ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការដោះលែងលោក Thaksin ធ្វើឡើងចំពេលជម្លោះចាស់បានបញ្ចប់ តែជម្លោះថ្មីបានចាប់ផ្តើម


រូបឯកសារ៖ អតីតនាយករដ្ឋមន្ត្រី​ថៃលោក Thaksin Shinawatra បានធ្វើដំណើរមកដល់អាកាសយានដ្ឋាន Don Muang នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
រូបឯកសារ៖ អតីតនាយករដ្ឋមន្ត្រី​ថៃលោក Thaksin Shinawatra បានធ្វើដំណើរមកដល់អាកាសយានដ្ឋាន Don Muang នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

ប្រទេស​ថៃ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​អំពី​ការ​ដោះលែង​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក Thaksin Shinawatra ពី​មន្ទីរពេទ្យ​ក្រុម​តម្រួត។ លោក Thaksin គឺ​ជា​មហាសេដ្ឋី​ធ្លាប់​ស្ថិត​នៅក្នុង​ចំណុល​ស្នូល​នៃ​ការ​បែកបាក់​ខាង​នយោបាយ​នៅ​ប្រទេស​ថៃ។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​លោក Thanksin បាន​ទទួល​ការ​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ​ក្នុង​ពេល ៦ ខែ​ក្រោយ​មក ​បន្ទាប់ពី​លោក​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​ថៃ​វិញ​ពី​ការ​និរទេស​ខ្លួន​ដោយ​ខ្លួនឯង​អស់​រយៈពេល ១៥ ឆ្នាំ​នៅ​ក្រៅ​ប្រទេស។

លោក Thaksin អាយុ ៧៤ ឆ្នាំ បាន​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​រយៈពេល ៨ ឆ្នាំ ប៉ុន្តែ​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​បន្ធូរបន្ថយ​ទោស​ភ្លាមៗ​បន្ទាប់ពី​លោក​បាន​វិល​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​កាលពី​ថ្ងៃ​ទី ២២ ខែ​សីហា​ឆ្នាំ​មុន ដែល​ធ្វើ​ឱ្យ​ទោស​លោក​បន្ថយ​មក​នៅ​ត្រឹម​ការ​ជាប់​ឃុំ​មួយ​ឆ្នាំ។

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថៃ​លោក Tawee Sodsong បាន​ប្រាប់​អ្នក​កាសែត​កាលពី​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ​ថា៖ «គណៈកម្មាធិការ​ខាង​ការ​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ​បាន​សម្រេច​ថា លោក Thaksin [ជា​អ្នកទោស​ម្នាក់​ក្នុង​ចំណោម​អ្នកទោស] ដែល​មាន​សិទ្ធិ​ទទួល​បាន​ការ​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ​ដោយសារ​បញ្ហា​សុខភាព​និង​អាយុ​ច្រើន និង​បន្ទាប់ពី​លោក​បាន​អនុវត្ត​ទោស​មួយ​ភាគ​បី​នៃ​ទោស​សរុប​របស់​លោក​រួច​មក»។

អ្នកជំនាញ​នានា​បាន​និយាយ​ថា ការ​ដោះលែង​លោក Thaksin នេះ​គឺជា​សញ្ញា​មួយ​នៃ​ការ​តម្រែ​តម្រង់​អំណាច​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​បញ្ចប់​ជម្លោះ​ជិត​ពីរ​ទសវត្សរ៍​កន្លងមក​រវាង​បក្ខពួក​របស់​លោក Thaksin និង​ក្រុម​វរជន​រាជានិយម​ដូចជា​កងទ័ព ក្រុម​ពាណិជ្ជករ​ធំៗ និង​ក្រុម​ការិយាធិបតេយ្យ​រាជវាំង​ជាដើម។

លោក Verapat Pariyawong ដែល​ជា​មេធាវី​ថៃ​ម្នាក់​ដែល​បង្រៀន​ផ្នែក​ច្បាប់​និង​នយោបាយ​នៅ​សាកលវិទ្យាល័យ University of London បាន​ប្រាប់ VOA ថា៖ «ករណី​នេះ​បង្ហាញ​ថា នីតិរដ្ឋ ប្រសិនបើ​មាន​មែន អាច​ត្រូវ​បត់បែន​សម្រប​ឱ្យ​ត្រូវ​តាម​គោល​បំណង​នយោបាយ​របស់​ពួក​អ្នក​កាន់​អំណាច​នៅពេល​នោះ។ ម្យ៉ាង​ទៀត វា​បង្ហាញ​ថា​មាន​ការ​បត់បែន​ក្នុង​នយោបាយ​ថៃ​ដើម្បី​បំបាត់​ជម្លោះ​ចាក់ឫស​ចាក់គល់​ធ្ងន់ធ្ងរ»។

ការ​បត់បែន​នេះ​បាន​បណ្ដាល​ឱ្យ​គណបក្ស Pheu Thai ដែល​គ្រប​ដណ្តប់​ដោយ​ក្រុម​គ្រួសារ​របស់​លោក Thaksin បាន​ចូលរួម​ជាមួយ​អតីត​សត្រូវ​អភិរក្ស​និយម​នានា​នៅក្នុង​រដ្ឋាភិបាល​ចម្រុះ​មួយ​ដែល​បាន​ផាត់ចោល​គណបក្ស Move Forward។

គណបក្ស Move Forward បាន​ឈ្នះ​អាសនៈ​ភាគច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​ឧសភា ឆ្នាំ ២០២៣ ប៉ុន្តែ​ត្រូវ​បាន​គេ​រុញច្រាន​ឱ្យ​ក្លាយទៅជា​ក្រុម​ប្រឆាំង​វិញ។

គណបក្ស​ Move Forward ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ទោសដោយសារបានស្វះស្វែងរំលំ​របបរាជាធិបតេយ្យអាស្រ័យ​រដ្ឋធម្មនុញ្ញ​ដោយ​មាន​យុទ្ធនាការកែប្រែច្បាប់​ប្រមាថ​ព្រះ​ចេស្តា​ដ៏សែន​តឹងតែង ដែលអាចមានទោសជាប់ឃុំ​ក្នុង​ពន្ធនាគាររហូត​ដល់ ​១៥ ឆ្នាំ​សម្រាប់​បទ​ចោទ​នីមួយៗ។ ​សេចក្តីសម្រេច​នេះនាំ​ឱ្យ​បក្ស​នេះ​ងាយ​រង​គ្រោះ​ដោយ​ត្រូវ​រំលាយ។

រូបឯកសារ៖ លោក Pita Limjaroenrat អតីតមេដឹកនាំ​គណបក្សឆ្ពោះទៅមុខ (Move Forward Party) អមដោយអ្នកសារព័ត៌មាននៅពេលលោក​បាន​បង្ហាញខ្លួន​នៅតុលាការ​រដ្ឋធម្មនុញ្ញថៃ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ លោក Pita Limjaroenrat អតីតមេដឹកនាំ​គណបក្សឆ្ពោះទៅមុខ (Move Forward Party) អមដោយអ្នកសារព័ត៌មាននៅពេលលោក​បាន​បង្ហាញខ្លួន​នៅតុលាការ​រដ្ឋធម្មនុញ្ញថៃ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤។

លោក Pita Limjaroenrat មេដឹកនាំគណបក្ស Move Forward ដែល​ជាអ្នកនយោបាយ​មានប្រជាប្រិយភាព​បំផុតនៃ​ប្រទេស​ថៃ ក៏​ប្រឈម​នឹងបញ្ហា​ផ្លូវ​ច្បាប់​មួយ​ចំនួនដែល​អាច​បញ្ចប់​មហិច្ឆតារបស់​លោក​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជា​រៀង​រហូតពីព្រោះ​លោក​ក្លាយ​ជាការ​គំរាមកំហែងធំដល់​ពួក​អ្នក​កាន់អំណាច។

លោក Verapat បាន​បន្ថែមថា៖ «មាន​ការ​ខាតពេលវេលា​ច្រើន​អំពីបញ្ហា​លោក Thaksin។​ លោក​ត្រូវ​បាន​លាប​ពណ៌ជា​អ្នក​ប្រឆាំងនឹង​របប​រាជាធិបតេយ្យ តែ ​២០ ឆ្នាំ​ក្រោយ និង​មានរដ្ឋប្រហារ​ពីរ​លើក​បន្ទាប់​មក លោកត្រូវ​បាន​លើកលែងទោសដោយ​ព្រះមហាក្សត្រ»។

លោក Verapatបាន​ថ្លែង​ទៀត​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ​យើង​នឹង​មិន​ធ្វើ​ដដែល​ទៀតជាមួយ​លោក Pita និង​គណបក្ស​ Move Forward ទេ»។

លោក Thaksin ជា​នាយ​ប៉ូលិសម្នាក់មក​ពី​ខេត្ត​ឈៀងម៉ៃ (Chiang Mai) នា​ប៉ែក​ខាងជើង​ប្រទេស​ដែល​បាន​ក្លាយ​ជា​មានពី​ក្រុមហ៊ុនទូរគមនាគមន៍។ លោកបាន​បង្អាក់​អំណាច​ចាស់​នៅ​ថៃដោយ​បាន​ឈ្នះ​ការបោះឆ្នោត​កាល​ពី​ឆ្នាំ ២០០១ ​ដោយសារ​មាន​ការ​គាំទ្រ​រាប់​លាន​សន្លឹក​ពី​អ្នក​ក្រីក្រ​ក្នុង​តំបន់​ជនបទនិង​ក្រុមពលករក្នុង​ទីក្រុង។

ប៉ុន្តែ​ប្រជាប្រិយភាព​ផ្ទាល់ខ្លួន​របស់​លោកនិង​គោលនយោបាយ​សេដ្ឋកិច្ចរបស់​លោក​ រួមមាន​ការ​ថែទាំ​សុខភាពដោយ​សឹង​តែ​មិន​ចាំ​បាច់​បង់​សោហ៊ុយ​សម្រាប់​ក្រុម​ជន​ក្រីក្រ បាន​ធ្វើ​ឱ្យ​ពួកអ្នកកាន់អំណាច​រាជានិយម​មិន​សប្បាយចិត្ត​យ៉ាង​ឆាប់រហ័ស។

រដ្ឋាភិបាល​របស់​លោក​ត្រូវបាន​ដក​ចេញពី​តំណែង​នៅ​ក្នុង​រដ្ឋប្រហារ​មួយ​កាល​ពី​ឆ្នាំ​២០០៦​ហើយលោក​បាន​និរទេស​ខ្លួនទៅនៅ​ក្រៅប្រទេសដោយ​ខ្លួនឯង​នៅ​ពេល​ពីរ​ឆ្នាំ​បន្ទាប់​មក​នៅ​ពេលលោក​មាន​ទោសពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ។

នៅក្រោយរយៈពេល​ច្រើន​ឆ្នាំនៃ​អស្ថិរភាពនយោបាយ​ កងទ័ព​ដឹកនាំដោយ​លោក Prayuth Chan-Ocha​ បានទម្លាក់រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​ប្អូនស្រី​លោក Thaksin គឺ​លោកស្រី Yingluck នៅ​ឆ្នាំ​២០១៤។

រដ្ឋាភិបាល​លោក Prayuth បាន​គ្រប់គ្រង​ប្រទេស​រហូតដល់ការបោះឆ្នោត​កាលពី​ឆ្នាំ​ទៅ។

នាយករដ្ឋមន្ត្រី​ថៃ លោក​ Srettha Thavisin បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែតកាលពី​ថ្ងៃ​អង្គារ ទី ១៣ ខែ​កុម្ភៈ​ថា៖ ​«អ្វីដែល​បាន​កើត​មាន​កាល​ពីអតីតកាល​ជាអតីតកាល។ លោក Thaksin ជានាយករដ្ឋមន្ត្រី​មាន​គេ​ស្រឡាញ់ច្រើន​ជាងគេមួយ​រូប​ក្នុងប្រវត្តិសាស្ត្រ​នយោបាយ​នៃ​ប្រទេស​ថៃ។ នៅពេល​ត្រូវ​ដោះលែង​លោក​គ្រាន់តែ​ជា​ពលរដ្ឋ​សាមញ្ញ​ម្នាក់‍»។ លោក​បានថ្លែង​បន្ថែម​ថា​ លោក​ Thaksin បាន​ឆ្លងកាត់​«ប្រព័ន្ធយុត្តិធម៌»ដោយគ្មាន​ការអនុគ្រោះ​ពិសេសតាមរយៈបទបញ្ញត្តិ​នៃ​មន្ទីរ​កែប្រែ​ណា​មួយ​ទេ។

រូបឯកសារ៖ នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​មួយ​ នៅ​ទីស្នាក់ការ​របស់គណបក្ស Pheu Thai នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​មួយ​ នៅ​ទីស្នាក់ការ​របស់គណបក្ស Pheu Thai នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

ផ្នែក​ទាំង​ពីរ​នៃ​យុត្តិធម៌

លោក Srettha អាយុ​ ៦១ ឆ្នាំ ដែល​ជា​សេដ្ឋី​អចលនទ្រព្យ បាន​កាន់​តំណែង​នាយករដ្ឋមន្ត្រីទោះ​ជា​គណបក្ស Pheu Thai របស់​លោក​ចាញ់​ឆ្នោត​ក៏​ដោយ។

លោក​ស្មោះស្ម័គ្រ​ជាមួយនឹង​លោក​ Thaksin ហើយលោកនិយាយថា​ ការ​ធ្វើឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ថៃមាន​ដំណើរការល្អ​ឡើង​វិញ​ជា​អាទិភាពធំ​របស់​លោក ជា​ផ្នែកមួយ​នៃការ​ជំរុញ​«អំណាច​ទន់» មានរួម​ការ​បន្ថែម​រយៈ​ពេលបុណ្យ​ចូលឆ្នាំ​សង្ក្រាន្ត (Songkran) ប្រចាំឆ្នាំដើម្បីទាក់ទាញ​ទេសចរ​ឱ្យ​បាន​ច្រើន​ជាង​មុន និង​ការ​ឧបត្ថម្ភ​ផ្ចុងផ្តើម​ផលិតកម្ម​ថៃ​រួម​មាន​ខោ​ជើងដំរី​និងផ្លែឈើ​ជា​ដើម។

ប៉ុន្តែ​ ក្រុម​អ្នករិះគន់​លោក​និយាយបង្ហាញហេតុផល​ថា​ ការ​ផ្តោត​លើ​សេដ្ឋកិច្ចមានឡើងដោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់សិទ្ធិ​និង​សេរីភាព​ច្រើន​ជាង​មុនសម្រាប់​ប្រជារាស្ត្រ​ថៃ ដែល​បាន​ធ្លាក់​ចុះខ្លាំងនៅក្រោម​រដ្ឋាភិបាល​លោក Prayuth។

នៅ​ថ្ងៃ​ជាមួយ​គ្នាដែល​ការ​ដោះលែង​លោក Thaksin ពី​ការ​ឃុំឃាំង​មុនពេលកំណត់ត្រូវ​បាន​ប្រកាស​ អ្នក​សារព័ត៌មាន​ពីរ​នាក់ ម្នាក់​មក​ពីកាសែតប្រចាំថ្ងៃឆ្វេងនិយម​ Prachatai ហើយ​ម្នាក់ទៀត​ជា​អ្នកកាសែតមិន​ធ្វើ​ការ​ឱ្យអង្គភាព​ព័ត៌មាន​ណា​មួយ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​តុលាការដោយ​ត្រូវ​ចោទប្រកាន់​ថា ​ជាអ្នក​រួម​គំនិតឃុបឃិតក្នុង​ការធ្វើឱ្យខូច​កន្លែង​ស្តូប​អនុស្សាវរីយ៍ជាតិ​មួយ​ ​នៅ​ក្រោយពួកគេ​បាន​រាយការណ៍​អំពីបាតុករ​លម្អៀងទៅ​ខាង​ប្រជាធិបតេយ្យម្នាក់ដែល​បានបាញ់​ថ្នាំពណ៌​សរសេរពាក្យ​ពេចន៍ប្រឆាំង​នឹង​ច្បាប់ប្រមាថ​ព្រះ​ចេស្តានៅ​លើកំផែង​រាជវាំង​កាល​ពី​ឆ្នាំ​ទៅ។

ទោស​ព្រហ្មទណ្ឌ​នេះ​អាច​ត្រូវ​ជាប់​ពន្ធនាគារ ៧ ឆ្នាំ។

សម្ពន្ធភាព​បណ្តាញផ្សព្វផ្សាយថៃ​ដើម្បីលទ្ធិប្រជាធិបតេយ្យ​បាន​និយាយនៅ​ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ពួកអ្នកកាសែត​មិនមែន​ជាឧក្រិដ្ឋជន​ទេ‍»។

ក្រុមអ្នករិះគន់​រដ្ឋាភិបាល​ឯ​ទៀតៗ​ថ្លែងថា​ សិទ្ធិ​នានាបាន​រលាយឆាប់រហ័សនៅក្រោម​រដ្ឋាភិបាល​លោក Srettha។

លោក​ Thasnai Sethaseree ដែល​ជា​បញ្ញវន្ត​លម្អៀងទៅ​ខាង​ប្រជាធិបតេយ្យ​ល្បី​ឈ្មោះ​ម្នាក់នៃ​សាកលវិទ្យាល័យ Chiang Mai បានសរសេរតាមទំព័រ Facebook លោកថា៖ «ស្ថានភាព​នយោបាយមាន​ភាព​ធ្ងន់ធ្ងរ​ជាង​មុន​និងនាំ​ឱ្យ​មានការ​ព្រួយ​បារម្ភជាងសម័យ​លោក Prayuth កាន់​អំណាច‍»៕

ប្រែសម្រួល​ដោយ លោក ឈឹម​ សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG