រុស្ស៊ីកាលពីថ្ងៃសុក្រ បានបោះឆ្នោតរាំងខ្ទប់ (វ៉េតូ) សេចក្តីសម្រេចមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីថ្កោលទោស និងបញ្ឈប់ការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែន ក៏ប៉ុន្តែប្រទេសជាច្រើននិយាយថា ពួកគេនឹងព្យាយាមរកមធ្យោបាយឱ្យរុស្ស៊ីទទួលខុសត្រូវពីសមាជិកទាំងអស់របស់អង្គការពិភពលោកនេះ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិវិញ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោកស្រី Linda Thomas-Greenfield បានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខថា៖ «ខ្ញុំសូមនិយាយឱ្យចំថា៖ សូមបោះឆ្នោតយល់ព្រម ប្រសិនបើអ្នកជឿលើការលើកតម្កើងធម្មនុញ្ញអង្គការសហប្រជាជាតិ។ សូមបោះឆ្នោតយល់ព្រម ប្រសិនបើអ្នកគាំទ្រសិទ្ធិមានអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់អ៊ុយក្រែន ឬរដ្ឋណាក៏ដោយ។ សូមបោះឆ្នោតយល់ព្រម ប្រសិនបើអ្នកជឿថា រុស្ស៊ីត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។
លោកស្រីបន្តថា៖ «សូមបោះឆ្នោតមិនយល់ព្រម ឬអនុប្បវាទ ប្រសិនបើអ្នកមិនលើកតម្កើងធម្មនុញ្ញអង្គការសហប្រជាជាតិទេនោះ និងចង់នៅខាងសកម្មភាពដ៏គឃ្លើនរបស់រុស្ស៊ីដែលមិនមានការបង្កហេតុ។ ដូចរុស្ស៊ីដែរ អ្នកក៏មានជម្រើសដូចគ្នា។
ខ្លឹមសារអត្ថបទសេចក្តីសម្រេចនោះ ដែលត្រូវបានព្រាងដោយសហរដ្ឋអាមេរិក និងប្រទេសអាល់បានី បានទទួលការគាំទ្រពីសមាជិក១១ នៃសមាជិកសរុប១៥របស់ក្រុមប្រឹក្សាសន្តិសុខ។ ចិន ឥណ្ឌា និងអេមីរ៉ាតអារ៉ាប់រួម បានបោះឆ្នោតអនុប្បវាទ។ សេចក្តីសម្រេចមួយត្រូវការសំឡេងឆ្នោតគាំទ្រចំនួន៩សំឡេង និងមិនត្រូវមានសំឡេងប្រឆាំងវ៉េតូទេ ទើបអាចត្រូវអនុម័តបាន។
ឯកអគ្គរាជទូតន័រវែសលោកស្រី Mona Juul បានចោទសួរថា តើឯកអគ្គរដ្ឋទូតរុស្ស៊ី គួរត្រូវបានគេអនុញ្ញាតឱ្យបោះឆ្នោតដែរឬទេ?
លោកស្រីថ្លែងថា៖ «សំឡេងឆ្នោតប្រឆាំងវ៉េតូដែលបោះដោយភាគីដែលឈ្លានពាន នឹងធ្វើឲ្យខូចខាតដល់គោលបំណងរបស់ក្រុមប្រឹក្សានេះ។ វាជាការរំលោភលើមូលដ្ឋានគ្រឹះរបស់ធម្មនុញ្ញសហប្រជាជាតិតែម្តង។ ម៉្យាងទៀត ក្នុងស្មារតីនៃធម្មនុញ្ញនេះ រុស្ស៊ីដែលជាភាគីមួយ គួរតែបោះឆ្នោតអនុប្បវាទលើសេចក្តីសម្រេចនេះ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Vassily Nebenzia ដែលចៃដន្យជាប្រធាននៃក្រុមប្រឹក្សាសន្តិសុខក្នុងខែនេះផងនោះ បានធ្វើជាអធិបតីនៃកិច្ចប្រជុំខណៈរដ្ឋាភិបាលរបស់លោកត្រូវគេថ្កោលទោសយ៉ាងច្រើន។ ក្នុងនាមជាប្រធានអង្គប្រជុំ លោកត្រូវអានឈ្មោះប្រទេសរាប់សិបដែលបានគាំទ្រសេចក្តីសម្រេចដើម្បីថ្កោលទោសរដ្ឋាភិបាលក្រុងមូស្គូ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ មានប្រទេសជាង៨០បានគាំទ្រសេចក្តីសម្រេចនេះ។
លោក Nebenzia បានច្រានចោលសេចក្តីសម្រេចនេះដោយថាវាមិនគ្រាន់តែ«ប្រឆាំងរុស្ស៊ី» ប៉ុន្តែថែមទាំងប្រឆាំងនឹងពលរដ្ឋអ៊ុយក្រែនទៀត ដោយសារលោកថាសេចក្តីសម្រេចនេះផ្ទុយពីផលប្រយោជន៍របស់ពលរដ្ឋអ៊ុយក្រែន។
លោកថ្លែងថា៖ «សេចក្តីព្រាងសេចក្តីសម្រេចថ្ងៃនេះ គឺសេចក្តីព្រាងសេចក្តីសម្រេចរបស់អ្នកនោះ មិនមានអ្វីក្រៅតែពីជាជំហានឃោរឃៅ និងអមនុស្សធម៌មួយទៀតនៅក្នុងល្បែងអុកនៅអ៊ុយក្រែននេះ។
លោកបានបដិសេធថា រដ្ឋាភិបាលទីក្រុងមូស្គូមិនមែនធ្វើសង្គ្រាមប្រឆាំងនឹងពលរដ្ឋអ៊ុយក្រែនទេ ប៉ុន្តែកំពុងតែធ្វើ«ប្រតិបត្តិការពិសេស» ប្រឆាំងនឹងអ្នកជាតិនិយម ដើម្បីការពារពលរដ្ឋនៅភាគខាងកើតអ៊ុយក្រែនទៅវិញ។
លោក Nebenzia ថ្លែងថា៖ «គោលដៅទាំងនេះនឹងត្រូវបានសម្រេច ហើយប្រជាពលរដ្ឋអ៊ុយក្រែននឹងទទួលបានឱកាសជាថ្មីដើម្បីអាចសម្រេចចិត្តដោយឯករាជ្យពីអនាគតរបស់ពួកគេ។»
ដោយឡែក ស្របពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកំពុងជួបប្រជុំគ្នា ដើម្បីធ្វើសេចក្តីសម្រេចថ្កោលទោសរុស្ស៊ីចំពោះការវាយប្រហារលើប្រទេសអ៊ុយក្រែននោះ នៅខាងក្រៅទីស្នាក់ការអង្គការពិភពលោកនេះក្នុងបូរី New York មានពលរដ្ឋអ៊ុយក្រែននាំគ្នាកាន់បដាថ្កោលទោសរុស្ស៊ីចំពោះការឈ្លានពានចូលប្រទេសរបស់ពួកគេ៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះ ចេញពីក្រុមផ្សាយវីអូអេជាភាសាខ្មែរ។