នៅថ្ងៃអង្គារនេះ អង្គការសង្គមស៊ីវិលធំៗចំនួន១៣បានបញ្ជាក់ការព្រួយបារម្ភរបស់ខ្លួនអំពីការរំលោភសិទ្ធិមនុស្ស និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីមានការចាប់ឃុំខ្លួនសកម្មជននិងមន្ត្រីគណបក្សជំទាស់ និងសកម្មជនសិទ្ធិមនុស្សជាបន្តបន្ទាប់ នាពេលថ្មីៗនេះ។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា ពួកខ្លួនយល់ថា រដ្ឋាភិបាលកម្ពុជាកំពុងតែរៀបចំយុទ្ធនាការថ្នាក់ជាតិមួយដើម្បីបិទមាត់ក្រុមមតិភាគតិច និងសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ ហើយការណ៍នេះធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅក្នុងប្រទេសដ៏ក្រីក្រនេះ។ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះរួមមានគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា CHRAC អង្គការសិទិ្ធមនុស្ស ADHOC មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR អង្គការ SILAKA និងសហភាពការងារកម្ពុជា CLC ជាដើម។
ក្រុមអង្គការសង្គមស៊ីវិលដដែលបានឲ្យដឹងថា ការវិវត្តថ្មីៗនេះ រួមទាំងការចាប់ឃុំខ្លួនលោកហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដោយខុសនីតិវិធី និងខុសច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាទាក់ទិននឹងអភ័យឯកសិទ្ធិរបស់លោក ការដាក់ទោសទណ្ឌដល់សកម្មជនរបស់គណបក្សសង្គ្រោះជាតិដែលមានឫសគល់តែមួយ និងការចាប់ឃុំខ្លួនយុវជនបីរូប ដែលជាសមាជិកអង្គការមាតាធម្មជាតិ នៅខេត្តកោះកុងកាលពីថ្ងៃច័ន្ទកន្លងទៅជាដើម។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការ និងសមាគមដែលចេញផ្សាយនាថ្ងៃអង្គារនេះ បានសរសេរថា៖ «ការវិវត្តទាំងនេះគឺជាកត្តារួមផ្សំយ៉ាងសំខាន់ និងបង្ហាញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យ។ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំយុទ្ធនាការមួយដើម្បីបិទសំឡេងក្រុមជំទាស់ ដែលធ្វើការជំទាស់យ៉ាងខ្លាំងបំផុត»។
សេចក្តីការណ៍រួមនេះបានបន្តថា ក្រុមអង្គការសង្គមស៊ីវិល«សោកស្តាយជាខ្លាំងចំពោះទង្វើខាងលើនេះរបស់រដ្ឋាភិបាល និងសូមបញ្ជាក់ជាថ្មីអំពីការប្តេជ្ញារបស់យើងខ្ញុំចំពោះលទ្ធិប្រជាធិតេយ្យ និងសិទ្ធិមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សអាដហុក បានថ្លែងថា អង្គការសង្គមស៊ីវិលកម្ពុជាយល់ឃើញថា ការវិវត្តនយោបាយចុងក្រោយនេះគឺ«វិវត្តទៅរកភាពអវិជ្ជមាន។ ជាពិសេសនៅពេលដែលកំដៅនយោបាយបានកើនឡើង វាអាចធ្វើឲ្យមានការរំលោភសិទ្ធិមុនស្សកើនឡើង និងឲ្យមានការប៉ះពាល់ដល់ការសម្តែងមតិក៏ដូចជាសេរីភាពក្នុងការចូលរួមនយោបាយដែរ»។
លោកបានបន្ថែមថា គណបក្សនយោបាយធំៗទាំងពីរគួរតែបន្តកិច្ចសន្ទនាដើម្បីពង្រីងស្ថិរភាពនយោបាយនិងការអភិវឌ្ឍ។
«យើងចង់ឲ្យក្រុមអ្នកនយោបាយបែរមកពង្រឹងទី១ វប្បធម៌សន្ទនា ទី២ អនុវត្តឲ្យបានម៉ឺងម៉ាត់នូវគោលការណ៍ក្នុងការបង្កើតឲ្យមានក្រុមមតិភាគតិច ក្រុមមតិភាគច្រើននេះ ដើម្បីជជែកគ្នាអំពីបញ្ហាជាតិ។ កុំយកពេលវេលាទៅប្រើប្រាស់ វាយប្រហារគ្នាដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅដោយសុខដុមរមនារបស់ប្រជាពលរដ្ឋផង និងវាខាតពេលវេលាអត់ប្រយោជន៍ផង»។
លោកនី ចរិយាបានបន្តថា គណបក្សទាំងពីរគួរតែកំណត់អាទិភាពសំខាន់របស់ជាតិ ហើយមិនគួរវាយប្រហារគ្នាក្នុងឆាកនយោបាយទេ តែផ្ទុយទៅវិញ គេគួរតែចាប់ដៃធ្វើការជាមួយគ្នា ជាពិសេសករណីព្រំដែនដែលត្រូវការការឯកភាពជាតិនោះ។
កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ក្រុមយុវជន៣រូបរបស់អង្គការមាតាធម្មជាតិត្រូវបានចាប់ឃុំខ្លួននៅខេត្តកោះកុង បន្ទាប់ពីពួកគាត់បានធ្វើសកម្មភាពតវ៉ាប្រឆាំងការបូមខ្សាច់នាខេត្តនោះ។
កាលពីថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១៥កន្លងទៅ តុលាការរាជធានីភ្នំពេញ បានផ្តន្ទាទោសលោកមាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មានគណបក្សសង្គ្រោះជាតិ ដែលមានសញ្ជាតិអាមេរិកាំង និងសកម្មជនគណបក្សសង្គ្រោះជាតិ១០រូបផ្សេងទៀត ទាក់ទិននឹងអំពើហិង្សាក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំមុន។ ជាមួយគ្នានោះដែរ សកម្មជនបីរូបផ្សេងទៀតក៏ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទចូលរួមបាតុកម្មនោះផងដែរ។
កាលពីចុងសប្តាហ៍កន្លងទៅ តុលាការក្រុងភ្នំពេញបានបញ្ជាឲ្យឃុំ និងចោទលោកហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ី ដែលមានសញ្ជាតិបារាំងពីបទ«ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែងក្លាយ និងញុះញង់»។ ការចាប់ឃុំខ្លួននេះគឺធ្វើឡើងមិនបានប៉ុន្មានថ្ងៃផង បន្ទាប់ពីមានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកសុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា៖ «វាគ្មានការឡើងកំដៅនយោបាយអ្វីនោះទេ» ហើយការចាប់ខ្លួនពេលថ្មីនោះទៀតសោតក៏មិនទាក់ទិននឹងរឿងនយោបាយអ្វីនោះដែរ តែជាការប្រព្រឹត្តខុសរបស់បុគ្គលទៅវិញទេ។ លោកបានបន្តថា អង្គការសង្គមស៊ីវិលទាំង១៣ដែលសម្តែងការព្រួយបារម្ភនោះគឺគ្រាន់តែតំណាងឲ្យអង្គការសង្គមស៊ីវិលមួយចំនួនតូច បើប្រៀបធៀបទៅនឹងអង្គការសង្គមស៊ីវិលមួយចំនួនធំ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។
«ហើយអង្គការប៉ុន្មាន? អង្គការ១៣! ហើយក្នុងទូទាំងប្រទេសមានអង្គការជាង៥៣០០អង្គការឯណោះ។ តើប៉ុន្មានភាគរយទៅ? វាមិនបាន០,១ ភាគរយផង។ អាហ្នឹងយើងគិតមើល! កុំយកអ្នក១៣ហ្នឹងធ្វើជាច្រើននោះណា៎។ កាលពីពេលតវ៉ាអាច្បាប់ NGO នឹងថា ៣០ វាមិនដល់១ភាគរយផងទេ។ តែឥឡូវ១៣។ ១៣ហ្នឹងគឺវាតិចមែនទែនហើយ! ហើយខ្ញុំប្រឆាំងនឹងទស្សនៈថា ឡើងកំដៅ។ វាគ្មានឡើងកំដៅអីនោះទេ។ អ្នកណាធ្វើខុសគឺត្រូវតែទទួលទោសនោះហើយ»។
កាលពីព្រឹកថ្ងៃច័ន្ទកន្លងទៅ លោកសម រង្ស៊ីបានឲ្យដឹងថា លោកនឹងព្យាយាមទម្លាយភាពជាប់គាំង និងភាពតានតឹងផ្នែកនយោបាយជាលើកទីបីជាមួយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ហើយលោកបន្តថា នឹងមានការធ្វើសម្បទានផ្នែកនយោបាយមួយចំនួនដើម្បីឲ្យមានការដោះលែងសមាជិក និងសកម្មជនរបស់ខ្លួន។
ទោះជាយ៉ាងនេះក៏ដោយ លោកសុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងលោកយឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា មិនទាន់មានផែនការជួបចរចារវាងប្រធានគណបក្សទាំងពីរនេះទេ៕