លោក ឈឿប ថុយ រស់នៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ធ្លាប់ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃជាច្រើនលើកច្រើនសា។
លោកថ្លែងថា៖ «ពីដើមឡើយ ខ្ញុំធ្លាប់ទៅតាមមេខ្យល់។ គេដឹកនាំទៅតាមផ្លូវស្រះកែវ ក្នុងមួយនាក់ គេយក៣ពាន់[បាត]...គេនាំចូលទៅ។ អ្នកនៅឯនោះ គេស្គាល់ផ្លូវ។ គេស្គាល់ច្រកល្ហក។ គេនាំដើរផ្លូវកាត់»។
លោកបន្ថែមថា៖ «ទីមួយ ខ្ញុំភ័យព្រួយ ក្រែងលោគេចាប់បានទៅ គេវាយ គេទាត់អ៊ីចឹង។ ទីពីរ ភ័យខ្លាច ពេលគេចាប់យើងបាន ជាប់ខ្នោះជាប់ច្រវាក់ ហើយនឹកឃើញខ្លួនឯងថា ចូលមកនេះ អត់ស្របច្បាប់មែន»។
ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់នេះ អាជ្ញាធរថៃ កាលពីពេលថ្មីៗនេះ អះអាងថា ខ្លួននឹងសាងសង់របងក្នុងខេត្តស្រះកែវដែលជាខេត្តជាប់ព្រំដែនកម្ពុជា ក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ អាជ្ញាធរថៃអះអាងទៀតថា ការធ្វើរបងនេះ ដើម្បីទប់ស្កាត់ការរត់ពន្ធមនុស្សឆ្លងដែនយកទៅធ្វើការងារបោកបញ្ឆោតតាមប្រព័ន្ធអនឡាញដែលប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជា។
អតីតពលករខ្មែរដែលធ្លាប់ទៅប្រទេសថៃខុសច្បាប់ និងមន្រ្តីសិទ្ធិមនុស្សកម្ពុជាបានសាទរគម្រោងសាងសង់របងក្នុងទឹកដីថៃ ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ ប៉ុន្តែពួកគេលើកឡើងថា ពលរដ្ឋខ្មែរដែលខ្វះខាតនៅតែហ៊ានលួចឆ្លងដែនតាមច្រកតូចៗ ដោយសារតែពួកគេត្រូវទៅធ្វើការនៅប្រទេសថៃ។
លោក ឈឿប ថុយ អាយុ ៣៩ ឆ្នាំ ថ្លែងថា៖ «បើតាមខ្ញុំគិត ខ្ញុំពិចារណាប្រហែលជាគេធ្វើរាំងមិនឲ្យយើងលួចចូលផ្លូវកាត់។ គេធ្វើនេះដើម្បីឲ្យយើងនាំគ្នាគិត គេចង់ឲ្យយើងធ្វើប៉ាស្ព័រចូលទៅតាមផ្លូវស្របច្បាប់ ឲ្យបានល្អទៅតាមផ្លូវច្បាប់ ស្របច្បាប់ទាំងអស់គ្នា»។
ប៉ុន្តែភរិយារបស់លោក ឈឿប ថុយ គឺអ្នកស្រី អួន ខាត់ណា អាយុ ៤៨ ឆ្នាំ ថ្លែងថា ការឆ្លងដែនខុសច្បាប់នៅតែមាន បើទោះមានរបងក៏ដោយ។
អ្នកស្រីបញ្ជាក់ថា៖ «ទោះបីជាធ្វើរបងខ្ពស់ប៉ុនណា ក៏នៅតែឡើងទៅបាន។ អ្នកដែលចង់ទៅ គឺគេនៅមិនទាន់ឈប់ចង់ទៅទេ។ ទោះបីរបងនោះដាក់លួស ហើយខ្ពស់ ឬក៏អំបែងដប ឬក៏ស្អីក៏ដោយ ក៏មានអ្នកធ្វើជណ្តើរឡើងទៅទៀត»។
អ្នកស្រីដែលមានកូន ៣ នាក់ និងធ្លាប់ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ បន្ថែមថា ពលរដ្ឋខ្មែរដែលខ្វះខាតមិនមានជម្រើសអ្វី ក្រៅពីទៅធ្វើការនៅប្រទេសថៃទេ។
អ្នកស្រីបញ្ជាក់ថា៖ «ប៉ុន្តែអ្នកដែលចង់ទៅ ទោះអត់លុយមែន ទៅចងការគេដើម្បីនឹងឡើងទៅស្រុកថៃ។ នៅស្រុកថៃមានក្រយ៉ាងណា គឺថាស្រុកគេ គេឲ្យតម្លៃរៀងខ្ពស់មកបន្តិចបន្តួច ចេះតែបាក់នាំគ្នាចង់ទៅ»។
លោក ស៊ុំ ចាន់គា អ្នកសម្របសម្រួលរបស់សមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ ថ្លែងថា ការធ្វើរបងជាការប្រសើរមួយ។ ប៉ុន្តែលោកបារម្ភអំពីការឆ្លងដែននៅតាមច្រកតូចៗផ្សេងទៀត ដោយសារពលរដ្ឋខ្មែរកំពុងតែជួបប្រទះការខ្វះខាត ដោយសារទីផ្សារកសិផលមិនមាន ទីផ្សារការងារមិនមានច្រើន និងជំពាក់បំណុលគេ។
លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រាប់វីអូអេថា ការធ្វើរបងជាប់ព្រំដែន លុះត្រាតែមានការឯកភាពគ្នារវាងប្រទេសទាំងពីរ។ ប៉ុន្តែលោកថា បើភាគីថៃចង់ធ្វើដោយឯកតោភាគី គឺធ្វើបាន ធ្វើតែលើដីថៃមិនពាក់ព័ន្ធនឹងព្រំដែនរវាងប្រទេសទាំងពីរ។ លោកបន្ថែមថា អាជ្ញាធរកម្ពុជា«ត្រេកអរ»សម្រាប់ការទប់ស្កាត់បទល្មើសឆ្លងដែន ហើយថា កម្ពុជាមិនដែលព្រងើយក្នុងការទប់ស្កាត់និងបង្ក្រាបអំពើឧក្រិដ្ឋឡើយ។
រដ្ឋាភិបាលថៃបានបង្ហាញក្តីព្រួយបារម្ភអំពីពលរដ្ឋថៃបានក្លាយជាជនរងគ្រោះនៃការជួញដូរមនុស្សក្នុងប្រទេសកម្ពុជា ដោយពួកគេត្រូវបានបង្ខំឲ្យធ្វើការបោកប្រាស់គេតាមអនឡាញ។ កាលពីខែកុម្ភៈ អាជ្ញាធរកម្ពុជាបានសហការជាមួយអាជ្ញាធរថៃក្នុងការបង្រ្កាបទីតាំងអគារមួយកន្លែងក្នុងទីក្រុងប៉ោយប៉ែត ដោយរកឃើញជនជាតិថៃជាង ១០០ នាក់ ដែលត្រូវបានរាយការណ៍ថា ជាជនរងគ្រោះនៃអំពើឆបោក។
ពាក់ព័ន្ធនឹងការបោកបញ្ឆោតតាមអនឡាញ ដោយប្រើប្រាស់ទឹកដីកម្ពុជា លោក ស៊ុំ ចាន់គា អ្នកសម្របសម្រួលរបស់សមាគមសិទ្ធិមនុស្សអាដហុក បានអំពាវនាវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ឲ្យបានច្រើន ដើម្បីបង្រ្កាបអំពីឧក្រិដ្ឋនៃការចាប់ជំរិត ដែលពាក់ព័ន្ធនឹងការបោកបញ្ឆោតតាមអនឡាញ។
គេមិនទាន់ដឹងនៅឡើយទេថា តើថៃនឹងចាប់ផ្តើមសាងសង់របងក្នុងខេត្តស្រះកែវនាពេលណាឡើយ ហើយរបងមានប្រវែង និងកម្ពស់ប៉ុនណាឡើយ។ ភាគីថៃកំពុងសិក្សាបន្ថែម។ ប្រទេសថៃនិងកម្ពុជាមានខ្សែបន្ទាត់ព្រំដែនគោករួមគ្នាប្រវែងជាង ៨០០ គីឡូម៉ែត្រ៕
វេទិកាបញ្ចេញមតិ