺចាប់របស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចទាំងនោះ ដោយសិទ្ធិមូលដ្ឋាន និងសាកលរបស់ពួកគេត្រូវបានរំលោភបំពានជាច្រើនដង។ លោកថ្លែងថា៖
«ចាប់តាំងពីឯកឧត្តមអេង ប៊ុនហៀងឡើងកាន់តំណែងរហូតដល់បច្ចុប្បន្ន មានការរំលោទសិទ្ធិជនជាតិដើមភាគតិចច្រើនលើកច្រើនសារ ហើយមានការផ្តល់ដីសម្បទានសង្គមកិច្ចក្តី ឬសេដ្ឋកិច្ចក្តី មានការកើនឡើង ដោយប៉ះពាល់ដល់ប្រជាពលរដ្ឋទៅលើវប្បធម៌ដូចជាដីកប់ខ្មោច ដីអារក្ស ដីគ្រោងទុក អញ្ចឹងរាល់សកម្មភាពរបស់ក្រុមហ៊ុនសម្បទាន គាត់មិនដែលសហការជាមួយប្រជាពលរដ្ឋ សិក្សាតំបន់មួយៗ»។
លោកបន្តថា ប្រជាពលរដ្ឋកាន់តែឈឺចិត្តមែនទែន នៅពេលដែលពួកគេត្រូវបានរារាំងដោយអាជ្ញាធរខេត្តមិនឲ្យរៀបចំទិវាសិទ្ធិជនជាតិដើមភាគតិច កាលពីខែសីហាកន្លងទៅ ដែលពេលនោះអាជ្ញាធរមានទាហាន និងប៉ូលិសជាង២០នាក់ មិនអនុញ្ញាតឲ្យពួកគាត់ជួបជុំប្រារព្ធទិវាលក្ខណៈអន្តរជាតិនេះទេ។
លោក គ្រើង តុលា បន្ថែមថា៖
«លោកមេប៉ុស្តិ៍បាននិយាយថា បើហ៊ានសង់រោង ដើម្បីប្រារព្ធហ្នឹង គាត់នឹងដុតឡានដែលយើងដឹករោង ហើយនឹងគាត់នឹងដុតរោងហ្នឹងចោល»។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនងទាំងអស់នេះ រំពឹងទុកជាមុនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងពិចារណាលើការដកតំណែងលោក អេង ប៊ុនហៀង ដើម្បីការពារដល់ភាពស្អាតស្អំនៃមន្ត្រីរដ្ឋាភិបាលផ្សេងទៀតដែលពុំបានបំពានសិទ្ធិជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា។
ទោះបីជាមានការដាក់ពាក្យបណ្តឹងយ៉ាងនេះក៏ដោយ លោកអភិបាលខេត្តមណ្ឌលគិរីអេង ប៊ុនហៀង បានថ្លែងថា លោកមិនទាន់បានឃើញបណ្តឹងនេះទេ ហើយថាលោកមិនបារម្ភពីការបាត់បង់តំណែងរបស់លោកដែរ។ លោកនិយាយថា៖
«ខ្ញុំហ្នឹងគ្មានព្រួយបារម្ភអ្វីទេ ខ្ញុំនឹកឃើញថា ខ្ញុំគ្មានធ្វើអ្វីខុសជាមួយពួកគាត់ផង។ មានតែគាត់ចេះតែជឿតាមការញុះញង់របស់គេអញ្ចឹងទៅ រួចចេះតែថា ដីពាក់ព័ន្ធដីសម្បទានសេដ្ឋកិច្ចនៅកន្លែងណាខ្លះឥឡូវនេះ ព្រោះរាជរដ្ឋាភិបាលគេបានកាត់អាណាដែលពាក់ព័ន្ធ ឥឡូវហ្នឹងគេបានលុបចោលក្រុមហ៊ុនមួយចំនួនទៀតហើយ»។
ទាក់ទិនការចោទថា អាជ្ញាធរខេត្តបានរារាំងមិនឲ្យប្រជាពលរដ្ឋជនជាតិដើមភាគតិចប្រារព្ធទិវាសិទ្ធិរបស់ជនជាតិដើមភាគតិចកាលពីខែសីហា លោកអភិបាលខេត្តថ្លែងថា ប្រជាពលរដ្ឋទាំងនោះ បានធ្វើការប្រារព្ធទិវានេះខុសពីទីតាំងដែលពួកគេបានសុំការអនុញ្ញាតពីអាជ្ញាធរខេត្ត។
ដោយឡែកលោក សុក រដ្ឋា មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស Adhoc ឲ្យដឹងថា ការលើកឡើងរបស់លោកអភិបាលខេត្តដែលថាប្រជាពលរដ្ឋទាំងនោះជឿតាមការញុះញង់របស់ក្រុមឬបុគ្គលណាមួយ ដើម្បីធ្វើការតវ៉ា គឺជាការទម្លាក់កំហុសដាក់គ្នាទៅវិញទៅមករវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ដោយលោកថ្លែង៖
«ភាសាដែលគាត់លើកឡើងនេះ គឺជាភាសាជះទឹកដាក់គ្នា មិនមែនភាសា ក្នុងនាមអាជ្ញាធររដ្ឋ តំណាងឲ្យរាស្រ្ត បម្រើប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវទេ។ តាមពិតបើគាត់លើកឡើងអញ្ចឹង គឺវាមិនត្រឹមត្រូវទេ។ អញ្ចឹងប្រជាពលរដ្ឋដែលយើងឃើញថា សព្វថ្ងៃកន្លង ហើយធៀបនឹងបច្ចុប្បន្ន និងអតីតកាល វាខុសគ្នាឆ្ងាយត្រង់ថា អតីតកាលពួកគាត់ទទួលបានការបណ្តុះបណ្តាលការរៀនសូត្រ ហើយនិងផ្នែកអប់រំផ្សេងៗគឺនៅមានកម្រិត។ ប៉ុន្តែឥឡូវនេះ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋជនជាតិដើមភាគតិច ពួកគាត់មានការយល់ដឹងអំពីផ្លូវច្បាប់ យល់ដឹងអំពីសិទ្ធិមនុស្ស យល់ដឹងអំពីសិទ្ធិជនជាតិដើមរបស់ពួកគាត់ អញ្ចឹងគាត់នាំគ្នាប្រើសិទ្ធិរបស់គាត់ដែលស្របទៅតាមច្បាប់បានចែងឲ្យគាត់ជាពិសេសគឺច្បាប់រដ្ឋធម្មនុញ្ញ និងសេចក្តីប្រកាសជាសាកលស្តីអំពីសិទ្ធិជនជាតិដើមភាគតិច»។
ខេត្តមណ្ឌលគិរីនេះជាខេត្តដាច់ស្រយាលជាប់ព្រំដែននៃប្រទេសវៀតណាមនៅភាគឦសានប្រទេសកម្ពុជា។ ខេត្តនេះត្រូវបានគេស្គាល់សព្វថ្ងៃនេះថា ជាកន្លែងដ៏ល្អមួយសម្រាប់ដំណើរកម្សាន្តព្រៃព្រឹក្សា ហើយក៏ជាកន្លែងដែលសម្បូរទៅដោយសត្វព្រៃ និងទឹកជ្រោះធម្មជាតិផងដែរ។ ទេសភាពពណ៌បៃតងដ៏ស្អាត ភ្នំព្រៃ ដីពណ៌ក្រហម និងកន្លែងដែលកុលសម្ព័ន្ធភ្នំជនជាតិដើមភាគតិចរស់នៅតាមបែបប្រពៃណីនេះគឺជាកត្តាទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកកម្សាន្តនៅក្នុងខេត្តនេះ។
ក៏ប៉ុន្តែ ប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី មិនត្រឹមតែមើលឃើញសោភ័ណភាពស្រស់បំព្រងនៃខេត្តរបស់ពួកគេទេ តែពួកគេក៏បានមើលឃើញថា សិទ្ធិសេរីភាពរបស់ពួកគេក្នុងការតវ៉ាប្រឆាំងនឹងការបំផ្លាញសម្បត្តិធម្មជាតិ និងសិទ្ធិការពារដីធ្លី ត្រូវបានអាជ្ញាធររំលោភបំពានពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើតាមបញ្ជាក់ពីសកម្មជនសិទ្ធិមនុស្សនៅក្នុងខេត្តមណ្ឌលគិរី។ សកម្មជនសិទ្ធិមនុស្សក៏ឲ្យបានដឹងដែរថា អាជ្ញាធរកាន់តែរឹតបន្តឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចមែនទែន ពីព្រោះសូម្បីតែការទៅចូលរួមបណ្តុះបណ្តាលជាមួយនឹងក្រុមសង្គមស៊ីវិលក៏អាជ្ញាធររារាំងដែរ៕