អាជ្ញាធរពាក់ព័ន្ធកំពុងបន្តស៊ើបអង្កេតករណីមួយដែលមនុស្ស ៥ នាក់ប្រដាប់ដោយអាវុធបានសម្រុកចូលទៅគ្លីនិកព្យាបាលធ្មេញមួយកន្លែងនៅក្នុងខេត្តសៀមរាប ដើម្បីរំដោះអ្នកទោសជាជនជាតិចិនម្នាក់ដែលត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលធ្មេញនៅទីនោះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣។
វីដេអូមួយត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម Facebook (ហ្វេសប៊ុក) ដោយបង្ហាញអំពីសកម្មភាពមនុស្សមួយក្រុមមានគ្នា៥នាក់បានភ្ជង់កាំភ្លើងទៅនគរបាល៤នាក់ ដែលកំពុងអង្គុយនៅគ្លីនិកធ្មេញមួយកន្លែង។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅគ្រាដែលមន្ដ្រីពន្ធនាគារ៤នាក់បានបញ្ជូនអ្នកទោសជាជនជាតិចិនរូបនោះទៅគ្លីនិកធ្មេញ ហើយអង្គុយរង់ចាំការព្យាបាល។ នៅពេលកំពុងអង្គុយចាំពេទ្យព្យាបាលធ្មេញ ស្រាប់តែមានជនពាក់របាំងមុខប្រដាប់ដោយអាវុធភ្ជង់កាំភ្លើងទៅកាន់នគរបាល និងបានចងដៃមន្រ្តីប៉ូលិសផងដែរ ហើយពួកគេបានសម្រុកចូលទៅរំដោះជនជាតិចិនម្នាក់នោះ។
លោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ប្រាប់វីអូអេថា ពិតជាមានករណីរំដោះអ្នកទោសជនជាតិចិនពិតមែន ដោយលោកថា អាជ្ញាធរកំពុងតែស៊ើបអង្កេតករណីនេះ។ លោកបន្ថែមថា លោកមិនទាន់អាចបញ្ជាក់អំពីមូលហេតុដែលក្រុមប្រដាប់អាវុធទាំងនោះដឹងថាអ្នកទោសត្រូវបានយកមកព្យាបាលធ្មេញនៅគ្លីនិកឯកជននោះនៅឡើយទេ។
លោកថ្លែងថា៖ «ហើយស្អីៗផ្សេងទៀត ខ្ញុំអត់ទាន់អាចបង្ហាញបានទេ ដោយសារយើងស្ថិតនៅក្នុងនីតិវិធី...យើងកំពុងតាមប្រមាញ់ចាប់ជនឧក្រិដ្ឋនោះមកវិញ»។
លោក ជុំ ចិន្តា ម្ចាស់គ្លីនិកធ្មេញដែលអ្នកទោសជនជាតិចិនត្រូវបានបញ្ជូនទៅទទួលការព្យាបាលនៅទីនោះ បានប្រាប់វីអូអេថា នៅម៉ោងប្រមាណជាង ៨ ព្រឹក ថ្ងៃទី ១៧ ខែសីហា ក្រុមប្រដាប់អាវុធបានចូលទៅក្នុងគ្លីនិករបស់លោក ដើម្បីរំដោះអ្នកទោសម្នាក់ជាជនជាតិចិន។ លោកបន្ថែមថា មិនមានការផ្ទុះអាវុធអ្វីឡើយ ហើយក៏គ្មានគ្រោះថ្នាក់អ្វីដែរ។ លោកបានថ្លែងបន្ថែមថា ក្រុមប្រដាប់អាវុធទាំងនោះចងដៃក្រុមប៉ូលិស ហើយនាំអ្នកទោសចេញទៅបាត់។
លោក ជុំ ចិន្តា ប្រាប់វីអូអេថា៖ «ក្រុមឧក្រិដ្ឋជនហ្នឹង វាមានកាំភ្លើងនៅក្នុងដៃ នៅពីក្រោយខ្នងប៉ូលិសបាត់ហើយ។ វានៅជិតខ្ញុំប្រហែល ១ ម៉ែត្រ ….ខ្ញុំធ្វើមិនដឹងមិនឮ ខ្ញុំបែរខ្លួនមកប៉ូលិសវិញ ក៏ពួកវាចេញទៅបាត់ទៅ»។
បើតាមសារព័ត៌មាន Freshnews ក្រុមខ្មាន់កាំភ្លើងបានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពាក់ផ្លាកលេខភ្នំពេញ 2AA-4315 ហើយគេចខ្លួនបាត់ ប៉ុន្តែសមត្ថកិច្ចបានប្រទះឃើញរថយន្ត និងអាវុធដែលក្រុមឧក្រិដ្ឋជនយកទៅប្លុងចោល។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបាននៅឡើយទេ។
លោក ដា ចំរើន អធិការនគរបាលក្រុងសៀមរាបបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយភ្លាមៗទេ ដោយថាកំពុងជាប់បេសកកម្ម។
ចំណែកលោក ភាន ឆវ័ន្ត ប្រធានពន្ធនាគារខេត្តសៀមរាប ប្រាប់វីអូអេថា លោកមិនអាចផ្តល់ការអត្ថាធិប្បាយអ្វីឡើយ ដោយសារតែលោកមិនដឹងករណីនេះច្បាស់ទេ ខណៈលោកជាប់បេសកកម្មហ្វឹកហ្វឺន ហើយកំពុងតែធ្វើដំណើរត្រឡប់ទៅខេត្តសៀមរាបវិញ។
បើតាមរបាយការណ៍របស់នគរបាល ជនជាតិចិនដែលត្រូវបានរំដោះនោះ មានឈ្មោះ Chen Hsin Han អាយុ ៤៥ ឆ្នាំ ដែលត្រូវបានឃុំខ្លួនតាំងពីខែកុម្ភៈ ឆ្នាំ ២០០៩ ពីបទជួញដូរគ្រឿងញៀន ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥២ ឆ្នាំ។ ជនជាតិចិននោះត្រូវបានបញ្ជូនចេញពីពន្ធនាគារទៅគ្លីនិកធ្មេញ ដោយសារឈឺចាប់មាត់ធ្មេញពិបាកបរិភោគអាហារ។ នេះបើយោងតាមលិខិតស្នើសុំបញ្ជូនជនជាប់ឃុំចុះថ្ងៃទី ១៦ ខែសីហា ដែលវីអូអេទទួលបាន៕