កាលពីថ្ងៃពុធ តុលាការធម្មនុញ្ញនៃប្រទេសថៃបានសម្រេចថាគណបក្សនយោបាយមានប្រជាប្រិយភាពជាងគេរបស់ប្រទេស គឺគណបក្សឆ្ពោះទៅមុខ (Move Forward Party) រំលោភរដ្ឋធម្មនុញ្ញ ដោយសារតែការសន្យារបស់ខ្លួនថានឹងកែប្រែច្បាប់ប្រមាថព្រះចេស្តាដ៏តឹងរ៉ឹងរបស់ប្រទេសជាតិ។
គណបក្សឆ្ពោះទៅមុខដែលជាបក្សជឿនលឿននិយមបានឈ្នះឆ្នោតកាលពីឆ្នាំ ២០២៣ ដោយបានទទួលអាសនៈភាគច្រើនក្នុងរដ្ឋសភា ភាគច្រើនដោយសារការសន្យាថា នឹងកែប្រែច្បាប់ដែលដាក់ទោសព្រហ្មទណ្ឌចំពោះការប្រមាថរបបរាជានិយម។ ប៉ុន្តែតុលាការនេះថា ការសន្យានេះសន្មតថាជាជាការប៉ុនប៉ងមួយដោយគណបក្សឆ្ពោះទៅមុខក្នុងការរំលំរបបរាជានិយម។
តុលាការនេះបានបញ្ជាឱ្យគណបក្សនេះបញ្ឈប់ការប្រឹងប្រែងដើម្បីកែប្រែឬលុបចោលច្បាប់នេះ។ ក្រុមអ្នកសង្កេតការណ៍និយាយថា គេរំពឹងថាសេចក្តីសម្រេចរបស់តុលាករនេះនឹងនាំឱ្យមានកិច្ចប្រឹងប្រែងតាមផ្លូវច្បាប់ដោយក្រុមប្រឆាំងនឹងគណបក្សឆ្ពោះទៅមុខ ដើម្បីស្វះស្វែងឱ្យមានការរំលាយបក្សនេះចោល។
ប្រទេសថៃមានច្បាប់ស្តីពីការប្រមាថព្រះចេស្តាតឹងតែងបំផុតក្នុងពិភពលោក ដោយកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ សម្រាប់ការប្រមាថនីមួយៗ។ ច្បាប់នេះជាចំណុចស្នូលនៃចលនាដើម្បីលទ្ធិប្រជាធិបតេយ្យដឹកនាំដោយក្រុមយុវជននៃប្រទេសថៃ តាំងពីឆ្នាំ ២០២០ មក ដែលបានអំពាវនាវឱ្យលុបច្បាប់នេះចោល។
ជោគជ័យរបស់គណបក្សឆ្ពោះទៅមុខនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០២៣ បង្កើតឱ្យមានប្រតិកម្មប្រឆាំងពីក្រុមអភិរក្សនិយមគាំទ្រដោយយោធាថៃ នៅក្នុងព្រឹទ្ធសភាដែលបានរារាំងលោក Pita Limjaroenrat មេដឹកនាំនៃបក្សនេះ មិនឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី។ លោក Pita ត្រូវបានព្យួរតំណែងក្នុងរដ្ឋសភាកាលពីខែកក្កដាមុន បន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតបានចោទប្រកាន់លោកថា បានរំលោភលើបទបញ្ញត្តិនៃការបោះឆ្នោត ដោយសារលោកមានភាគហ៊ុននៅក្នុងក្រុមហ៊ុនបណ្តាញសារព័ត៌មានមួយ នៅពេលលោកឈរឈ្មោះ។
តុលាការថៃមួយបាននិយាយកាលពីថ្ងៃពុធសប្តាហ៍មុនថា លោក Pita មិនបានរំលោភលើបទបញ្ញត្តិនៃការបោះឆ្នោតទេ ដោយលោកមានភាគហ៊ុននៅក្នុងក្រុមហ៊ុន iTV ដែលមិនដំណើរការ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ចេញពីសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters, AFP និង AP។
វេទិកាបញ្ចេញមតិ