ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ កម្ពុជា​ឈាន​ដល់​ផ្លូវ​បំបែក​មួយ​រវាង​«បដិវត្តន៍​ពណ៌»​និង​«បដិវត្តន៍​គំនិត»


រូបឯកសារ៖ អ្នក​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ម្នាក់ កាន់​រូបភាព​លោក កែម ឡី នៅ​ក្នុង​អំឡុង​ពិធី​បុណ្យ​សព​របស់​លោក កាលពី​ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦។
រូបឯកសារ៖ អ្នក​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ម្នាក់ កាន់​រូបភាព​លោក កែម ឡី នៅ​ក្នុង​អំឡុង​ពិធី​បុណ្យ​សព​របស់​លោក កាលពី​ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦។

លោក​បណ្ឌិត​ មាស នី អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម ដែល​ធ្លាប់​ធ្វើ​ការ​វិភាគ​បញ្ហា​សង្គម​ផ្សេងៗ​ជាមួយ​លោក​បណ្ឌិត​ កែម ឡី បាន​ថ្លែង​ប្រាប់​ VOA នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​ការ​វិវត្ត​ចុងក្រោយ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ជា​ចលនា​ថ្មី​មួយ ដែល​លោក​ហៅ​ថា​ជា​«បដិវត្ត​គំនិត»។

អ្នក​ឃ្លាំមើល​ការ​វិវត្ត​នយោបាយ​ចុងក្រោយ​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា ការ​ស្លាប់​លោក​បណ្ឌិត​ កែម ឡី បាន​ញ៉ាំង​ឲ្យ​មាន«បដិវត្តន៍​គំនិត»ថ្មី​មួយ ផ្ទុយ​នឹង​ការ​គិត​របស់​រដ្ឋាភិបាល ខណៈ​ដែល​មន្ត្រី​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​មាន​ការ​ស្ងាត់ស្ងៀម​ក្នុង​អំឡុង​ពេល​នៃ​ពិធី​បុណ្យ​សព​អ្នកវិភាគ​សង្គម​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​រូប​នេះ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​អ្នក​តាម​ដាន​ការ​វិវត្ត​សង្គម​ និង​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា លើក​ឡើង​ថា ការ​បាញ់​សម្លាប់​អ្នក​វិភាគ​បញ្ហា​សង្គម​ដ៏​ល្បីល្បាញ​របស់​កម្ពុជា គឺ​លោក​បណ្ឌិត​ កែម ឡី​ មិន​ត្រឹមតែ​មិន​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាក់​ស្បាត​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​រុញ​ច្រានពួកគេ​កាន់​តែ​ច្រើន​ឡើង ​ឲ្យ​ហ៊ាន​ក្រោក​ឈរ ប្រឈម​នឹង​អាជ្ញាធរ​ នៅ​ពេល​ដែល​ពួកគេ​យល់​ថា អាជ្ញាធរ​ធ្វើ​អ្វី​មួយ​មិន​ត្រឹមត្រូវ​នោះ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ម្នាក់​នៅ​កម្ពុជា ដែល​ធ្វើការងារ​ជិតស្និទ​ជាមួយ​នឹង​លោក​បណ្ឌិត​ កែម ឡី ដែល​ត្រូវបាន​ខ្មាន់​កំាភ្លើង​បាញ់​សម្លាប់។ (រូប​ដក​ស្រង់​ពី​ទំព័រ​ហ្វេកប៊ុក)
លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ម្នាក់​នៅ​កម្ពុជា ដែល​ធ្វើការងារ​ជិតស្និទ​ជាមួយ​នឹង​លោក​បណ្ឌិត​ កែម ឡី ដែល​ត្រូវបាន​ខ្មាន់​កំាភ្លើង​បាញ់​សម្លាប់។ (រូប​ដក​ស្រង់​ពី​ទំព័រ​ហ្វេកប៊ុក)

លោក​បណ្ឌិត​ មាស នី អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម ដែល​ធ្លាប់​ធ្វើ​ការ​វិភាគ​បញ្ហា​សង្គម​ផ្សេងៗ​ជាមួយ​លោក​បណ្ឌិត​ កែម ឡី បាន​ថ្លែង​ប្រាប់​ VOA នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​ការ​វិវត្ត​ចុងក្រោយ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ជា​ចលនា​ថ្មី​មួយ ដែល​លោក​ហៅ​ថា​ជា​«បដិវត្ត​គំនិត»។

«ពលរដ្ឋ​ដែល​ចូល​រួម​គាំទ្រ​ទៅ​លើ​លោក កែម ឡី​ មក​ដល់​បច្ចុប្បន្ន​នេះ ហើយ​នៅ​តែ​មាន​ភាព​គគ្រឹកគគ្រេង សូម្បី​តែ​គាត់​ស្លាប់​ទៅ​ហើយ​នេះ គឺ​ជា​សញ្ញា​ប្រាប់​ទៅ​រដ្ឋាភិបាល​ថា នៅ​ក្នុង​ឱកាស​ដែល​មនុស្ស​មាន​បដិវត្ត​គំនិត​នេះ រដ្ឋាភិបាល​គួរ​តែ​មាន​ការ​ប្រុងប្រយ័ត្ន ហើយ​យល់​ពី​ការ​វិវត្ត​ឲ្យ​ច្បាស់ ហើយ​នឹង​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង ក្នុង​អំឡុង​ពេល​ដែល​ពី​ដើម​ឡើយ យើង​ថា ពលរដ្ឋ​មិន​ចេះ​គិត ពលរដ្ឋ​ល្ងង់ ប៉ុន្តែដល់​ឥឡូវ ពលរដ្ឋ​ចាប់​ផ្ដើម​ក្រោក​ឈរ​ឡើង ដើម្បី​និយាយ ដើម្បី​ស្រែក​ឲ្យ​ពួកគាត់​ដឹង»។

លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​វិភាគ​បញ្ហា​សង្គម ​និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​បាញ់​ស្លាប់​ទាំង​កណ្ដាល​ថ្ងៃ ចំ​កណ្ដាល​ទីប្រជុំជន​ក្នុង​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​កន្លង​ទៅ​នេះ។

ក្រោយ​ពី​ការ​បាញ់​សម្លាប់​រូប​លោក​ភ្លាម ប្រជាពលរដ្ឋ​បាន​ទាមទារ​មិន​ឲ្យ​អាជ្ញាធរ​យក​សាកសព​របស់​លោក​ដែល​នៅ​ស្ដូកស្ដឹង​ក្នុង​ថ្លុក​ឈាម ចេញ​ពី​កន្លែង​កើតហេតុ​ភ្លាមៗ​ទេ ដោយ​ពួកគេ​ទាមទារ​ដឹក ​និង​ដង្ហែ​សព​របស់​លោក​ជំនួស​វិញ​ យក​ទៅ​តម្កល់​ទុក​ក្នុង​វត្ត​ចាស់​ ក្នុង​សង្កាត់​ជ្រោយ​ចង្វា ចម្ងាយ​ជា​ច្រើន​គីឡូម៉ែត្រ​ពី​កន្លែង​កើត​ហេតុ។​

រូបឯកសារ៖ អ្នក​ស្រឡាញ់​គាំទ្រ​លោក​កែម ឡី​ ហែរ​សព​លោក​ទៅ​កាន់​វត្ត​មួយ​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​លោក​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅថ្ងៃ​អាទិត្យ​ ទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)
រូបឯកសារ៖ អ្នក​ស្រឡាញ់​គាំទ្រ​លោក​កែម ឡី​ ហែរ​សព​លោក​ទៅ​កាន់​វត្ត​មួយ​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​លោក​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅថ្ងៃ​អាទិត្យ​ ទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)

ចាប់តាំង​ពី​ថ្ងៃ​នោះ​មក មនុស្សម្នា​យ៉ាង​ច្រើន​កុះករ​ រួម​មាន​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ក្រុង នានា មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល មន្ត្រី​គណបក្ស​នយោបាយ ព្រម​ទាំង​អ្នក​ការ​ទូត​ក្នុង​ស្រុក​និងបរទេស​ផង បាន​នាំ​គ្នា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក​ជា​ហូរហែ​បន្ត​ឥត​ដាច់។

លោក​ ប៉ា ងួនទៀង ដែល​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មការ​រៀបចំ​បុណ្យ​សព​ លោក បណ្ឌិត កែម ឡី​ ថ្លែង​ថា វីរភាព​របស់​លោក​បណ្ឌិត​រូប​នេះ​បាន​ដក់​ជាប់​ក្នុង​ក្រអៅ​បេះដូង​របស់​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេសទៅ​ហើយ។

«គំរូ​របស់​គាត់​នេះ វា​ចាក់​ទៅ​ក្នុង​បេះដូង​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​គឺ​យុវជន​ជា​ច្រើន​ទៅ​ហើយ ដូច្នេះ ខ្ញុំ​ថា យុវជន​នឹង​ងើបឡើង ហើយ​នឹង​បន្ត​បេសកកម្ម​របស់​លោក​ កែម ឡី»។

កាល​នៅ​រស់​ លោក​បណ្ឌិត​ កែម ឡី បាន​ប្ដេជ្ញា​ថា លោក​នឹង​បន្ត​ការងារ​ស្រាវជ្រាវ​ចងក្រង​ឯកសារ​អំពី​បញ្ហា​សង្គម​ដែល​កំពុង​កើតឡើង​នា​ពេល​បច្ចុប្បន្ន​ រួម​ទាំង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ផង​ដែរ សម្រាប់​អ្វី​មួយ​ដែល​លោក​ចាត់ទុកថា​ជា​កេរ្តិ៍​ដំណែល​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ ​ទោះបីជា​លោក​ជា​រឿយៗ​អះអាង​ថា លោក​អាច​នឹង​ត្រូវ​គេ​បាញ់​សម្លាប់ ​ដោយសារ​ការ​ជម្នះ​បន្ត​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​ និង​វិភាគ​បញ្ហា​សង្គម​ដ៏​រសើប​នេះ​ក៏​ដោយ។

មុន​ពេល​លោក​ត្រូវ​បាន​បាញ់​ស្លាប់ លោក​ កែម ឡី​ បាន​សរសេរ​បទ​អត្ថាធិប្បាយ​នយោបាយ​ជា​ច្រើន​រួម​ទាំង​រឿង​កំប្លែង​នយោបាយ​ចំនួន១៩​រឿង ​ដែល​និយាយ​រិះគន់​ដោយ​ប្រយោល​ទៅ​លើ​បុគ្គល​ ឬ​អ្នក​មាន​អំណាច​បុណ្យស័ក្ដិ​ខ្ពង់ខ្ពស់​ក្នុង​សង្គម ដោយ​ប្រើ​តួអង្គ​ជា​សត្វ​ វត្ថុ ​ឬ​ក៏​ឈ្មោះ​មនុស្ស​សាមញ្ញ​ក្នុង​រឿង​កំប្លែង​របស់​លោក។

លោក​គ្រោង​នឹង​និពន្ធ​រឿង​កំប្លែង​នយោបាយ​បែប​នេះ​ឲ្យ​បាន​៩៩​រឿង ហើយ​បោះពុម្ព​រឿង​ទាំង​នេះ​នៅ​ចុង​ឆ្នាំ​២០១៦។

ក្រៅ​ពី​នេះ​ លោក កែម ឡី ​ក៏​បាន​ចាប់​ផ្ដើម​សកម្មភាព​ចុះ​ស្រាវជ្រាវ​នៅ​តាម​មូលដ្ឋាន​ ដែល​លោក​ហៅ​ថា​«យុទ្ធនាការ​១០០​រាត្រី»​ដើម្បី​សិក្សា​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​រួម​ទាំង​កោះ​មួយ​ចំនួន​ ដែល​ជា​បញ្ហា​ដ៏​រសើប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក ហង្ស វិទូ ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង ដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ឃាតកម្ម​លើ​រូប​លោក កែម ឡី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA ថា ក្រុម​របស់​លោក​បាន​ប្ដេជ្ញា​ថា​ នឹង​បន្ត​បេសកកម្ម​របស់​លោក​បណ្ឌិត​ កែម ឡី​ តទៅ​ទៀត «ដើម្បីឲ្យ​កូន​ខ្មែរ​ មាន​ឯកសារ​គ្រាប់​គ្រាន់​អំពី​កោះ​ទាំងឡាយ​ហ្នឹង» ដែល​លោក​ចាត់ទុកថា ងាយ​រងគ្រោះ​នឹង​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង។

«ពេល​ខ្លះ​ កោះ​ទាំង​ហ្នឹង យើង​ស្គាល់​ចាញ់​ជនជាតិ​បរទេស​ទៀត អញ្ចឹង ខ្ញុំ​គិត​ថា​នេះ​ជា​ហានិភ័យ​មួយ ដែល​យើង​មើល​ឃើញ​ដូច​លោក​បណ្ឌិត កែម ឡី​ ដែរ។ អញ្ចឹង​ហើយ​បាន​ជា​យើង​មាន​ឆន្ទៈ​តែ​មួយ ចង់​ធ្វើ​ការងារ​ហ្នឹង​រួម​គ្នា​បាទ»។

រូបឯកសារ៖ លោក កែម ឡី អ្នក​វិភាគ​ខាង​សង្គម និង​នយោបាយ​ដ៏​លេចធ្លោម្នាក់ ញញឹម ខណៈពេល​ដែល​លោក​បាន​ចូលរួម​ពិធីបុណ្យ​រំឭក​ខួប​៦៧ឆ្នាំ​ដែល​បារាំង​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​កាន់កាប់ នៅ​ជ្រោយចង្វារ ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក កែម ឡី អ្នក​វិភាគ​ខាង​សង្គម និង​នយោបាយ​ដ៏​លេចធ្លោម្នាក់ ញញឹម ខណៈពេល​ដែល​លោក​បាន​ចូលរួម​ពិធីបុណ្យ​រំឭក​ខួប​៦៧ឆ្នាំ​ដែល​បារាំង​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​កាន់កាប់ នៅ​ជ្រោយចង្វារ ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ២០១៦។

នៅ​ពេល​មាន​ជីវិត​រស់នៅ លោក​បណ្ឌិត​ កែម ឡី ធ្លាប់​ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​រួម​ទាំង​មន្ត្រី​គណបក្ស​កាន់​អំណាច​ផង ​គិត​និង​មើល​ឃើញ​ថា លោក​បាន​បង្កើត​ចលនា​មួយ​ ​ដើម្បី​បំផុស​បំផុល​សាធារណជន​ ឲ្យ​ក្រោក​ឈរ​ឡើង ​តតាំង​នឹង​ការ​បំពារបំពាន​អំណាច​ពី​សំណាក់​អាជ្ញាធរ និង​អំពើ​អយុត្តិធម៌​សង្គម​ផ្សេងៗ​ទៀត។

អ្នក​វិភាគ​ខ្លះ​លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​ហាក់​ដូចជា​បារម្ភ​ខ្លាំង​ចំពោះ​លទ្ធភាព​នៃ​ការ​ងើប​បះបោរ​របស់​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​ខ្លួន​ ដែល​អាច​កើត​ឡើង​ដោយសារការ​វិភាគ​ត្រង់ៗ ឥត​ខ្លាច​ក្រែង​រអា​របស់​លោក​បណ្ឌិត​ កែម ឡី រហូត​ដល់រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ត្រៀម​ខ្លួន​ជា​ស្រេច​ ដើម្បី​បង្ក្រាប​ចលនា​ដែល​គេ​ហៅ​ថា​«បដិវត្ត​ពណ៌»​ណាមួយ។

តួយ៉ាង និស្សិត​ម្នាក់​ឈ្មោះ គង់ រ៉ៃយ៉ា ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ និង​ក្រោយ​មក​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៨​ខែ ក្រោយ​ពី​និស្សិត​រូប​នេះ​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នេះ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​បណ្ឌិត​ មាស​ នី​ អ្នក​វិភាគ​ការ​អភិវឌ្ឍ​សង្គម មាន​ប្រសាសន៍​ថា ការ​ព្រួយបារម្ភ​របស់​រដ្ឋាភិបាល​ហាក់​ដូចជា​បង្ហាញ​ពី​ការ​មិន​ទាន់​យល់​ច្បាស់​អំពីការ​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​របស់​ពលរដ្ឋ​ខ្លួន។

«សង្គម​ខ្មែរ​ឥឡូវ​នេះ បាន​ឈាន​ចូល​ដល់​ដំណាក់កាល​ផ្លូវ​បំបែក​មួយ​ ដែល​យើង​មើល​ឃើញ​ថា មនុស្ស​ចាប់​ផ្ដើម​មាន​បដិវត្ត​នៃ​ការ​គិត។ ប៉ុន្តែ រដ្ឋាភិបាល​មិន​បាន​គិត​អា​ហ្នឹង​ទេ គាត់​គិត​ថា ពលរដ្ឋ​ប្រុង​ដើរ​ឈាន​ទៅ​រក​បដិវត្ត​ពណ៌។ អញ្ចឹង​វិធានការ​ទាំង​អស់​ដែល​យើង​ឃើញ​កន្លង​មក ច្រើនតែ​ជា​វិធានការ​គំរាម ឬ​ក៏​បង្ក្រាប»។

លោក​បណ្ឌិត មាស នី​ ថ្លែង​បន្ត​ថា វិធានការណ៍​របស់​រដ្ឋាភិបាល​បែប​នេះ បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ មាន​កំហឹង​កាន់​តែ​ខ្លាំង​ឡើង ប្រឆាំង​នឹង​រដ្ឋាភិបាល​ប៉ុណ្ណោះ។

«អញ្ចឹង​នៅ​ក្នុង​ស្ថានភាព​ ដែល​វា​មិនមែន​ជា​បដិវត្តន៍​ពណ៌ ប៉ុន្តែ​មនុស្ស​នៅ​ក្នុង​ស្ថានភាព​ជា​បដិវត្តន៍​គំនិត បដិវត្តន៍​នៃ​ការ​គិត ផ្លាស់​ប្ដូរ​នៃ​ការ​គិត​របស់​គាត់​ពី​ការ​ពឹង​ទៅលើ​ឪពុក​ម្ដាយ​ ប៉ុន្តែ​ឥឡូវ​ចាប់ផ្ដើម​កាន់កាប់​រឿងរ៉ាវ​សង្គម​មួយ​ចំនួន​ដោយ​ខ្លួន​ឯង អញ្ចឹង​ដល់​ពេល​រដ្ឋាភិបាល​ប្រើ​វិធីសាស្ត្រ​ក្នុង​ការ​បង្ក្រាប វា​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់​តែ​លែង​ពេញ​ចិត្ត កាន់​តែ​មាន​ការ​ខឹង​សម្បារ​ច្រើន​ឡើង»។

អ្នក​រិះគន់​លើ​បញ្ហា​ព្រំដែន​ដ៏​រសើប​ជាមួយ​ប្រទេស​ជិត​ខាង ​រួម​មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ និង​កាត់​ទោស​ដោយ​តុលាការ​កម្ពុជា​ ក្រោម​បទ​ចោទប្រកាន់​ផ្សេងៗ ដែល​អ្នកវិភាគ​ខ្លះ​លើកឡើង​ថា​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​កន្លង​មក លែង​ហ៊ាន​និយាយ​អ្វី​ប៉ះពាល់​ដល់​បញ្ហា​ដ៏​រសើប​នេះ។

ប៉ុន្តែ លោក​បណ្ឌិត មាស នី​ មាន​ប្រសាសន៍​ថា បដិវត្តន៍​គំនិត​ដែល​ពលរដ្ឋ​ខ្មែរ​ចាប់​ផ្ដើម​មាន​ ជា​ពិសេស​ ក្រោយ​ពី​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ​នេះ នឹង​ធ្វើ​ឲ្យ​ពួកគេ​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ រួម​ទាំង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ផង​ដែរ។

«រដ្ឋាភិបាល​ គាត់​គិត​ថា រឿង​ព្រំដែន​គឺ​ជា​តួនាទី​របស់​គាត់ អញ្ចឹង​បើ​នរណា​ហ៊ាន​លើក​រឿង​ព្រំដែន​មក គាត់​ត្រូវ​បង្ក្រាប​ ប៉ុន្តែ​ដល់​ពលរដ្ឋ​ឥឡូវ​នេះ គាត់​មិន​បាន​គិត​អញ្ចឹង​ទេ។ ឥឡូវ​នេះ គាត់​ចាប់ផ្ដើម​គិត​ថា រឿង​ប្រទេស​ខ្មែរ​ហ្នឹង គឺ​ជា​រឿង​ទាំង​អស់​គ្នា។ ទឹក​ដី​ខ្មែរ គឺ​ជា​ទឹក​ដី​របស់​ពលរដ្ឋ​គ្រប់រូប អញ្ចឹង​នៅ​ពេល​ដែល​មាន​បញ្ហា​ព្រំដែន​អី គាត់​តែ​បង្ហាញ​នូវ​ការ​ឈឺឆ្អាល»។

រូបភាព​គម្រប​របាយការណ៍​«ការ​ក្តោបក្តាប់​តាម​បែប​ប្រទូសរ៉ាយ»​ ឬ​និយាយ​ជា​ភាសា​អង់គ្លេស​ថា​ Hostile Takeover​ របស់​អង្គការ​ Global Witness (screenshot from Global Witness)
រូបភាព​គម្រប​របាយការណ៍​«ការ​ក្តោបក្តាប់​តាម​បែប​ប្រទូសរ៉ាយ»​ ឬ​និយាយ​ជា​ភាសា​អង់គ្លេស​ថា​ Hostile Takeover​ របស់​អង្គការ​ Global Witness (screenshot from Global Witness)

តែ​ពីរ​ថ្ងៃ​ មុន​ពេល​លោក កែម ឡី ត្រូវ​បាន​ឃាតករ​បាញ់​ស្លាប់ លោក កែម ឡី​ ក៏​បាន​ធ្វើ​ការ​វិភាគ​ទៅលើ​របាយការណ៍​ចុងក្រោយ​មួយ​របស់​អង្គការ Global Witness ដែល​មាន​ចំណង​ជើង​ថា «Hostile Takeover»ឬ​«បណ្តាញ​នៃ​ក្រុមហ៊ុន​ដ៏​មហិមា​របស់​គ្រួសារ​កាន់​អំណាច​នៅ​កម្ពុជា» ដែល​បាន​វាយប្រហារ​ទៅលើ​ក្រុម​គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​នៅ​កម្ពុជា។

លោក​ សុខ ឥសាន្ត អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ «Hello VOA» កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​កក្កដា​នេះ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​ដូចជា​រដ្ឋាភិបាល គឺ​ជា​អ្នក​ខាតបង់​ចំពោះ​ការ​ស្លាប់​លោក​បណ្ឌិត​ កែម ឡី ​នេះ ហើយ​ថា អាជ្ញាធរ​កំពុង​តែ​ស៊ើបអង្កេត​យ៉ាង​ស៊ីជម្រៅ​ដើម្បី​វែកមុខ​រក​ជន​នៅ​ពី​ក្រោយ​ឬ​ក៏​ការ​ពិតក្នុង​ករណី​បាញ់​សម្លាប់​នេះ​ហើយ។

«ការ​ដែល​បងប្អូន​មាន​មតិ ខ្ញុំ​ក៏​គ្មាន​មតិ​អី​ជំទាស់​ដែរ​ទេ អាហ្នឹង។ ការ​យល់ឃើញ​ វា​ខុសៗ​គ្នា ក្នុង​បុគ្គល​ម្នាក់ៗ អញ្ចឹង​ទេ ខ្ញុំ​យល់​ថា គួរ​ទុក​លទ្ធភាព​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ដោយ​ម៉ត់ចត់ បាទ»។

ដូច​គ្នា​ដែរ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ VOA​ ដោយ​អំពាវ​នាវ​ឲ្យ​អ្នក​សារព័ត៌មាន​រក្សា​ភាព​ស្ងាត់ស្ងៀម​មួយ​រយៈ​សិន ដើម្បី​អ្វី​មួយ ដែល​លោក​ហៅ​ថា «កុំ​ធ្វើ​ឲ្យ​ទឹកល្អក់»។

«ហើយ​នៅ​ក្នុង​សាច់​រឿង​ហ្នឹង មិន​គួរ​លូក​លាន់​ឲ្យ​បាន​ច្រើន​ទេ ទុក​ឲ្យ​ការ​បូជា​សព បញ្ចប់​៧​ថ្ងៃ​របស់​គេ ទុក​ឲ្យ​សមត្ថកិច្ច​គេ​ធ្វើ ចាំ​យើង​ស្រាវជ្រាវ វា​ខុស​កន្លែង​ត្រង់​ណា​អត់​វិជ្ជាជីវៈ​ត្រង់​ណា នីតិវិធី​គេ​ខុស​កន្លែង​ត្រង់ណា បាន​យើង​ Challenge? ហើយ​បើ​យើង​ធ្វើ​មុន​គេ​ធ្វើ​ការ​ តើ​យើង​ជា​នរណា? ខ្ញុំ​សួរ​បញ្ច្រាស​ទៅវិញ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ថ្លែង​ថា ឥទ្ធិពល​នៃ​ការ​ស្លាប់​លោក​បណ្ឌិត កែម ឡី​នេះ ពិត​ជា​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ រាប់​លាន​នាក់ បាន​ភ្ញាក់​រលឹក​និង​ងើបឡើង​រួច​ទៅ​ហើយ ដោយសារ​លោក​មាន​ប្រសាសន៍​ថា​«ចំពោះ​ខ្ញុំ ការ​បាញ់​ពីរ​គ្រាប់​នេះ ធ្វើ​ឲ្យ​លោក​ កែម ឡី​ ម្នាក់​ស្លាប់ ប៉ុន្តែ​របួស​ខ្មែរ​រាប់​លាន​នាក់»៕

XS
SM
MD
LG