ក្រោយនគរបាលសិង្ហបុរីបានឃាត់ខ្លួនមនុស្ស ១០ នាក់ សង្ស័យក្នុងបទល្មើសលាងលុយកខ្វក់ និងក្លែងបន្លំឯកសារ ដែលក្នុងនោះមានមនុស្ស ៣ នាក់កាន់លិខិតឆ្លងដែនខ្មែរ អាជ្ញាធរកម្ពុជាកំពុងតែស៊ើបអង្កេតករណីនេះ។
អ្នកទាំង ៣ ដែលកាន់លិខិតឆ្លងដែនខ្មែរនោះ ត្រូវបានកំណត់អត្តសញ្ញាណជាឈ្មោះ ហើយពួកគេបានទទួលសញ្ជាតិខ្មែរចន្លោះឆ្នាំ ២០១៨ និងឆ្នាំ ២០១៩។
កាលពីថ្ងៃអង្គារ កម្លាំងនគរបាលសិង្ហបុរី បានឃាត់ខ្លួនមនុស្ស ១០ នាក់ សង្ស័យក្នុងបទល្មើសលាងលុយកខ្វក់ និងក្លែងបន្លំឯកសារ ដែលក្នុងនោះមានមនុស្ស៣នាក់ មានឈ្មោះជាជនជាតិចិន ប៉ុន្តែកាន់លិខិតឆ្លងដែនខ្មែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ប៉ូលិសសិង្ហបុរី ឈ្មោះ Singapore Police Force និងសារព័ត៌មានសិង្ហបុរីឈ្មោះ Channel News Asia ឬហៅថា CNA ចេញផ្សាយនៅថ្ងៃទី ១៦ ខែសីហានេះ។
មនុស្សផ្សេងទៀត មានសញ្ជាតិស៊ីប តួកគី ចិន និង វ៉ានូទូ (Vanuatu)។ ពួកគេត្រូវបានចោទប្រកាន់ កាលពីថ្ងៃទី ១៦ ខែសីហា ក្រោយមានការបង្ក្រាបរបស់ប៉ូលិសសិង្ហបុរី ដែលជាផ្នែកមួយនៃការស៊ើបអង្កេតការលាងលុយកខ្វក់ និងបទល្មើសក្លែងបន្លំឯកសារ។ នេះបើតាមសារព័ត៌មាន CNA។
ពួកគេទាំង ១០ នាក់នោះ មានបុរស ៩ នាក់ និងស្រ្តីម្នាក់ ដែលមានអាយុចន្លោះពី ៣១ ឆ្នាំទៅ ៤៤ ឆ្នាំ។ ទំហំទឹកប្រាក់ ដែលរួមមានអចលនទ្រព្យ រថយន្ត គណនីធនាគារ លុយសុទ្ធ និងរបស់របរផ្សេងៗ ត្រូវបានរឹបអូស ដែលមានតម្លៃប្រមាណ ៧៣៦ លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ប៉ូលិសសិង្ហបុរី។
បើតាមសារព័ត៌មាន CNA អ្នកកាន់លិខិតឆ្លងដែនខ្មែរមាន ៣ នាក់ គឺមានឈ្មោះ ស៊ូ បោវលីន (Su Baolin) អាយុ ៤១ ឆ្នាំ ដែលត្រូវបានចោទប្រកាន់ក្លែងបន្លំឯកសារ។ ម្នាក់ទៀតឈ្មោះ ចិន គីងយ៉ាន (Chen Qingyuan) អាយុ ៣៣ ឆ្នាំ រងការចោទប្រកាន់ថាលាងលុយកខ្វក់ និងអ្នកទីបីឈ្មោះ ស៊ូ វិនឈៀង (Su Wenqiang) អាយុ ៣១ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងនៅថ្ងៃសុក្រនេះថា អាជ្ញាធរកម្ពុជាមិនទាន់ទទួលបានព័ត៌មានផ្លូវការពីភាគីសិង្ហបុរីនៅឡើយទេលើករណីនេះ។
លោកប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមជាអក្សរថា៖ «យើងទទួលបានដំណឹងនេះ តាមរយៈសារព័ត៌មានដែរ និងមិនទាន់បានទទួលការជូនដំណឹងជាផ្លូវការពីអាជ្ញាធរសិង្ហបុរីនៅឡើយ»។
បើតាមព្រះរាជក្រឹត្យដែលវីអូអេបានពិនិត្យ លោក ចិន គីងយ៉ាន (Chen Qingyuan) ជនជាតិចិនមកពីខេត្តហ្វូជៀន [Fujian] ទទួលបានសញ្ជាតិខ្មែរ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៨។ លោក ស៊ូ បោវលីន (Su Baolin) ជនជាតិចិន មកពីខេត្តហ្វូជៀន ទទួលបានសញ្ជាតិខ្មែរ នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ និងឈ្មោះ ស៊ូ វិនឈៀង (Su Wenqiang) ជនជាតិចិន មកពីខេត្តហ្វូជៀន ទទួលបានសញ្ជាតិខ្មែរ នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៩។
វីអូអេមិនទាន់ទទួលបានការឆ្លើយតបជាសារ អ៊ីម៉ែលពីស្ថានទូតសិង្ហបុរី និងស្ថានទូតចិនប្រចាំកម្ពុជា បាននៅឡើយទេ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក កត់សម្គាល់ថា ករណីជនបរទេសចិនប្រើប្រាស់លិខិតឆ្លងដែនកម្ពុជាដែលប្រព្រឹត្តបទល្មើស ក៏ធ្លាប់កើតម្តងរួចមកលើទឹកដីប្រទេសថៃ កាលពីឆ្នាំ ២០២២។ លោកជំរុញឱ្យអាជ្ញាធរកម្ពុជាត្រូវតែពិនិត្យលើគុណសម្បត្តិរបស់ជនបរទេសឱ្យបានច្បាស់ មុននឹងផ្តល់សញ្ជាតិខ្មែរ ដើម្បីកុំឱ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលកម្ពុជា។
លោកថ្លែងថា៖ «បើអាចបញ្ឈប់បាន សូមបញ្ឈប់ការផ្តល់សញ្ជាតិឱ្យជនបរទេស ដែលមិនមានគុណសម្បត្តិអ្វីក្នុងការចូលរួមជួយកសាងប្រទេសជាតិតាមរូបភាពមនុស្សធម៌ ជាជាងឱ្យទៅជនដែលយកលុយមកទិញសញ្ជាតិ។ ហើយការដែលប្រើប្រាស់លុយទិញសញ្ជាតិបាននេះ វាធ្វើឱ្យមានការប៉ះពាល់ទៅដល់មុខមាត់របស់ប្រទេសយើង ក៏ដូចជារដ្ឋាភិបាលប្រទេសយើងលើឆាកអន្តរជាតិ»។
តាមការផ្សាយរបស់សារព័ត៌មាន Bangkok Post របស់ថៃ កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២២ លោក ស៊ឺ ជីជាំង (She Zhijiang)ជាអ្នកជំនួញជនជាតិចិនម្នាក់ដែលបានទទួលសញ្ជាតិខ្មែរ បានរត់គេចពីអាជ្ញាធរចិនចាប់តាំងពីឆ្នាំ ២០១២ ប៉ុន្តែត្រូវអាជ្ញាធរថៃចាប់ខ្លួន ក្នុងទឹកដីថៃ តាមដីកាចាប់ខ្លួនអន្តរជាតិពីបទ «បើកកាស៊ីណូអនឡាញខុសច្បាប់»។
រដ្ឋាភិបាលកម្ពុជាអាចផ្តល់សញ្ជាតិឱ្យជនបរទេសបាន ប្រសិនបើបុគ្គលណាម្នាក់បរិច្ចាគប្រាក់យ៉ាងហោចណាស់ ២៥ ម៉ឺនដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយរបស់ Bangkok Post កាលពីខែសីហា ឆ្នាំ ២០២២។
លោក តុប នេត អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ករណីនគរបាលសិង្ហបុរីឃាត់ខ្លួនមនុស្ស ដែលមានទាំងអ្នកកាន់លិខិតឆ្លងដែនកម្ពុជា គឺអាជ្ញាធរកម្ពុជាមិនទាន់ទទួលបានព័ត៌មានផ្លូវការពីសិង្ហបុរីនៅឡើយទេ។ ប៉ុន្តែលោកថា អាជ្ញាធរកម្ពុជាកំពុងតែស្រាវជ្រាវករណីនេះ។
លោកថ្លែងថា៖ «យើងកំពុងស្រាវជ្រាវដែរ ព្រោះឯកសាររបស់គាត់យើងកំពុងពិនិត្យមើល [គឺ] ឯកសារផ្លូវការ វាមិនទាន់មកដល់។ យើងកំពុងស្រាវជ្រាវឱ្យជាក់លាក់សិន»។
លោក តុប នេត បញ្ជាក់ថា ការផ្តល់សញ្ជាតិឱ្យជនបរទេស គឺអាជ្ញាធរកម្ពុជាតែងតែអនុវត្តត្រឹមត្រូវតាមច្បាប់ស្តីពីសញ្ជាតិ។ លោកថា លក្ខខណ្ឌសុំចូលសញ្ជាតិខ្មែរមានច្រើន ដូចជាសញ្ជាតិខ្មែរពីកំណើត តាមរយៈការរៀបអាពាហ៍ពិពាហ៍ និងតាមរយៈការផ្តល់សញ្ជាតិតូបនីយកម្មជាដើម។
ចំពោះជនបរទេសណាដែលបានធ្វើអំណោយជាសាច់ប្រាក់ដែលមានផលប្រយោជន៍សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពួកគេអាចដាក់ពាក្យសុំចូលសញ្ជាតិខ្មែរបាន ប៉ុន្តែជននោះក៏ត្រូវបំពេញលក្ខខណ្ឌមួយចំនួនទៀតផងដែរ។ នេះបើតាមលោក តុប នេត។ ប៉ុន្តែលោកបដិសេធមិនបញ្ជាក់ចំនួនទឹកប្រាក់ ដែលជនបរទេសត្រូវផ្តល់ជាអំណោយក្នុងទំហំប៉ុនណា ទើបអាចស្នើសុំសញ្ជាតិខ្មែរបាន៕