ប្រទេសហ្វីលីពីន នឹងពង្រីកការរឹតបន្តឹងលើវិធានការប្រឆាំងជំងឺកូវីដ១៩ នៅក្នុងទីក្រុងម៉ានីលចាប់ពីថ្ងៃពុធស្អែកនេះតទៅ ដោយរួមបញ្ជូលមនុស្សជាង១១លាននាក់ដែលរស់នៅជុំវិញទីក្រុងម៉ានីល ខណៈពេលដែលករណីនៃការឆ្លងជំងឺកូវីដ១៩ កំពុងហក់ឡើងខ្ពស់នៅក្នុងតំបន់នេះ។ នេះ បើតាមការឲ្យដឹងរបស់រដ្ឋាភិបាលហ្វីលីពីន ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។
ការឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេសហ្វីលីពីន បានហក់ឡើងខ្ពស់ក្នុងរយៈពេលពីរខែនេះនៅក្នុងខែមករា ហើយក្រសួងសុខាភិបាលហ្វីលីពីន បានព្រមានពីករណីឆ្លងកាន់តែខ្ពស់ថែមទៀតនៅក្នុងថ្ងៃខាងមុខ ក្រោយពីការរកឃើញនៃការឆ្លងក្នុងស្រុកជាច្រើនករណីនៃវីរុសបំប្លែងខ្លួនអូមីក្រុងដែលមានការឆ្លងយ៉ាងលឿនរហ័សនោះ។
ខេត្ត Bulacan ខេត្ត Cavite និងខេត្ត Rizal ដែលនៅជុំវិញទីក្រុងម៉ានីល ត្រូវបានដាក់ឲ្យស្ថិតនៅក្នុងកម្រិតព្រមានទី៣ខ្ពស់បំផុត ដោយសារតែមានការហក់ឡើងខ្លាំងនៃការឆ្លងជំងឺកូវីដ ១៩នោះ។ នេះ បើតាមអ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីនលោក Karlo Nograles ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ។
នៅក្រោមការរឹតបន្តឹងថ្មីនេះដែលនឹងត្រូវអនុវត្តរហូតដល់ពាក់កណ្តាលខែមករានេះ ពលរដ្ឋហ្វីលីពីនដែលមិនបានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ត្រូវតែស្ថិតនៅក្នុងផ្ទះរបស់ខ្លួន លើកលែងតែត្រូវចេញទៅទិញអ្វីដែលចាំបាច់ ឬចេញទៅហាត់ប្រាណ។
ភោជនីយដ្ឋាន ឧទ្យានសាធារណៈ ព្រះវិហារគ្រឹស្តសាសនា និងហាងសំអាង នឹងត្រូវអនុញ្ញាតឲ្យដំណើរការក្នុងកម្រិតទាប ហើយថ្នាក់រៀនផ្ទាល់ និងការលេងកីឡា ត្រូវបានផ្អាកបណ្តោះអាសន្ន។
បទបញ្ជានេះ ត្រូវបានដាក់ចេញមួយថ្ងៃ បន្ទាប់ពីរដ្ឋធានីម៉ានីលស្ថិតក្នុងការព្រមានកម្រិត៣។
ពលរដ្ឋរស់នៅក្នុងតំបន់ក្រុងម៉ានីលប្រមាន៧០ភាគរយ បានចាក់វ៉ាក់សាំងគ្រប់ដូសរួចហើយ ប៉ុន្តែពលរដ្ឋតិចតិចជាងពាក់កណ្តាលនៅទូទាំងប្រទេស ទើបតែបានចាក់វ៉ាក់សាំងបានគ្រប់ដូសតែប៉ុណ្ណោះ។ នេះ បើយោងទៅលើទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីននោះ។
លោកស្រី Rosario Vergeire អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលហ្វីលីពីន បានប្រាប់ទូរទស្សន៍ CNN ក្នុងប្រទេសហ្វីលីពីនថា «យើងធ្វើការប៉ាន់ស្មានជាបថម។ ការសន្និដ្ឋាននោះ គឺថាវីរុសបំប្លែងខ្លួនអូមីក្រុង បានឆ្លងលឿនជាងវីរុសដែលតា៨ដង ហើយចំនួនអ្នកឆ្លង នឹងឡើងដល់កម្រិតខ្ពស់បំផុតនៅចុងខែមករានេះ»។
លោកស្រីបន្ថែមទៀតថា «ចំនួនអ្នកឆ្លងវីរុសអូមីក្រុង នឹងកើនឡើងច្រើនជាងចំនួនដែលយើងបានឃើញការឆ្លងដោយវីរុសដែលតា»។
ហ្វីលីពីនរហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ជាង ២លាន ៨សែននាក់និងមានអ្នកស្លាប់ដោយសារជំងឺនេះជាង៥ម៉ឺន ១ពាន់នាក់៕