ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស៖ អាជ្ញាធរកម្ពុជាកំពុងស្រាវជ្រាវករណីបង្ក្រាបបទល្មើសឆបោកក្នុងក្រុងប៉ោយប៉ែត


អគ្គស្នងការដ្ឋាននគរបាលជាតិចេញផ្សាយរូបភាពនៃប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងដែលធ្វើសកម្មភាពអនឡាញខុសច្បាប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ (Facebook / General Commissariat of National Police)
អគ្គស្នងការដ្ឋាននគរបាលជាតិចេញផ្សាយរូបភាពនៃប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងដែលធ្វើសកម្មភាពអនឡាញខុសច្បាប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ (Facebook / General Commissariat of National Police)

ខណៈ​ប៉ូលិស​ខ្មែរ​កំពុង​តែ​ស៊ើប​អង្កេត​ករណី​ចុះ​បង្រ្កាប​ជួយ​សង្រ្គោះ​ជន​បរទេស​២៣០​ នាក់ មន្រ្តី​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើប​អង្កេត​ករណី​ប្រើប្រាស់​ទីតាំង​កម្ពុជា​នៅ​ក្នុង​ទីក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​ដើម្បី​ប្រព្រឹត្ត​អំពើ​បោក​បញ្ឆោត។

កាល​ពី​ថ្ងៃ​សៅរ៍ ទី​ ២២ ខែ​កុម្ភៈ ឆ្នាំ​ ២០២៥ ​អាជ្ញាធរ​កម្ពុជា​បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ក្នុង​ការ​បង្រ្កាប​ទីតាំង​អគារ​មួយ​កន្លែង​ក្នុង​ទីក្រុង​ប៉ោយ​ប៉ែត ​ដោយ​រក​ឃើញ​ជន​បរទេស ​២៣០​ នាក់ ​ដែល​ត្រូវ​បាន​រាយ​ការណ៍​ថា​ជា​ជន​រង​គ្រោះ​នៃ​អំពើ​ឆបោក។​

សារ​ព័ត៌មាន​ថៃ​ឈ្មោះ ​Bangkok Post​ បាន​ចុះផ្សាយ​កាល​ពី​ថ្ងៃ​ទី ​២៣ ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០២៥​ ថា​ ​នគរបាល​កម្ពុជា​បាន​ជួយ​សង្គ្រោះ​ជន​បរទេស​ចំនួន ​២១៥ ​នាក់​ ក្នុង​នោះ​ ១០៩​ នាក់​ជា​ជន​ជាតិ​ថៃ ​ចេញពី​បរិវេណ​ឆបោក​ក្នុង​ក្រុង​ប៉ោយប៉ែត ​បន្ទាប់​ពី​មាន​ការ​សហការ​គ្នា​ជា​ជំហានៗ​រវាង​ថៃ ​និង​កម្ពុជា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ឆបោក។​

ស្នងការ​នគរបាល​ខេត្តបន្ទាយ​មានជ័យ​លោក ​សិទ្ធិ​ ឡោះ ​លើក​ឡើង​ថា​ អាជ្ញាធរ​កម្ពុជា​កំពុង​តែ​ស៊ើប​អង្កេតនិង​ស្រាវជ្រាវ​លើ​ករណី​បង្ក្រាប​បទល្មើស​ឆបោក​តាម​អនឡាញ​នេះ។

លោក​ សិទ្ធិ​ ឡោះ​ ឲ្យ​ដឹង​ថា​ លោក​នៅ​មិន​ទាន់​អាច​ផ្តល់​ព័ត៌មាន​អ្វី​បន្ថែម​បាន​នៅ​ឡើយ​ទេ​ជុំ​វិញ​ករណី​នេះ។​

លោក​បញ្ជាក់​ថា៖​ «អាហ្នឹង​វា​អត់​មាន​រង​គ្រោះ​ទេ​ មាន​តែ​ខាង​ខ្មែរ​យើង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​បង្ក្រាប​ ទីតាំង​ដែល​មាន​ការ​សង្ស័យ​ថា​ លួច​បើក​អនឡាញ​ដោយ​ខុស​ច្បាប់​នៅ​លើ​ទឹក​ដី​ខ្មែរ។​ ជម្រាប​ជូន​បាន​ប៉ុណ្ណឹង។ ​អា​រឿង​រង​គ្រោះ​ សង្គ្រោះ​គ្មាន​ទេ»។​

ក្នុង​ចំណោម​ជន​បរទេស​ ២១៥ ​នាក់​នោះ ​ក្រៅ​ពី​ជន​ជាតិ​ថៃ​ចំនួន​ ១០៩​ នាក់ ​មាន​ជនជាតិ​បាគីស្ថាន​ចំនួន​ ៥០​ នាក់ ​ឥណ្ឌា​ ៤៨​ នាក់ ​ចិន​តៃ​វ៉ាន់​ ៥​ នាក់​និង​ឥណ្ឌូ​ណេស៊ី​ ៣ ​នាក់។ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ថៃ។ ​សារ​ព័ត៌មាន​បញ្ជាក់​ថា​ទីតាំង​ដែល​ត្រូវ​ចុះ​បង្រ្កាប​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​ជនជាតិ​ចិន។​

អគ្គស្នងការដ្ឋាននគរបាលជាតិចេញផ្សាយរូបភាពនៃប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងដែលធ្វើសកម្មភាពអនឡាញខុសច្បាប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ (Facebook / General Commissariat of National Police)
អគ្គស្នងការដ្ឋាននគរបាលជាតិចេញផ្សាយរូបភាពនៃប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងដែលធ្វើសកម្មភាពអនឡាញខុសច្បាប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ (Facebook / General Commissariat of National Police)

ប្រតិបត្តិ​ការ​បង្រ្កាប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពីកិច្ច​ប្រជុំ​បន្ទាន់​កាល​ពីថ្ងៃ​សុក្រ​រវាង​លោក ​Pol Gen Thatchai Pitaneelaboot ​អគ្គ​អធិការ​នគរបាល​ភូមិន្ទ​ថៃ ​និង​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​កម្ពុជា​ ដើម្បី​ពិភាក្សា​អំពី​ផែន​ការ​ប្រតិបត្តិការ ​ដើម្បី​លុប​បំបាត់​ក្រុម​ឆបោក​តាម​មជ្ឈ​មណ្ឌល​ហៅ​ទូរស័ព្ទ​ ឬ​ហៅ​ថា​ Call Center។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពីលោក​ សុខ សុមនា​ អ្នក​នាំពាក្យ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​កម្ពុជា​បាន​នៅ​ឡើយ​ទេ។​

នាយក​ទទួល​បន្ទុក​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ អំ សំអាត​ ជំរុញ​ឲ្យ​អាជ្ញា​បន្ត​ស៊ើប​អង្កេត ​ដើម្បី​ស្វែង​រក​អ្នក​ពាក់ព័ន្ធ ​និង​ត្រូវ​ស៊ើប​អង្កេត​ថា​ តើ​ទីតាំង​នោះ​ជា​អគារ​ជួល​ដែល​មាន​ម្ចាស់​ជួល​ខ្មែរ​ឬ​យ៉ាង​ណា។​

លោក​ថ្លែង​ថា៖ ​«ករណី​នេះ​កើត​នៅ​ទឹក​ដី​កម្ពុជា​ទៀត។ ​អ៊ីចឹង​យើង​ឃើញ​ថា​ មាន​សមត្ថ​កិច្ច​ថៃ​មាន​អី ​គេ​ចូល​មក​ធ្វើការ​បង្ក្រាប​នៅ​លើទឹក​ដី​កម្ពុជា។ ​អ៊ីចឹង​ត្រូវ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​ទៅ​លើ​រឿង​នេះ ​ហើយ​ស្វែង​រក​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​អគារ​ដែល​ជួល​ទៅ​ដល់​ជន​បរទេស​ដែល​ប្រព្រឹត្ត​បទ​ល្មើស​និង​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន»។​

បើ​តាម​លោក ​អំ សំអាត​ បើ​បញ្ហា​នេះ​នៅតែ​បន្ត​កើត​ឡើង​ នោះ​វា​ប៉ះ​ពាល់​ខ្លាំង​ដល់​កម្ពុជា​ រួមមាន​វិស័យ​ទេសចរណ៍ ​ការ​វិនិយោគ​ និង​សន្តិសុខ​សង្គម។​

គួរ​បញ្ជាក់​ថា​ ជា​បន្ត​បន្ទាប់ ​ប្រទេស​កម្ពុជា​ត្រូវ​បាន​រាយ​ការណ៍​ថា​ ក្លាយ​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​(Scam) ​ដោយ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​បរទេស​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួក​គេ​មិនឲ្យ​មាន​សេរី​ភាព ​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​ជំរិត​ទារ​ប្រាក់​ជា​ដើម។ ​ឧក្រិដ្ឋ​ជន​ដែល​ភាគ​ច្រើន​ជា​ជន​បរទេស​បាន​ជួល​អគារ ​ឬ​ទីតាំង​ពី​អ្នក​ជំនួញ​ដែល​ជា​ជន​ជាតិ​ខ្មែរ​ដើម្បី​ប្រព្រឹត្ត​អំពើ​ទាំង​នោះ។​

បើ​តាម​របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (UNHCHR)​ ​ដែល​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​សីហា​ ឆ្នាំ​ ២០២៣​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ មនុស្ស​ប្រមាណ​ជា​ ១០ ​ម៉ឺន​នាក់​ ដែល​ជា​ជន​បរទេស​ត្រូវ​បាន​បង្ខំឲ្យធ្វើ​ការងារ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ក៏​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចំនួន​ ៥​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រួម​មាន​កម្ពុជា ​ថៃ ​ឡាវ​ មីយ៉ាន់ម៉ា ​និង​ហ្វីលីពីន៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG