ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ឥណ្ឌូណេស៊ី​៨៤​នាក់​ដែល​ត្រូវ​បាន​សង្គ្រោះ​ពី​មណ្ឌល​ឆបោក​នៅ​មីយ៉ាន់ម៉ា​ត្រឡប់​ទៅ​មាតុភូមិ​វិញ


ជនជាតិ​ចិន វៀតណាម​ និង​អេត្យូពី​ដែល​ត្រូវបាន​ជាប់​ឃុំ​និង​ធ្វើការ​​នៅ​មណ្ឌល​ឆបោក ត្រូវបានគេជួយ​សង្រ្គោះ​នៅ​ស្រុក Myawaddy ភាគខាងកើត​ប្រទេស​មីយ៉ាន់ម៉ាកាលពីថ្ងៃទី​២៦ កុម្ភៈ ឆ្នាំ២០២៥។(AP Photo/Thanaphon Wuttison)
ជនជាតិ​ចិន វៀតណាម​ និង​អេត្យូពី​ដែល​ត្រូវបាន​ជាប់​ឃុំ​និង​ធ្វើការ​​នៅ​មណ្ឌល​ឆបោក ត្រូវបានគេជួយ​សង្រ្គោះ​នៅ​ស្រុក Myawaddy ភាគខាងកើត​ប្រទេស​មីយ៉ាន់ម៉ាកាលពីថ្ងៃទី​២៦ កុម្ភៈ ឆ្នាំ២០២៥។(AP Photo/Thanaphon Wuttison)

ពលរដ្ឋ​ឥណ្ឌូណេស៊ី​៨៤​នាក់​ត្រូវ​បាន​សង្គ្រោះ​ពី​មណ្ឌល​ឆបោក​អនឡាយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​រំពឹង​ថា​នឹង​ធ្វើ​មាតុភូមិ​និវត្ត​ន៍​នៅ​ក្នុង​ថ្ងៃសុក្រ​នេះ ក្រោយ​ពី​មាន​ការ​បង្ក្រាប​លើ​មណ្ឌល​ឆបោក​ក្នុង​ពេល​ថ្មីៗ​នេះ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ពលរដ្ឋ​ឥណ្ឌូណេស៊ី​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ជាង​៧.០០០​នាក់​ដែល​ត្រូវ​បាន​គេ​បង្ខាំង​ទុក​នៅ​ក្រុង Myawaddy នៅ​ព្រំដែន​មីយ៉ាន់ម៉ា​ ក្រោយ​ពី​មាន​ការ​បង្ក្រាប​លើ​មណ្ឌល​ឆបោក​ដោយ​ប្រទេស​ថៃ មីយ៉ាន់ម៉ា​និង​ចិន។ រថយន្តក្រុង​ពីរ​គ្រឿង​ដែល​បាន​ដឹក​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ ​ទាំង​នោះ​បាន​មក​ដល់​ទីក្រុង Mae Sot នៅ​ព្រំដែន​របស់​ថៃ ដែល​នៅ​ទី​នោះ​អ្នក​ធ្វើ​ដំណើរ​ត្រូវ​បាន​គេ​ពិនិត្យ​សុខភាពនិងបញ្ជាក់​អត្តសញ្ញាញ។

មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវ​គេ​ជឿ​ថា​ត្រូវ​បាន​គេល្បួងឱ្យ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​មីយ៉ាន់ម៉ា កម្ពុជា និង​ឡាវ ដើម្បីប្រព្រឹត្តអំពើ​ឆបោកតាម​អនឡាយ​លើ​មនុស្ស​ជុំវិញ​ពិភពលោក តាម​រយៈ​ការ​បោក​បញ្ឆោត​រឿង​ស្នេហា ការ​វិនិយោគ​មិន​ពិត និង​ការ​លេងល្បែង​ស៊ីសង​ខុស​ច្បាប់។ អ្នក​ធ្វើ​ការ​ទាំង​នោះ​ជា​ច្រើន​ក៏​ត្រូវ​បាន​គេ​បោក​ឱ្យ​មក​ធ្វើ​ការ​នៅ​មណ្ឌល​ឆបោក​ទាំង​នោះ។​

ក្រសួង​ការ​បរទេស​ឥណ្ឌូណេស៊ី​បញ្ជាក់​ថា ពលរដ្ឋ​ឥណ្ឌូណេស៊ី​ទាំង​៨៤​នាក់​នោះដែល​រួម​មាន​បុរស​៦៩​នាក់​និង​ស្ត្រី​១៥​នាក់ មាន​សុខភាព​ល្អ ហើយ​ត្រូវ​បាន​បញ្ជូន​តាម​ជើងយន្តហោះ​ទៅ​កាន់​រដ្ឋធានី​ហ្សាការតា​នៅ​ថ្ងៃសុក្រ​នេះ។

ការ​បង្ក្រាប​លើ​មណ្ឌល​ឆបោក​នៅ​មីយ៉ាន់ម៉ា​នេះ​កើត​មាន​ឡើង​ក្រោយ​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ថៃ​អ្នកស្រី Paetongtarn Shinawatra និងប្រធានាធិបតី​ចិន​លោក Xi Jinping កាល​ពី​ដើម​ខែ​កុម្ភៈ ដោយ​បន្ទាប់​មក​ថៃ​បាន​កាត់​ផ្តាច់​ចរន្ត​អគ្គិសនី​និង​បណ្តាញ​អ៊ីនធឺណិត​នៅ​តាម​តំបន់​ព្រំដែន​របស់​ខ្លួន​ជាមួយ​មីយ៉ាន់ម៉ា​ដែល​មាន​មណ្ឌល​ឆបោក​ទាំង​នោះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG