ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ព្រមាន​អំពី​យុទ្ធនាការ​ប្រឌិត​ព័ត៌មាន​របស់​ចិន​លើ​សាកលលោក


ប្រធានាធិបតីចិនលោក Xi Jinping ក្នុងអំឡុងពិធីមួយមុនពិធីបុណ្យជាតិរបស់ចិន នៅទីលាន Tiananmen ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣។
ប្រធានាធិបតីចិនលោក Xi Jinping ក្នុងអំឡុងពិធីមួយមុនពិធីបុណ្យជាតិរបស់ចិន នៅទីលាន Tiananmen ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​ជា​លើក​ដំបូង​បង្អស់​មួយ​របស់​ខ្លួន​អំពី​កិច្ច​ប្រឹងប្រែង​កើនឡើង​របស់​រដ្ឋាភិបាល​ចិន​ នៅ​ក្នុង​ការ​កែប្រែ​ឡើង​វិញ​នូវ​ការយល់​ដឹងរបស់​ពិភពលោក​អំពី​ប្រទេស​ចិន ដោយ​ចំណាយ​អស់​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

កិច្ច​ប្រឹងប្រែង​នេះ​រួម​មាន​ដូចជា ​ការ​ទិញ​ខ្លឹមសារ​រឿង​នានា ការ​បង្កើត​ទំព័រ​បណ្ដាញ​សង្គម​អនឡាញ​ក្លែងក្លាយ​ដើម្បី​ចែក​ផ្សាយ​សារ​របស់​រដ្ឋាភិបាល​ចិន និង​ការ​ប្រើ​ការ​គាប​សង្កត់ដើម្បី​លុប​ចោល​ទំព័រ​បណ្ដាញ​សង្គម​អនឡាញ​ណា ​ដែល​ខ្លួន​មិន​ពេញចិត្ត​ជាដើម។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា យុទ្ធនាការ​ព័ត៌មាន​សាកល​របស់​រដ្ឋាភិបាល​ចិន​នៅ​ទី​បំផុត​អាច​ធ្វើ​ឱ្យ​ប្រែប្រួល​ដល់​ការ​សម្រេច​ចិត្ត​នានា​នៅ​លើ​ពិភពលោក​និង​បំផ្លាញ​ដល់​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក។

រដ្ឋាភិបាល​ចិន​បាន​រិះគន់​លើ​របាយការណ៍​នេះ ដោយ​ហៅ​របាយការណ៍​នេះ​ថា «ជា​របាយការណ៍​ព័ត៌មាន​ប្រឌិត​ដោយសារតែ​វា​បង្ហាញ​ខុស​ពី​ការ​ពិត​និង​សច្ចភាព»។ អ្នក​នាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​និយាយ​ថា របាយការណ៍​នេះ «គឺ​គ្រាន់តែ​ជា​ឧបករណ៍​មួយ​ទៀត​តែ​ប៉ុណ្ណោះ​ដើម្បី​ធ្វើ​ឱ្យ​ចិន​ចុះ​ខ្សោយ​និង​ទ្រទ្រង់​អនុត្តរភាព​របស់​សហរដ្ឋ​អាមេរិក»៕

XS
SM
MD
LG