សារមន្ទីរដ៏ធំមួយនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រកាសពីគម្រោងបញ្ជូនវត្ថុបុរាណដែលមានអាយុកាលដ៏ចំណាស់ចំនួន ១៤ ទៅកាន់ប្រទេសកម្ពុជាវិញ ដោយបានដកវត្ថុបុរាណទាំងនោះចេញពីកន្លែងតាំងក្នុងសារមន្ទីរ។ នេះបើយោងតាមសេចក្តីប្រកាសមួយរបស់សារមន្ទីរ Metropolitan Museum of Art (The Met) ចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៥ ខែធ្នូនេះ។ ជាមួយគ្នានោះ វត្ថុបុរាណ ២ ដាច់ដោយឡែក ក៏នឹងត្រូវបានបញ្ជូនទៅកាន់ប្រទេសថៃផងដែរ។
សេចក្តីប្រកាសនោះបានឱ្យដឹងថា វត្ថុបុរាណទាំង ១៦ នេះ ត្រូវបានសារមន្ទីរកត់ចំណាំថា មានជាប់ពាក់ព័ន្ធនឹងអ្នករក្សាទុកវត្ថុបុរាណជនជាតិអង់គ្លេស លោក Douglas Latchford ដែលកាលពីឆ្នាំ ២០១៩ លោកត្រូវបានផ្តន្ទាទោសពីបទជួញដូរវត្ថុបុរាណខុសច្បាប់។ ក្រោយការផ្តន្ទាទោសរបស់លោក Latchford សារមន្ទីរ The Met បានចាប់ផ្តើមសហការជាមួយការិយាល័យរដ្ឋអាជ្ញាប្រចាំរដ្ឋញូវយ៉ក និងមន្ត្រីរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យមើលលើវត្ថុបុរាណខ្មែរមួយចំនួនដែលត្រូវបានដាក់តាំងនៅសារមន្ទីរ។ តាមរយៈកិច្ចសហការនិងសិក្សាស្រាវជ្រាវរួមគ្នានេះ សារមន្ទីរ The Met និងការិយាល័យរដ្ឋអាជ្ញាក៏បានធ្វើកិច្ចព្រមព្រៀងមួយដើម្បីបញ្ជូនវត្ថុបុរាណខ្មែរទៅប្រទេសកម្ពុជាវិញ។
លោក Max Hollein នាយកសារមន្ទីរនិងមន្ត្រីប្រតិបត្តិរបស់សារមន្ទីរ The Met បានថ្លែងនៅក្នុងសេចក្តីប្រកាសនោះថា៖ «សារមន្ទីរ The Met បានធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយប្រទេសកម្ពុជានិងការិយាល័យរដ្ឋអាជ្ញាក្នុងរយៈពេលជាច្រើនឆ្នាំ ដើម្បីស្វែងរកចម្លើយពាក់ព័ន្ធនឹងវត្ថុបុរាណទាំងនេះ ហើយព័ត៌មានថ្មីដែលត្រូវបានរកឃើញតាមរយៈដំណើរការនេះបានបញ្ជាក់យ៉ាងច្បាស់ថា យើងគួរផ្តួចផ្តើមឱ្យមានការបញ្ជូនវត្ថុបុរាណមួយក្រុមនេះ»។ លោក Hollein ក៏បានលើកឡើងថា សារមន្ទីរ The Met «ឱ្យតម្លៃខ្ពស់» ដល់ដំណើរការពិភាក្សាគ្នាដោយបើកចំហជាមួយភាគីប្រទេសកម្ពុជានិងប្រទេសថៃ។
វត្ថុបុរាណដែលនឹងត្រូវបានបញ្ជូនទៅកម្ពុជាវិញ ត្រូវបានសន្មតថា មានអាយុកាលក្នុងចន្លោះសតវត្សរ៍ទី៩ និងទី១៤ ក្នុងអំឡុងសម័យអង្គរដែលឆ្លុះបញ្ចាំងពីជំនឿសាសនាហិណ្ឌូនិងសាសនាព្រះពុទ្ធ ដែលត្រូវបានប្រតិបត្តិក្នុងអំឡុងពេលនោះ។
វត្ថុបុរាណទាំងអស់នេះនឹងត្រូវបានដាក់បង្ហាញនៅកន្លែងតាំងថ្មីមួយក្នុងសារមន្ទីរ ដើម្បីបង្ហាញពីដំណើរការបញ្ជូនវត្ថុបុរាណទាំងនោះត្រឡប់ទៅប្រទេសដើមវិញ ខណៈដំណើរការបញ្ជូនពិតប្រាកដកំពុងត្រូវបានរៀបចំឡើង៕