ការស្ទង់មតិផ្លូវការមួយរបស់ចិនបានបង្ហាញថា សកម្មភាពរោងចក្ររបស់ប្រទេសចិនមានការរីកចម្រើនជាលើកដំបូងបង្អស់នៅក្នុងរយៈពេល ៦ ខែចុងក្រោយនេះ។ វាជាសញ្ញាមួយទៀតដែលបង្ហាញថា សេដ្ឋកិច្ចរបស់ចិន ដែលជាសេដ្ឋកិច្ចធំជាងគេបង្អស់ទីពីរនៅលើពិភពលោក កំពុងមានភាពប្រសើរទៅមុខជាបណ្ដើរៗបន្ទាប់ពីមានភាពរអាក់រអួលនៅក្រោយវិបត្តិជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ការិយាល័យស្ថិតិរបស់រដ្ឋាភិបាលចិននិងក្រុមឧស្សាហកម្មផ្លូវការមួយបានបញ្ជាក់កាលពីថ្ងៃទី ៣០ ខែកញ្ញាថា សន្ទស្សន៍សកម្មភាពសេដ្ឋកិច្ចផ្នែកផលិតកម្មប្រចាំខែរបស់ចិនបានកើនដល់ ៥០,២% នៅក្នុងខែកញ្ញាពីចំនួន ៤៩,៧% នៅក្នុងខែសីហាក្នុងកម្រិតពិន្ទុ ១០០។ តួលេខលើសពី ៥០ បង្ហាញថាសកម្មភាពមានការកើនឡើង។
សន្ទស្សន៍សមាសភាគសរុបបានកើនពីចំនួន ៥១,៣ ដល់ ៥២។ ការសម្ដែងឡើងរបស់ផ្នែកខ្លះបានបង្ហាញថាមានការរើបឡើងវិញ ដែលក្នុងនោះរួមមានទាំងនៅក្នុងផ្នែកទិន្នផលរោងចក្រនិងការលក់រាយផងដែរ។
លោក Zhao Qinghe ដែលជាអ្នកស្ថិតិជាន់ខ្ពស់នៃការិយាល័យជាតិស្ថិតិចិន បាននិយាយថា ឧស្សាហកម្មផលិតកម្មនៅប្រឈមនឹងការលំបាកខ្លះនៅក្នុងការរើបឡើងវិញនិងការអភិវឌ្ឍ។
តាំងពីពេលដែលរដ្ឋាភិបាលចិនបានដកចេញនូវការដាក់កំហិតទាក់ទិននឹងជំងឺកូវីដ១៩ មក ថ្នាក់ដឹកនាំចិនបានព្យាយាមជំរុញសេដ្ឋកិច្ចទៅមុខដោយវិធានការជាច្រើន និងបានសន្យាគាំទ្រសហគ្រិនណាដែលបង្កើតការងារនិងទ្រព្យសម្បត្តិ។
ការសម្ដែងឡើងនៅក្នុងផ្នែកខ្លះបានបង្ហាញនូវការវិវឌ្ឍទៅមុខ ដែលក្នុងនោះរួមមានទាំងនៅក្នុងផ្នែកទិន្នផលរោងចក្រនិងការលក់រាយផងដែរ។ ប៉ុន្តែ វិបត្តិអចលទ្រព្យរបស់ចិនគឺនៅតែបង្អាក់ដល់ដំណើររីកចម្រើនសេដ្ឋកិច្ចរបស់ចិន។
អ្នកតាមដានស្ថានការណ៍កំពុងតាមដានមើលថាតើទិន្នន័យរយៈពេលខ្លីខាងមុខនឹងសម្ដែងឡើងយ៉ាងដូចម្ដេច ដែលក្នុងនោះរួមមានទាំងទិន្នន័យអំពីការចំណាយរបស់អ្នកប្រើប្រាស់ក្នុងអំឡុងពេលឈប់សម្រាករដូវស្លឹកឈើជ្រុះរយៈពេល ៨ ថ្ងៃដែលនឹងចាប់ផ្ដើមនៅថ្ងៃសុក្រខាងមុខនេះផងដែរ។
សេដ្ឋកិច្ចរបស់ចិនបានរីកចម្រើនក្នុងកម្រិតប្រចាំឆ្នាំចំនួន ៦,៣% នៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៣ នេះ ដែលនេះមានភាពយឺតយ៉ាវច្រើនជាងការរីកចម្រើនចំនួនជាង ៧% ដែលអ្នកវិភាគបានព្យាករទុកផ្អែកលើសន្ទុះយឺតយ៉ាវនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងពេលមួយឆ្នាំមុន។
អ្នកធ្វើការវ័យក្មេងម្នាក់ក្នុងចំណោម ៥ នាក់គឺប្រហែលជាគ្មានការងារធ្វើ ដែលនេះគឺជាអត្រាដ៏ខ្ពស់មិនធ្លាប់មានពីមុនមកដែលបន្ថែមសម្ពាធដល់ការចំណាយរបស់អ្នកប្រើប្រាស់៕