លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃចន្ទ បានថ្លែងថា ប្រេសិតពិសេសរបស់ប្រធានអាស៊ាន គឺរដ្ឋមន្ត្រីការបរទេសកម្ពុជាមិនអាចធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាឡើយ ហើយលោកថា ទុកឲ្យប្រេសិតរបស់ប្រធានអាស៊ានប្តូរវេនក្រោយៗទៀត ជាអ្នកដោះស្រាយវិបត្តិក្នុងប្រទេសភូមា។
លោក ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅទីក្រុងព្រុយសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី ១២ ខែធ្នូ នៅពេលលោកធ្វើដំណើរទៅចូលរួមកិច្ចប្រជុំខួបអនុស្សាវរីយ៍អាស៊ាននិងសហភាពអឺរ៉ុប។
លោក ហ៊ុន សែន ដែលធ្លាប់ទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែមករា ឆ្នាំ ២០២២ និងបានជួបមេដឹកនាំយោធាភូមាផងនោះ បានថ្លែងថា វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាអាចនឹងបន្តយ៉ាងតិច ៥ ឆ្នាំទៀត។
លោក ហ៊ុន សែន ថ្លែងថា៖ «គេថាខ្ញុំធ្វើឲ្យខូចសភាពការណ៍មីយ៉ាន់ម៉ា ខ្ញុំអាចនឹងទស្សន៍ទាយបានថា មីយ៉ាន់ម៉ា តិចបំផុត៥ឆ្នាំទៀត។ អ្នកណាជើងខ្លាំងទៅដោះទៅ ខ្ញុំជិតចប់ភារកិច្ចរបស់ខ្ញុំហើយ។ បេសកជនពិសេសរបស់ប្រធានអាស៊ានមិនអាចធ្វើដំណើរទៅមីយ៉ាន់ម៉ាបានតទៅទៀតទេ ទុកឲ្យបេសកជនរបស់ប្រធានអាស៊ានក្រោយ»។
កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២២ អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ប្រាប់វីអូអេថា ប្រេសិតពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានលុបចោលគម្រោងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាជាលើកទី ៣ របស់លោក។
លោក ជុំ សុន្ទរី អះអាងថា មូលហេតុនៃការលុបចោលនេះ ដោយសារតែពេលវេលា ខណៈថារដ្ឋមន្ត្រីការបរទេសកម្ពុជារូបនេះក៏នឹងត្រូវចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអាស៊ាន និងសហភាពអ៊ឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ លោកបន្ថែមថា កត្តាមួយទៀតគឺដោយសារតែមិនមានការរំពឹងថានឹងសម្រេចបាននូវលទ្ធផលជាដុំកំភួន។
គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ ២០២១ មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទលើ ៥ ចំណុច ដើម្បីដោះស្រាយបញ្ហាតានតឹងនយោបាយ ក្រោយប្រទេសនេះធ្លាក់ក្នុងរដ្ឋប្រហារយោធា កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២១។ ទី ១ បញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ ហើយគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ខ្ពស់បំផុត។ ទី ២ កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី ៣ ចាត់តាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី ៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី ៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕