ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធសំណើសុំដោះលែងឱ្យនៅក្រៅឃុំ ដើម្បីព្យាបាលជំងឺរបស់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ដោយអះអាងថាពន្ធនាគារមានថ្នាំ និងពេទ្យគ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺ។
ក្នុងសវនាការលើពាក្យសុំដោះលែងឲ្យមានសេរីភាពលើសំណុំរឿង «ចេញសែកអត់សាច់ប្រាក់» នារសៀលថ្ងៃព្រហស្បតិ៍នេះ ចៅក្រមស៊ើបសួរ លោកស្រី ឈុន ដាវី បានថ្លែងថា តុលាការមិនអនុញ្ញាតដោះលែងលោក ថាច់ សេដ្ឋា ដើម្បីព្យាបាលជំងឺតាមការស្នើសុំនោះទេ ដោយលោកស្រីលើកឡើងថា ក្នុងពន្ធនាគារមានធនធានគ្រប់គ្រាន់ក្នុងការព្យាបាល ហើយថា លោកថាច់ សេដ្ឋា ក៏អាចយកគ្រូពេទ្យពីខាងក្រៅ ដើម្បីចូលពិនិត្យផងដែរ។
ចៅក្រមរូបនេះបន្ថែមថា ការអនុញ្ញាតឲ្យលោក ថាច់ សេដ្ឋា នៅក្រៅឃុំ អាចបង្កឲ្យមានអសន្តិសុខសង្គម និងអាចប៉ះពាល់ដល់នីតិវិធីបន្ត។
លោក ជូង ជូងី មេធាវីការពារក្តីរបស់លោក ថាច់ សេដ្ឋា ប្រាប់វីអូអេក្រោយបញ្ចប់សវនាការថា ចៅក្រមស៊ើបសួរបានបញ្ចប់ការស៊ើបអង្កេតហើយ ដូច្នេះមិនមានភាពចាំបាច់ត្រូវឃុំខ្លួនលោក ថាច់ សេដ្ឋា ឡើយ។ លោកបន្ដថា ការស្នើឲ្យនៅក្រៅឃុំជាបន្តបន្ទាប់នេះ ដោយហេតុថា លោក ថាច់ សេដ្ឋា មានបញ្ហាសុខភាពបេះដូង ដោយមានខ្លាញ់រុំបេះដូង លើសឈាម ឡើងជាតិស្ករ ឡើងជាតិអាស៊ីត ហើយលោកត្រូវការការព្យាបាលជាប្រចាំ។
លោក ជូង ជូងី បន្ថែមថា ការមិនអនុញ្ញាតឲ្យកូនក្តីរបស់លោកមានសេរីភាពដើម្បីព្យាបាលជំងឺ គឺជារឿងអយុត្តិធម៌ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្តីរបស់លោក។
លោកថ្លែងថា៖ «វាជាសិទ្ធិសម្រេចរបស់ចៅក្រម។ ប៉ុន្តែខ្ញុំមានការសម្គាល់ថា ខ្លាចមានបញ្ហាមិនប្រក្រតី ប៉ះពាល់ដល់យុត្តិធម៌ ក្នុងការចាត់ការរឿងក្តី»។
លោកមេធាវីបន្ថែមថា លោក ថាច់ សេដ្ឋា មិនបានបដិសេធ មិនបានគេចវេស មិនចូលខ្លួនមកតុលាការទេ ហើយផ្ទុយទៅវិញ លោកមិនដែលទទួលបានដីកាពីតុលាការម្តងណាឡើយ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ យល់ថា បើតាមនីតិវិធីច្បាប់ បុគ្គលជាប់ចោទមានសិទ្ធិស្នើសុំទម្លាក់បទចោទ និងសុំនៅក្រៅឃុំបណ្ដោះអាសន្ន ប្រសិនបើពួកគេមានលក្ខខណ្ឌ និងភស្ដុតាងគ្រប់គ្រាន់បង្ហាញថា ពួកគេពិតជាមានបញ្ហាសុខភាព។
លោកបញ្ជាក់ថា៖ «ករណីលោក ថាច់ សេដ្ឋា នោះ បើសិនជាមិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការស្នើសុំនៅក្រៅឃុំ ដូចការចោទប្រកាន់ ប្រសិនជាគ្មានភស្ដុតាងទេ អាហ្នឹងធ្វើតាមអាហ្នឹងក៏ធ្វើទៅបាន។ ហើយមួយទៀត យោងទៅតាមកត្ដាសុខភាពរបស់គាត់ ប្រសិនជាសុខភាពគាត់ធ្ងន់ធ្ងរ ក៏អាចត្រូវការព្យាបាល អាហ្នឹងតុលាការត្រូវតែពិចារណាតាមហ្នឹងដែរ ដើម្បីឲ្យគាត់មានលទ្ធភាពទទួលបានការព្យាបាល»។
លោក អំ សំអាត បន្ថែមថា ជារឿយៗសំណុំរឿងដែលពាក់ព័ន្ធនឹងស្ថានភាពនយោបាយតែងត្រូវបានអូសបន្លាយពេលយូរ។
លោក ថាច់ សេដ្ឋា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួននិងឃុំខ្លួនកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ក្នុងសំណុំរឿង «ចេញសែកអត់សាច់ប្រាក់»។ លោកត្រូវបានចៅក្រមស៊ើបសួរ ចេញដីកាតម្រូវឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទ «មិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។
ក្នុងអំឡុងពេលកំពុងឃុំខ្លួន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក៏បានចោទប្រកាន់លោក ថាច់ សេដ្ឋា មួយទៀត ពីបទ «ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ញុះញង់ឲ្យមានការរើសអើង» ពាក់ព័ន្ធនឹងការនិយាយអំពីនយោបាយ និងប្រវត្តិសាស្ត្រប្រទេសកម្ពុជាជាមួយពលករនៅប្រទេសកូរ៉េខាងត្បូង កាលពីដើមឆ្នាំ ២០២៣។ បើតាមមេធាវី លោក ថាច់ សេដ្ឋា បាននិយាយអំពីប្រវត្តិសាស្រ្តថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ជាថ្ងៃ «យួនឈ្លានពាន» ការសង់ស្តូបមិត្តភាពកម្ពុជាវៀតណាម ធ្វើឲ្យ «បែកបាក់ជាតិ» និងនិយាយអំពីប្រវត្តិនៃការកកើតគណបក្សប្រជាជនកម្ពុជា៕