ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់ពាន់​នាក់​ចូលរួម​តាម​បណ្តាញ​អនឡាញ​ដើម្បី​ជួយ​ពលរដ្ឋ​អ៊ុយក្រែន​ដែល​ភៀសខ្លួន​ពី​សង្គ្រាម


ពលរដ្ឋអ៊ុយក្រែនបានភៀសខ្លួនដោយធ្វើដំណើរតាមដងផ្លូវឆ្លងកាត់ព្រំដែនចូលក្នុងប្រទេស Moldova ក្បែរច្រកព្រំដែន Mayaky-Udobne ក្នុងប្រទេសអ៊ុយក្រែន ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២។
ពលរដ្ឋអ៊ុយក្រែនបានភៀសខ្លួនដោយធ្វើដំណើរតាមដងផ្លូវឆ្លងកាត់ព្រំដែនចូលក្នុងប្រទេស Moldova ក្បែរច្រកព្រំដែន Mayaky-Udobne ក្នុងប្រទេសអ៊ុយក្រែន ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២។

ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ប្រកាស​សង្រ្គាម​តាម​សុន្ទរកថា​របស់​លោក​លើ​ទូរទស្សន៍​ កាលពី​មុន​ព្រឹក​ព្រលឹម​ថ្ងៃព្រហស្បតិ៍ ​ទី​ ២៤ កន្លង​ទៅ​នេះ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ដែល​រស់នៅ​ក្នុង​បណ្តា​ប្រទេសជិតខាង​ប្រទេស​អ៊ុយក្រែន បាន​ចាប់ផ្តើម​បង្កើត​ក្រុម​តាមអនឡាញ​ដើម្បី​គាំទ្រ​ដល់​ជន​ភៀស​ខ្លួន​អ៊ុយក្រែន។

គិតត្រឹម​ល្ងាច​ថ្ងៃសុក្រ ទី​ ២៥ ខែ​កុម្ភៈ​នេះ មាន​មនុស្ស​យ៉ាងតិចណាស់​ ១ សែន​នាក់ បាន​ចុះ​ឈ្មោះ​ចូល​ជា​សមាជិកក្រុម​ផ្សេងៗនៅ​លើ​ Facebook និង​បណ្តាញ​សង្គម​ផ្សេងៗ​ទៀត ដោយ​ផ្តល់​ប្រាក់កាស​ផ្ទះ​សម្បែង និង​សេវា​ដឹក​ជញ្ជូន​ប្រជា​ពលរដ្ឋ​អ៊ុយក្រែន​ដែល​ភៀសខ្លួន​ចេញ​ពី​ការ​ឈ្លានពាន​របស់រុស្ស៊ី។

គិតត្រឹម​ថ្ងៃសុក្រ​ ប្រជាពលរដ្ឋ​អ៊ុយក្រែន​រាប់ម៉ឺន​នាក់​ភាគច្រើន​ជា​ស្ត្រី និង​កុមារ បាន​ឆ្លងដែល​ចូល​ទៅ​ក្នុង​ប្រទេស​ប៉ូឡូញ រូម៉ានី ហុងគ្រី និង​ប្រទេស​ស្លូវ៉ាគី ខណៈ​ដែលយោធា​រុស្ស៊ីបាន​បាញ់​មីស៊ីល​លើ​រដ្ឋធានី​កៀវ ហើយ​ចំណែក​បុរស​អ៊ុយក្រែនវិញ ដែល​មាន​អាយុ​អាច​ប្រយុទ្ធ​បាន ត្រូវ​បាន​រដ្ឋាភិបាល​បង្គាប់ឱ្យ​បន្ត​ស្ថិត​នៅ​ក្នុង​ប្រទេស។

អ្នកស្រី Malgorzata Krentowska គឺជា​ពលរដ្ឋ​ប៉ូឡូញ​ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប៉ូឡូញ​ជាច្រើន ​ដែល​បាន​ចូលរួម​ជា​សមាជិក​ក្នុង​ក្រុម​មួយ​នៅលើ​បណ្តាញ​សង្គម Facebook ដែល​មាន​សមាជិក ៣.៥០០ ​នាក់។ អ្នកស្រី​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Facebook ថា៖ «អ៊ុយក្រែន ខ្ញុំ​នឹង​ជួយ​អ្នក!» ដោយ​អ្នកស្រី​បាន​ផ្តល់​ផ្ទះ​ល្វែង​ដែល​មិនមាន​អ្នក​ស្នាក់​នៅ​មួយ​ខ្នង​នៅ​ភាគខាងត្បូង​ប្រទេស​ប៉ូឡូញ​ឲ្យ​ជនភៀសខ្លួន​អ៊ុយក្រែន​ស្នាក់នៅ បើសិនជា​ពួកគេ​ត្រូវការ។

អ្នកស្រី​បាន​សរសេរ​បន្ថែម​ទៀត​ថា៖

«ជីដូន​របស់​ខ្ញុំ​បាន​កើត​នៅ​ទីនោះ [អ៊ុយក្រែន]​ ក្នុង​ឆ្នាំ​១៩១២ ហើយ​ម្តាយ​របស់​ខ្ញុំ ធ្លាប់​ប្រាប់​ខ្ញុំ​ពី​រឿង​និទាន​របស់​រុស្ស៊ី​ដែល​ខ្ញុំ​នៅតែ​ចងចាំ​យ៉ាងច្បាស់។ បើ​អ្នក​ណា​ចង់​ស្នាក់​នៅ​ទី​នោះ ខ្ញុំ​ឲ្យ​កូនសោ​ផ្ទះ​នោះ​ទៅ​អ្នក​បាន។ នៅ​ទីនោះ មាន​ទឹក​ត្រជាក់ និង​អគ្គិសនី»។

ពលរដ្ឋអ៊ុយក្រែនបានភៀសខ្លួនឆ្លងកាត់ច្រកព្រំដែន Medyka ចូលក្នុងប្រទេសប៉ូឡូញ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២។
ពលរដ្ឋអ៊ុយក្រែនបានភៀសខ្លួនឆ្លងកាត់ច្រកព្រំដែន Medyka ចូលក្នុងប្រទេសប៉ូឡូញ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២។

ក្រុម​មួយ​ទៀតនៅ​លើ​បណ្តាញ​សង្គម Facebook ​ឈ្មោះ​ថា 'Aid to Ukraine' ដែល​មាន​ន័យ​ថា «ជំនួយ​ដល់​អ៊ុយក្រែន» មាន​មនុស្ស​ចុះ​ឈ្មោះ​ជា​សមាជិក​ជិត​ ១ សែន ៤ ពាន់​នាក់ ចាប់តាំង​ពី​ក្រុម​នេះ ត្រូវបាន​បង្កើត​ឡើង​ដោយ​សហគ្រិន​ជនជាតិ​ប៉ូឡូញ ម្នាក់ គឺ​អ្នកស្រី Marta Lisowska កាលពី​ថ្ងៃព្រហស្បតិ៍​ទី ២៤ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។

អ្នកស្រី Lisowska បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មានReuters ថា ការ​ស្លាប់​របស់​ម្តាយ​អ្នកស្រី បាន​ជំរុញ​ឱ្យ​អ្នកស្រី​ជួយ​មនុស្ស​ដទៃ ហើយ​ឆាប់ៗ​នេះ​អ្នកស្រី​សង្ឃឹម​ថា នឹង​បាន​ស្វាគមន៍​ជនភៀសខ្លួន​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ល្វែង​ចាស់មួយរបស់​អ្នកស្រី​នៅ​ក្រុង Gdansk នៅ​លើ​ឆ្នេរ​សមុទ្រ​បាល់ទិក។

ក្រុម 'Host a Sister' ដែល​មាន​ន័យ​ថា «ធ្វើជា​ម្ចាស់​ផ្ទះ​ទទួល​បង​ប្អូន​ស្រី» ដែល​ជា​បណ្តាញ​ជួយ​សមាជិក​ផ្តល់​កន្លែង​ស្នាក់នៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​មិន​គិត​ថ្លៃ បាន​បន្ថែម​សមាជិក​ថ្មី​ចំនួន​ ១ ម៉ឺននាក់ នៅក្នុង​សប្តាហ៍​ចុងក្រោយ​នេះ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុម​នេះ ខណៈ​ដែល​ស្ត្រី​មកពី​ប្រទេស​ជិតខាង​ប្រញាប់​ប្រញាល់ ផ្តល់​ផ្ទះ​របស់​ពួកគេ​ឲ្យ​ជនភៀសខ្លួន​ស្នាក់នៅ។

ទន្ទឹម​នឹង​នេះ​ផងដែរ នៅក្នុង​ទីក្រុង Poznan ក្រុម​ដែល​មាន​សមាជិក​ ៧០០​ នាក់ ​ដែល​មាន​ឈ្មោះ​ថា 'Kejterski Patrol' បាន​ផ្តល់​ជំនួយ​ដល់​មនុស្ស​ដែល​រត់គេច​ជាមួយ​សត្វឆ្កែ​ចិញ្ចឹម​របស់​ពួកគេ​ដោយ​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះ​អាសន្ន និង​ជួយ​បណ្តើរសត្វ​ទាំង​នោះ​ចេញ​ក្រៅផងដែរ៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG