ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅខួប​៦៥ឆ្នាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​ លោក​ហ៊ុន សែន​ព្រមាន​បង្ក្រាប​បដិវត្តន៍​ពណ៌


លោក ​ហេង សំរិន​ ប្រធានរដ្ឋ​សភានៃ​កម្ពុជា​​​ និង​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ឈរ​រង់ចាំ​ទទួល​បាច់​ផ្កា​នៅ​ក្នុង​រំលឹក​ខួបទី​៦៥​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីស្នាក់​ការ​កណ្ដាល​គណបក្ស ​នៅរាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ​ខែ​មិថុនា​ឆ្នាំ​២០១៦​។ (ឡេង ឡែន/VOA)
លោក ​ហេង សំរិន​ ប្រធានរដ្ឋ​សភានៃ​កម្ពុជា​​​ និង​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ឈរ​រង់ចាំ​ទទួល​បាច់​ផ្កា​នៅ​ក្នុង​រំលឹក​ខួបទី​៦៥​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីស្នាក់​ការ​កណ្ដាល​គណបក្ស ​នៅរាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ​ខែ​មិថុនា​ឆ្នាំ​២០១៦​។ (ឡេង ឡែន/VOA)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នា​ឱកាស​រំឭក​ខួប​នៃ​ការ​បង្កើត​គណបក្ស​​​ប្រជាជន​កម្ពុជា​លើក​ទី​៦៥​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​ជាច្រើន​ដង​ពី​ការ​បេ្តជា្ញ​របស់​លោក​ក្នុង​ការ​នាំមក​ឲ្យ​កម្ពុជា​នូវ​ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ​ និង​បាន​បេ្តជ្ញា​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​នៃ​ចលនា​បដិវត្តន៍​ពណ៌។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រារព្ធ​ពិធី​រំឭក​ខួប​ទី​៦៥ឆ្នាំ​របស់​ខ្លួន ​ដោយ​ប្តេជ្ញា​ទប់ស្កាត់​បដិវត្តន៍​ពណ៌​ ដែល​គេដឹង​ថា​ បាន​ផ្តួល​រំលំ​មេ​ដឹកនាំ​ជា​ច្រើន​ដែល​ស្ថិត​ក្នុង​អំណាច​យូរ​ឆ្នាំនៅ​ក្នុង​មជ្ឈឹម​បូព៌ា​ប្រទេស​ នៅ​អាហ្វ្រិក​ និង​នៅ​អឺរ៉ុប​ខាងកើត។​

ប្លែក​ពី​ការ​ប្រារព្ធ​ពិធី​ខួប​នៃ​ការ​បង្កើត​គណបក្ស​កាល​ពី​ពេល​មុនៗ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នា​ឱកាស​រំឭក​ខួប​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី​៦៥​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​ជាច្រើន​ដង​ពី​ការ​បេ្តជា្ញ​របស់​លោក​ក្នុង​ការ​នាំមក​ឲ្យ​កម្ពុជា​នូវ​ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ​ និង​បាន​បេ្តជ្ញា​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​នៃ​ចលនា​បដិវត្តន៍​ពណ៌​ ដែល​គេ​ដឹង​ថា​ មាន​ការ​ផ្តួល​រំលំមេដឹកនាំ​នៅ​ក្នុង​ប្រទេស​តាម​តំបន់​មជ្ឈឹម​បូព៌ា​ នៅ​អាហ្វ្រិក​ និង​នៅ​អឺរ៉ុប​ខាង​កើត​ជា​ដើម។​

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ធ្វើ​សេចក្ដី​ថ្លែងការណ៍អំពី​កំណើតគណបក្ស​ប្រជា​ជន​កម្ពុជាកំឡុង​ពេល​ការ​រំឭឹក​ខួបទី​៦៥​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីស្នាក់​ការ​កណ្ដាល​គណបក្ស​នៅ​ថ្ងៃ​ទី​២៨ ​ខែ​មិថុនា​ឆ្នាំ​២០១៦​ នា​រាជធានី​ភ្នំពេញ ដែល​មាន​អ្នក​ចូលរួមច្រើន​រយនាក់​។ (ឡេង ឡែន/VOA)
លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ធ្វើ​សេចក្ដី​ថ្លែងការណ៍អំពី​កំណើតគណបក្ស​ប្រជា​ជន​កម្ពុជាកំឡុង​ពេល​ការ​រំឭឹក​ខួបទី​៦៥​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីស្នាក់​ការ​កណ្ដាល​គណបក្ស​នៅ​ថ្ងៃ​ទី​២៨ ​ខែ​មិថុនា​ឆ្នាំ​២០១៦​ នា​រាជធានី​ភ្នំពេញ ដែល​មាន​អ្នក​ចូលរួមច្រើន​រយនាក់​។ (ឡេង ឡែន/VOA)

ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ជាង​២០០០​នាក់​ក្នុង​ពិធី​រំឭក​ខួប​នេះ​ ដែល​រៀប​ចំ​ឡើង​នៅឯ​ទី​ស្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ស្ថិត​ក្នុង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ លោក​ ហ៊ុន សែន ដែល​បាន​ស្ថិត​នៅ​ក្នុង​អំណាច​ជាង​៣០​ឆ្នាំ បាន​កោត​សរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ដែល​ធ្លាប់​ហែកហួរ​ដោយ​សង្រ្គាម​ និង​ជា​ទី​មរណៈ​របស់​មនុស្ស​ជាតិ​ក្នុង​ទសវត្សរ៍​១៩៧០​ មក​ជា​ប្រទេស​មាន​ការ​រីក​ចម្រើន​ និង​មាន​មុខមាត់​ក្នុង​ឆាក​អន្តរជាតិ។

«យើង​ត្រូវ​បន្ត​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ដោយ​ពិត​ប្រាកដ ហើយ​មិនមែន​ជា​ការ​ផ្លាស់ប្តូរ​ដោយ​ភូត​កុហក​នោះ​ទេ»។​

ដើម្បី​រាំង​ខ្ទប់​មិន​ឲ្យ​មាន​ការ​បះបោរ​ធ្វើ​បដិវត្តន៍​បន្ត​ទៀត​នោះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា៖​

«យើង​ប្រឆាំង​ដាច់​ខាត​នូវ​ឧបាយកល​គ្រប់​ប្រភេទ​ដែល​ចង់​ផ្លាស់ប្តូរ​សង្គម​តាមរយៈ​ការ​បំផុស​នូវ​បដិវត្តន៍​ពណ៌​ ឬ​តាម​មធ្យោបាយ​ពិសពុល​ផ្សេងៗ​ទៀត​ ដែល​នឹង​នាំ​ឲ្យ​ប្រទេស​ជាតិ​បាត់បង់​សន្តិភាព ស្ថិរភាព​ ឯកភាពជាតិ​ និង​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​ជាថ្មី​ម្តង​ទៀត»។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ពុំ​បាន​បញ្ជាក់​សកម្មភាព​ ឬ​អត្ថន័យ​ច្បាស់ៗ​អំពី​បដិវត្តន៍​ពណ៌​នោះ​ បាន​ថ្លែងព្រមាន​បង្ក្រាប​ចលនា​បដិវត្តន៍​ពណ៌​ ​នៅស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​នយោ​បាយ​ ​ដោយ​ហេតុ​ថា​ មាន​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​ មន្ត្រី​ ​និង​អ្នកតំណាង​រាស្ត្រ​របស់​គណ​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់ រួម​ទាំង​អ្នក​ស្លៀក​ខោ​អាវ​ពណ៌ខ្មៅ​ ដែល​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ផង​ដែរ។​

យុវជន គង់ រ៉ៃយ៉ា (កណ្តាល) ត្រូវបាន​នាំ​ខ្លួន​មក​កាន់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃអង្គារ ទី១៥ ខែ​មីនា ឆ្នាំ​២០១៦។ (Reuters/Samrang Pring)
យុវជន គង់ រ៉ៃយ៉ា (កណ្តាល) ត្រូវបាន​នាំ​ខ្លួន​មក​កាន់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃអង្គារ ទី១៥ ខែ​មីនា ឆ្នាំ​២០១៦។ (Reuters/Samrang Pring)

បន្ថែម​លើ​នោះ​ទៀត​ និស្សិត​ម្នាក់​ឈ្មោះ​ គង់ រ៉ៃយ៉ា​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ​ហើយ​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃទី​២២​ ខែ​សីហា​ ឆ្នាំ​២០១៥​ ក្រោម​ការ​ចោទ​ប្រកាន់ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ​បន្ទាប់ពី​និស្សិត​រូបនេះ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​ ខ្លួន​នឹង​ធ្វើ​បដិវត្តន៍​ពណ៌។​ យុវជន​រូប​នេះ​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​១៨​ខែ។

សកម្ម​ភាព​ចាប់​ខ្លួន​នោះ​បាន​កើត​ឡើង​ បន្ទាប់​ពីក្រុម​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ការ​ជីក​កកាយ​សើររើ​រឿង​ព្រំដែន​កម្ពុជា​ និង​វៀតណាម​ឡើង​វិញ​ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៥។ វិបត្តិ​នេះ​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​នានា​ ក្នុង​នោះ​មាន​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក​ និង​អង្គការ​សហ​ប្រជាជាតិ សម្តែង​ក្តី​បារម្ភ និង​ស្នើ​ឲ្យ​អ្នក​នយោបាយ​នៃគណបក្ស​កាន់​អំណាច​ និងគណ​បក្ស​ប្រឆាំង​បន្ត​វប្បធម៌​សន្ទនា។​

ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថា កម្ពុជា​មិន​មាន​វិបត្តិ​នយោបាយ​ទេ​ គឺ​មាន​តែវិបតិ្ត​បុគ្គល​របស់​អ្នក​នយោបាយ​មួយ​ចំនួន និង​បាន​ផ្តាំ​ផ្ញើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ កុំ​ឲ្យ​យក​ខ្លួន​ទៅ​ភ្ជាប់​ជាមួយ​នឹង​វិបត្តិ​បុគ្គល​ទាំង​នោះ។​

លោក​បន្ត​ថា​ ការ​ខិតខំ​ប្រកូក​ប្រកាស​របស់​មនុស្ស​ខ្លះ​ដែល​ថា​ កម្ពុជា​កំពុង​មាន​វិបត្តិ​ ឬ​កម្តៅ​នយោបាយ​នោះ​ គឺ​ធ្វើ​ឡើង​ក្នុង​ឧបាយកល​ទុច្ចរិត​ ប៉ុនប៉ង​បំភាន់​សាធារណមតិ​ប៉ុណ្ណោះ។ លោក​បាន​អះ​អាង​ផង​ដែរ​ថា ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​ឈរ​លើ​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ និង​នីតិរដ្ឋ។​

លោក ​មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ បាន​ថ្លែង​ថា​ ការ​លើក​ឡើង​ដដែលៗ​របស់​រដ្ឋាភិបាល ​អំពី​ការ​ផ្ទុះ​ឡើង​នៃ​បដិវត្តន៍​ពណ៌​គឺ​ជា​ការ​ព្រួយ​បារម្ភ​ជ្រុល​ហួសហេតុ​របស់​រដ្ឋាភិបាល​ដែល​ក្នុង​រយៈពេល​២ឆ្នាំចុងក្រោយ​នេះ​បាន​ប្រើ​យុទ្ធសាស្ត្រ​ឈ្នះ​ចាញ់​បំបាក់​ក្រុម​ជំទាស់។ លោក​បន្ត​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មិន​ប្រើ​នយោបាយ​ឈ្នះឈ្នះ​ទៀត​នោះ​ទេ។

«មួយ​រយៈចុងក្រោយ​នេះ​ គឺ​ដូច​ជា​ប្រើ​នយោ​បាយ​ដាក់​គំនាប ដូច​ថា​ ទៅ​លើ​គណបក្ស​ប្រឆាំង​ផង​ ហើយ​ដាក់​គំនាប​ទៅលើ​ពលរដ្ឋ​ ដែល​បាន​តវ៉ា​ដើម្បី​យុត្តិធម៌ ការពារ​ធនធាន​ធម្មជាតិ​ ឬ​ដីធ្លី​ហ្នឹង​ច្រើន។ ​តែ​ពលរដ្ឋ​ដែល​តវ៉ា​ហ្នឹង​ ច្រើន​តែ​ទទួល​រង​នូវការ​លាប​ពណ៌​ថា​ ពួក​គាត់​ហ្នឹង​ គឺ​ជា​អ្នក​ចូល​ដៃ​ចូល​ជើង​នៅ​ក្នុង​គណបក្ស​ប្រឆាំង​អី​អញ្ចឹង។​ ពួកហ្នឹង​ត្រូវ​ទទួល​នូវ​ការ​បង្ក្រាប​ អី​អញ្ចឹង​ផ្សេងៗ។ បាទ ​នេះ​គឺ​ខ្ញុំ​ប្រើ​ពាក្យ​ហៅ​ថា​ នយោបាយ​ឈ្នះ​ចាញ់​ម្តង​ ​លែង​ឈ្នះ ​ឈ្នះ​ដូច​មុន​ បាទ»។​

ថ្វីបើ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ថ្លែង​ថា កម្ពុជា​កំពុង​ដើរ​ក្នុង​គន្លង​ប្រជាធិបតេយ្យ​ ​និង​នីតិរដ្ឋ​ក្តី លោក​ មាស​ ​នី​ បាន​ពន្យល់​ថា​ ​ប្រទេស​កម្ពុជា​ពុំ​ទាន់​មាន​ប្រជា​ធិបតេយ្យ​ពេញលេញ​នោះ​ឡើយ ខណៈ​ដែល​សភា​ខ្មែរ​បាន​ធ្វើការ​អនុម័ត​ច្បាប់ ដោយ​គ្មាន​ការ​ជជែក​ដេញដោល​ មាន​ន័យ​ថា​ មាន​តែ​តំណាង​រាស្ត្រ​គណ​បក្ស​ម្ខាង​ធ្វើ​ច្បាប់​ ឯ​ម្ខាង​ទៀត​ខ្លាច​រអា​មិន​ហ៊ាន​ចូល​សភា។​

នៅ​ក្នុង​ការ​ថ្លែង​របស់​លោក​នា​ថ្ងៃ​អង្គារ​នេះ​ដែរ​ ​ក្រៅពី​ការ​ថ្លែង​អំពី​នយោបាយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​លើក​ឡើង​អំពី​វិស័យ​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ​២០១៦​ ដែល​លោក​និយាយ​ថា​ នឹង​អាច​សម្រេច​បាន​កំណើន​ក្នុង​រង្វង់​៧,១​ភាគរយ។ កំណើន​នេះ​នឹង​បាន​មក​ពី​ការ​រួម​ចំណែក​នៃ​វិស័យ​សេវាកម្ម​ វិស័យ​ឧស្សាហ​កម្ម​កាត់ដេរ​ និង​សំណង់។​ ទាក់​ទិន​នឹង​វិស័យ​ការងារ​ លោក​ថ្លែង​ថា​ ​កម្ពុជា​បាន​បង្កើត​ការងារ​ថ្មី​ចំនួន​២៧.៩២១​កន្លែង​ ទាំង​នៅ​ក្នុង​ប្រទេស​ ទាំង​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស។​

ក្រៅ​ពី​ថ្លែង​អំពី​ស្ថានភាព​វិជ្ជមាន​នៃ​វិស័យ​សេដ្ឋកិច្ច​របស់​កម្ពុជា​ លោក​ ហ៊ុន សែន​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ រដ្ឋាភិបាល​នឹង​ធ្វើការ​រារាំង​គ្រប់​សកម្មភាព​ទាំង​ឡាយ​ណា​ ដែល​អាច​នាំ​ឲ្យ​ប្រទេស​កម្ពុជា​បាត់បង់​សន្តិភាព ស្ថិរភាព​ ឯកភាព​ជាតិ​ ​និង​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​ជាថ្មី​ម្តង​ទៀត។​

រូបឯកសារ៖ ស្ត្រី​សហគមន៏​បឹង​កក់​មួយ​ក្រុមកាន់​រូបថត​មន្រ្តី​សិទ្ធិ​មនុស្ស ​ដែល​ជាប់​ពន្ធនាគា​រ​ក្នុង​យុទ្ធនាការ​«​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»នៅ​សហគមន៏​បឹងកក់​ ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ច័ន្ទ​ ទី​២៣​ ខែឧសភា​នេះ ដើម្បីទាមទារ​ឲ្យមាន​ការដោះលែងមន្រ្តី​សិទ្ធិមនុស្ស​៤រូប និង​មន្រ្តីគ.ជ.បមួយរូប ​ដែល​ជាប់​ពន្ធនាគារ​កាលពី​ដើម​ខែ​ឧសភា​នេះ។ ​(ឡេង ឡែន/VOA)
រូបឯកសារ៖ ស្ត្រី​សហគមន៏​បឹង​កក់​មួយ​ក្រុមកាន់​រូបថត​មន្រ្តី​សិទ្ធិ​មនុស្ស ​ដែល​ជាប់​ពន្ធនាគា​រ​ក្នុង​យុទ្ធនាការ​«​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»នៅ​សហគមន៏​បឹងកក់​ ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ច័ន្ទ​ ទី​២៣​ ខែឧសភា​នេះ ដើម្បីទាមទារ​ឲ្យមាន​ការដោះលែងមន្រ្តី​សិទ្ធិមនុស្ស​៤រូប និង​មន្រ្តីគ.ជ.បមួយរូប ​ដែល​ជាប់​ពន្ធនាគារ​កាលពី​ដើម​ខែ​ឧសភា​នេះ។ ​(ឡេង ឡែន/VOA)

លោកបាន​សង្កត់ធ្ងន់​ថា​ ​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​និង​រាល់​សមិទ្ធផល​ដែល​កម្ពុជា​មាន​មក​ដល់​ពេលនេះ​ គឺ​បាន​មក​ពី​ការ​យក​ជីវិត​ធ្វើ​ជាដើម​ទុន​ ពី​ពលកម្ម​ដ៏​ធំធេង​ និង​មិន​អាច​កាត់​ថ្លៃ​បាន​របស់​កម្មាភិបាល​ យុទ្ធជន​ យុទ្ធនារី សមាជិក សមាជិកា​គណបក្ស​ និង​ជន​រួមជាតិ​កម្ពុជា​រាប់​លាន​នាក់។​

លោក​ សុន ឆ័យ​ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ប្រាប់​ ​VOA​ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ​គណបក្ស​ជំទាស់​ក៏​ដូច​ជា​មេដឹក​នាំ​របស់​ខ្លួន​ពុំមាន​គោល​នយោបាយ​ រៀបចំ​ឲ្យ​មាន​ការ​ធ្វើ​បដិវត្តន៍​ពណ៌​សម្រាប់​ការ​ផ្លាស់ប្តូរ​មេដឹកនាំ​ប្រទេស​នោះ​ទេ ហើយ​ការ​ផ្លាស់ប្តូរ​ដែល​គណបក្ស​ជំទាស់​ចង់​បាន​នោះ​ គឺ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ​ និង​យុត្តិធម៌។​

«គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​នយោបាយ​ធ្វើ​បដិវត្តន៍​ពណ៌​អី​ទេ។​ គណបក្ស​នេះ​គឺ​រំពឹង​តែ​ទៅ​លើ​ការបោះឆ្នោត​យុត្តិធម៌​ និង​ត្រឹមត្រូវ​ ហើយ​យើង​បាន​បញ្ជាក់​នៅ​ក្នុង​នយោបាយ​របស់​យើង​ច្បាស់​លាស់​ណាស់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​គោលនយោបាយ​ទៅ​ធ្វើ​បដិវត្តន៍​ផ្តួលរំលំ​នរណា​តាមរយៈ​កម្លាំង​បាយ​ទេ​ បាទ»។​

លោក​បន្ថែម​ថា​ ដោយសារ​តែ​គណបក្ស​របស់​លោក​ចង់​បាន​ការ​បោះឆ្នោត​ដោយ​សេរី ​ត្រឹម​ត្រូវ​ និង​យុត្តិធម៌​នេះ​ហើយ​ ទើប​អ្នក​នយោបាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ខិតខំ​ឲ្យ​មាន​ការ​កែទម្រង់​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាប់​បដិសន្ធិ​នៅ​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​១៩៥១​ ក្នុង​នាម​ដើម​ឈ្មោះ​ «បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ»។ គណបក្ស​បាន​ឆ្លងកាត់​បណ្តា​ដំណាក់​កាល​ធំៗ​ ជា​ប្រវត្តិ​សាស្ត្ររួម​មាន​ ការ​តស៊ូ​ប្រឆាំង​របប​អាណានិគមន៍​ ដើម្បី​ឯករាជ្យ​ជាតិ សង្គ្រាម​ដែល​បង្ក​ឡើង​ដោយ​របប​សាធារណ​រដ្ឋ​ខ្មែរ​ និង​ពួក​បរទេស​ឈ្លាន​ពាន​ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៥​ ជាពិសេស​ការ​តស៊ូ​រំដោះ​កម្ពុជាពី​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល​ ​ពត​ ​ ហើយ​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា​ ឆ្នាំ១៩៧៩៕

XS
SM
MD
LG