ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស Move Forward នៅ​ថៃ​ត្រៀម​ខ្លួន​សម្រាប់​ការ​រំលាយ​និង​ការ​បង្កើត​បក្ស​ថ្មី


រូបឯកសារ៖ មេដឹកនាំគណបក្ស​​​​​នយោបាយ​​​​​ឆ្ពោះទៅមុខ Move Forward​ លោក Chaithawat Tulathon​​ (ស្តាំ)ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាលពីថ្ងៃទី៣១​ មករា ឆ្នាំ២០២៤។
រូបឯកសារ៖ មេដឹកនាំគណបក្ស​​​​​នយោបាយ​​​​​ឆ្ពោះទៅមុខ Move Forward​ លោក Chaithawat Tulathon​​ (ស្តាំ)ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាលពីថ្ងៃទី៣១​ មករា ឆ្នាំ២០២៤។

គណបក្ស​នយោបាយ Move Forward ដ៏​មាន​ប្រជាប្រិយ​បំផុត​នៅក្នុង​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​នៃ​ការ​រំលាយ​ចោល​ដោយ​បទបញ្ជា​របស់​តុលាការ ប៉ុន្តែ​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​នេះ​បាន​និយាយ​ថា ពួកគេ​មាន​ផែនការ​រួចហើយ​សម្រាប់​ការ​តបត​ទៅវិញ​ប្រសិនបើ​គណបក្ស​របស់​ពួកគេ​ត្រូវបាន​រំលាយ ដោយ​ពួកគេ​នឹង​មិន​អនុញ្ញាត​ឱ្យ​ចលនា​កំណែទម្រង់​របស់​ពួកគេ​ផុត​រលត់​នោះទេ។

គណបក្ស Move Forward ទទួល​បាន​សំឡេង​គាំទ្រ​ភាគច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​ឧសភា​ឆ្នាំ ២០២៣ ដោយ​ទទួល​បាន​សំឡេង​ឆ្នោត ១៤ លាន​សំឡេង​និង​អាសនៈ​ចំនួន ១៥១។ ជ័យជម្នះ​នេះ​បាន​បញ្ចប់​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​យោធា​ថៃ​រយៈពេល ៩ ឆ្នាំ​កន្លង​មក។

គណបក្ស​នេះ​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ដូច្នេះ​ដោយសារ​ផែនការ​កំណែ​ទម្រង់​របស់​ខ្លួន​ឱ្យ​មាន​អភិបាលកិច្ច​បែប​សមធម៌ ដែល​នោះ​គឺ​ការ​កាត់ផ្ដាច់​យោធា​ពី​អំណាច ការ​បំបែក​ភាព​ផ្ដាច់មុខ​ផ្នែក​សេដ្ឋកិច្ច និង​ការ​កែទម្រង់​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ដែល​ច្បាប់​នេះ​ដាក់​ទោស​ព្រហ្មទណ្ឌ​លើ​អ្នកណា​ដែល​រិះគន់​របប​រាជាធិបតេយ្យ​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​ថៃ។

ប៉ុន្តែ លោក Pita Limjaroenrat ដែល​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​នេះ ត្រូវបាន​រារាំង​មិន​ឱ្យ​បង្កើត​រដ្ឋាភិបាល​ដោយ​ក្រុម​សមាជិក​ព្រឹទ្ធសភា​ដែល​តែងតាំង​ដោយ​ថ្នាក់ដឹកនាំ​យោធា។ ថ្នាក់ដឹកនាំ​យោធា​នេះ​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​កាលពី​ឆ្នាំ ២០១៤។

ដោយ​ត្រូវបាន​បង្ខំ​ឱ្យ​ក្លាយជា​គណបក្ស​ប្រឆាំង​តាំងពី​ពេល​នោះ​មក គណបក្ស Move Forward បាន​ប្រឈម​នឹង​ឧបសគ្គ​ផ្លូវច្បាប់​ជាច្រើន​ដែល​បង្កើតឡើង​ដោយ​គូ​ប្រជែង​របស់​ខ្លួន​ដែល​មាន​បំណង​បំបាត់ចោល​នូវ​គោលការណ៍​កំណែទម្រង់​របស់​គណបក្ស​នេះ។

តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​ថៃ​ត្រូវគេ​រំពឹង​ថា​នឹង​សម្រេច​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​ថាតើ​សំណើ​កំណែទម្រង់​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ដែល​ជា​ចំណុចស្នូល​នៃ​គោលការណ៍​របស់​គណបក្ស Move Forward នេះ​ស្មើ​នឹង​ការ​ធ្វើ​វិទ្ធង្សនា​របប​រាជាធិបតេយ្យ​ឬ​ក៏​អត់។

តុលាការ​នេះ​បាន​រំលាយ​គណបក្ស Future Forward កាលពី​ឆ្នាំ ២០២០ ដោយ​បង្ក​ឱ្យ​មាន​ការ​តវ៉ា​ខ្លាំងក្លា​តាម​ដងផ្លូវ​ដោយ​ក្រុម​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ។ បន្ទាប់មក​គណបក្ស​នេះ​បាន​ប្រែក្លាយ​ជា​គណបក្ស Move Forward។

ប្រសិនបើ​តុលាការ​ធម្មនុញ្ញ​សម្រេច​ដូចគ្នា​នេះ​ម្ដង​ទៀត នោះ​វា​នឹង​បង្ហាញ​ឱ្យ​ឃើញ​ថា​លទ្ធផល​នឹង​ក្លាយជា​ដូច្នេះ​សម្រាប់​ការ​ចង់​ពិនិត្យ​ឡើងវិញ​ណាមួយ​នៅ​ពេល​អនាគត​នូវ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​នេះ។ អ្នក​ដែល​ប្រព្រឹត្តិ​ល្មើស​នឹង​ច្បាប់​នេះ​អាច​មានទោស​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥ ឆ្នាំ។ ច្បាប់​នេះ​ត្រូវបាន​ចៅក្រម​យោង​លើ​នៅក្នុង​ការ​កាត់ក្តី​លើ​មនុស្ស​យ៉ាងតិច ២៦០ នាក់​កាលពី ៤ ឆ្នាំ​កន្លង​ទៅ​នេះ។

លោក Parit Wacharasindhu អ្នកនាំពាក្យ​របស់​គណបក្ស Move Forward បាន​ប្រាប់ VOA ថា៖ «យើង​បាន​ឃើញ​គេ​ប្រើ​វិធី​រំលាយ​គណបក្ស​ដើម្បី​ប្រឆាំង​នឹង​គណបក្ស​ណា​ដែល​ជំទាស់​នឹង​ស្ថាប័ន​អ្នក​កាន់អំណាច​របស់​ប្រទេស​ថៃ»។

លោក​បាន​ថ្លែង​ថា៖ «វា​មិនមែន​ជា​រឿង​ធម្មតា​ទេ​សម្រាប់​ប្រទេស​ប្រជាធិបតេយ្យ​ណា​មួយ​ដែល​មាន​ការ​រំលាយ​គណបក្ស​បែបនេះ ប៉ុន្តែ...បើ​មាន​ករណី​បែបនេះ វា​បង្ហាញ​ឱ្យ​ឃើញ​ថា​ហេតុអ្វី​បានជា​វា​ចាំបាច់​ឱ្យ​មាន​គណបក្ស​ដូច​គណបក្ស Move Forward នេះ​នៅ​បន្ត​ធ្វើ​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ»។

ប្រសិនបើ​ត្រូវបាន​រំលាយ គណបក្ស Move Forward នឹង​ត្រូវ​បង្កើត​គណបក្ស​ថ្មី​និង​ធ្វើការ​ជា​បន្ទាន់​ដើម្បី​រក្សា​សមាជិក​សភា​របស់​ខ្លួន​កុំឱ្យ​ត្រូវបាន​ទាក់ទាញ​ដោយ​គណបក្ស​ចម្រុះ​ដែល​ដឹកនាំ​ដោយ​គណបក្ស Pheu Thai។ គណបក្ស Pheu Thai នេះ​គឺជា​កម្លាំង​បោះឆ្នោត​ដ៏​លេចធ្លោ​ជាងគេ​កាលពី​ពេល​មុន​នៅ​ក្នុង​ប្រទេស​ថៃ ដែល​នៅ​ពេល​នេះ​មហាសេដ្ឋី​អចលនទ្រព្យ​លោក Srettha Thavisin នៃ​គណបក្ស​នេះ​គ្រប់គ្រង​តំណែង​ជា​នាយករដ្ឋមន្ត្រី។

គណបក្ស Move Forward ក៏​ទំនងជា​នឹង​ត្រូវ​ស្វែងរក​អ្នក​ថ្មី​មក​ជំនួស​តំណែង​របស់​លោក Pita លោក Chaithawat Tulathon ដែល​ជា​មេដឹកនាំ​គណបក្ស​នេះ និង​ឥស្សរជន​ជួរមុខ​មួយ​ចំនួន​ទៀត​ដែល​អាច​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ធ្វើ​នយោបាយ​រយៈពេល ១០ ឆ្នាំ ប្រសិនបើ​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ។

លោក Parit វ័យ ៣១ ឆ្នាំ​មាន​ការ​គាំទ្រ​ច្រើន​ដោយ​លេច​មុខ​ជា​មេដឹកនាំ​បន្ទាប់ ដោយសារ​លោក​មាន​របៀប​និយាយ​ម៉ឺងម៉ាត់​ខ្លាំងក្លា​និង​មាន​ទំនាក់ទំនង​ជាមួយ​សាធារណជន។

លោក Parit បាន​ថ្លែង​ថា៖ «គណបក្ស [Move Forward] មាន​ផែនការ​សម្រាប់​សេនារីយ៉ូ​ទាំងអស់»។

សមាជិក​សភា​ម្នាក់​នៃ​គណបក្ស Move Forward ដែល​ក៏​ប្រឈម​នឹង​ការ​ហាមឃាត់​មិន​ឱ្យ​ធ្វើ​នយោបាយ​ផងដែរ បាន​សន្និដ្ឋាន​អំពី​ភាព​មិន​ប្រាកដប្រជា​នៃ​ជីវិត​នយោបាយ​នៅក្នុង​ប្រទេស​មួយដែល​តុលាការ​កម្ចាត់​អ្នក​នយោបាយ​ថ្មីថ្មោង​ដ៏​មាន​ទេពកោសល្យ​និង​គណបក្ស​នយោបាយ​ថ្មីថ្មោង​ថា​ស្រដៀង​ទៅនឹង​អារម្មណ៍​ដែល «ដឹង​ថា​មិត្តភក្តិ​របស់​អ្នក​កំពុង​ឈឺ​ធ្ងន់​និង​អាច​ស្លាប់​នៅថ្ងៃ​ណា​មួយ» ដូច្នេះ​ដែរ។

សមាជិក​សភា​រូប​នេះ​បាន​ប្រាប់ VOA ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​ខ្លាច​មាន​ការ​សងសឹក​ផ្នែក​នយោបាយ​ថា៖ «ខ្ញុំ​បាន​ធ្វើការ​ច្រើន​នៅក្នុង​អាជីព​នយោបាយ​នេះ ហើយ​វា​អាច​បញ្ចប់​ដោយ​បែបនេះ​បាន»។

គណបក្ស Move Forward គ្រោង​នឹង​បង្ហាញ​សេចក្ដី​សំអាង​ចុងក្រោយ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ៣ ខែ​ឧសភា​ខាងមុខ ហើយ​ប្រធាន​តុលាការ​ធម្មនុញ្ញ​ថៃ​លោក Nakarin Mektrairat បាន​និយាយ​ជា​សាធារណៈ​ថា​វា «មិន​អាច​ទៅរួច» នោះទេ​ក្នុង​ការ​សន្មត​ជាមុន​អំពី​ការសម្រេច​របស់​អង្គ​ចៅក្រម​របស់​តុលាការ។

ប៉ុន្តែ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ថា ការ​ត្រៀម​រំលាយ​គណបក្ស Move Forward នេះ​គឺជា​អ្វី​ដែល​បាន​រៀបចំ​រួចជាស្រេច ពីព្រោះ​ក្រុម​អ្នក​កាន់​អំណាច​មាន​បំណង​ខ្ទប់​ដង្ហើម​នយោបាយ​របស់​ចលនា​កំណែទម្រង់​ខ្លាំងក្លា​របស់​ប្រទេស​ថៃ​ក្នុង​ពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ។

កេរដំណែល​រាជា​និយម​ដ៏​មាន​ឥទ្ធិពល

របប​រាជាធិបតេយ្យ​របស់​ប្រទេស​ថៃ​មាន​អំណាច​ខ្លាំងក្លា​បំផុត ហើយ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ការពារ​របប​នេះ​ពី​ការ​រិះគន់ ដោយ​អ្នក​ដែល​ប្រព្រឹត្តិ​ល្មើស​នឹង​ច្បាប់​នេះ​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ១៥ ឆ្នាំ។

សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​វ័យក្មេង​រាប់​សិប​នាក់​បាន​ជាប់​ពន្ធនាគារ​ក្នុង​ពេល​ពីរ​បី​ឆ្នាំ​ចុងក្រោយ​នេះ​នៅ​ក្រោម​ច្បាប់​នេះ។

ថ្នាក់ដឹកនាំ​គណបក្ស Move Forward បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ផ្នែក​នានា​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​និយាយ​ថា ការពិត​ជាក់ស្តែង​នៃ​សេចក្តី​សម្រេច​របស់​តុលាការ​ដែល​នឹង​ធ្វើឡើង​នេះ​ជា​សញ្ញា​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​ស្អុយ​រលួយ​នៅក្នុង​ប្រព័ន្ធ​នយោបាយ​បច្ចុប្បន្ន​របស់​ប្រទេស​ថៃ។

លោក Pita បាន​បញ្ជាក់​នៅ​ក្នុង​ការ​ប្រជុំ​មួយ​របស់​គណបក្ស​កាលពី​ថ្ងៃ​ទី ៦ ខែ​មេសា​ថា៖ «ខ្ញុំ​មិន​ដឹង​ប្រាកដ​ទេ​ថាតើ​អ្នក​ដែល​មាន​អំណាច​ដើម្បី​រំលាយ​យើង​បាន​សួរ​ខ្លួនឯង​ឬ​ក៏​អត់​ថាតើ​ពួកគេ​ចំណេញ​អ្វី​ខ្លះ​ពី​ការ​ធ្វើ​ដូច្នេះ»។

លោក​បាន​បន្ត​ថា៖ «ជាការពិត ការ​ធ្វើ​ដូច្នេះ​ប្រហែលជា​ធ្វើឱ្យ​យើង​ចុះខ្សោយ​ក្នុង​រយៈពេល​ខ្លី តែ​វា​នឹង​ធ្វើឱ្យ​យើង​មាន​កម្លាំង​ខ្លាំង​ជាងមុន​ឆ្ពោះ​ទៅរក​ការ​បោះឆ្នោត​លើកក្រោយ...ទោះ​ជា​គណបក្ស​យើង​មាន​ឈ្មោះ​អ្វី​ក៏ដោយ»។

អ្នកវិភាគ​បាន​និយាយ​ថា ការ​ហាមប្រាម​គណបក្ស​នេះ​គឺជា​ការ​ឥត​ប្រយោជន៍​ដោយសារ​កត្តា​ពីរ។ កត្តា​ទីមួយ​គឺ​មនុស្ស​វ័យក្មេង​រាប់​លាន​នាក់​ចូលរួម​ក្នុង​ការ​បោះឆ្នោត ហើយ​កត្តា​ទីពីរ​គឺ​ការ​កម្រិត​អាណត្តិ​ដែល​នឹង​ធ្វើឡើង​ចំពោះ​ព្រឹទ្ធសភា​ដែល​មាន​សមាជិក ២៥០ នាក់​តែងតាំង​ដោយ​យោធា ដែល​ព្រឹទ្ធសភា​នេះ​គឺជា​ឧបករណ៍​ក្នុងការ​រារាំង​ដំណើរ​វិវឌ្ឍន៍​របស់​គណបក្ស Move Forward។

លោក Prinya Thaewanarumitkul សាស្ត្រាចារ្យ​ច្បាប់​នៅ​សាកលវិទ្យាល័យ Thammasat បាន​ប្រាប់ VOA ថា៖ «ការ​ធ្វើ​បែបនេះ​គឺ​នឹង​មិន​នាំឱ្យ​មាន​ភាព​ខុសប្លែក​អ្វីទេ។ រដ្ឋាភិបាល​ចម្រុះ​នឹង​ខ្លាំង​ជាងមុន​បន្តិច [ដោយសារ​គ្មាន​ក្រុម​ប្រឆាំង]។ តែ​នៅ​ពេល​បោះឆ្នោត​លើកក្រោយ នឹង​មាន​អ្នកបោះឆ្នោត​ថ្មី ៤ លាន​នាក់​បន្ថែម​ទៀត។ ប្រសិនបើ​គ្មាន​ព្រឹទ្ធសភា​ដែល​តែងតាំង​ដោយ​យោធា គណបក្ស Move Forward ដែល​នឹង​ស្ថិត​ក្រោម​ឈ្មោះ​ថ្មី​នឹង​គ្រប់គ្រង​រដ្ឋាភិបាល»។

លោក​បាន​បន្ថែម​ថា គណបក្ស​ថ្មី​ដែល​បង្កើត​ឡើង​សម្រាប់​ជំនួស​គណបក្ស Move Forward នេះ​ត្រូវតែ​មាន​យុទ្ធវិធី​ខាង​នយោបាយ ដោយ​បន្ទន់​ការ​អំពាវនាវ​ឱ្យមាន​កំណែទម្រង់​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​បាន​កាន់​អំណាច។

ស្រពពេល​ដែល​គណបក្ស Move Forward រង់ចាំ​មើល​ជោគ​វាសនា​ខាង​ផ្លូវច្បាប់​របស់​ខ្លួន ថ្នាក់ដឹកនាំ​គណបក្ស​នេះ​បាន​និយាយ​ថា ពួកគេ​កំពុង​ផ្តោត​លើ​ការងារ​របស់​ខ្លួន​ជា​គណបក្ស​ប្រឆាំង ជា​ពិសេស​លើ​ការ​តតាំង​នឹង​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​នៅក្នុង​ការ​ពង្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​តថភាព​នយោបាយ​ដែល​ប្រែប្រួល៕



ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG