អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានដាក់សំណើសុំលើកលែងទោសពីព្រះមហាក្សត្រ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែលទើបចប់អាណត្តិលោក Wissanu Krea-ngam នៅថ្ងៃព្រហស្បតិ៍នេះ។
ការដាក់សំណើនេះគឺជាវិធានការថ្មីចុងក្រោយបង្អស់របស់លោក Thaksin នៅក្នុងការតតាំងអំណាចជាយូរមកហើយជាមួយនឹងស្ថាប័នដឹកនាំរបស់ប្រទេសថៃ។
លោក Thaksin ដែលជាអ្នកនយោបាយល្បីឈ្មោះបំផុតរបស់ថៃ បានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញកាលពីសប្ដាហ៍មុន បន្ទាប់ពីបាននិរទេសខ្លួននៅបរទេសអស់រយៈពេល ១៥ ឆ្នាំ ដើម្បីគេចពីការជាប់ពន្ធនាគារ។
លោក Thaksin បានធ្វើដំណើរទៅដល់ប្រទេសថៃតាមយន្តហោះឯកជននិងបានស្វាគមន៍អ្នកគាំទ្រដែលមកទទួលលោក មុនពេលត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅពន្ធនាគារដើម្បីចាប់ផ្តើមទទួលទោស ៨ ឆ្នាំសម្រាប់បទចោទពីការរំលោភអំណាចនិងជម្លោះផលប្រយោជន៍អំឡុងពេលលោកនៅកាន់អំណាច។
ព្រឹត្តិការណ៍ទាំងនេះនៅក្នុងខែនេះបានជំរុញបន្ថែមនូវការសង្ស័យដែលថា លោក Thaksin បានសម្រេចកិច្ចព្រមព្រៀងមួយជាមួយនឹងគូប្រជែងដ៏ជូរចត់របស់លោកនៅក្នុងស្ថាប័នដឹកនាំអភិរក្សនិយមនិងយោធារាជានិយម ដែលបានផ្ដួលរំលំគណបក្សរបស់លោកនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំ ២០០៦ និងឆ្នាំ ២០១៤។ នៅពេលនោះ គេបានចោទលោកនិងគណបក្សរបស់លោកថាបានប្រព្រឹត្តអំពើពុករលួយនិងការមិនស្មោះស្ម័គ្រចំពោះរបបរាជាធិបតេយ្យដ៏មានឥទ្ធិពល។
លោក Thaksin បានច្រានចោលការចោទប្រកាន់ទាំងនេះ និងបានបដិសេធមិនចរចារកដំណោះស្រាយជាមួយនឹងមេដឹកនាំយោធា៕