ទីក្រុងបាងកក ប្រទេសថៃ — ប៉ុន្មានថ្ងៃមុនការបោះឆ្នោតជាតិនៅក្នុងប្រទេសថៃ គណបក្ស Pheu Thai បានទទួលសំឡេងគាំទ្រច្រើនពីការស្ទង់មតិ ដែលជាកម្លាំងលើកទឹកចិត្តមួយដល់ទារកទើបតែកើតម្នាក់ និងដល់បេក្ខជននាយករដ្ឋមន្ត្រីម្នាក់ ដែលនិយាយថា លោកមានមូលហេតុមួយសម្រាប់ឱ្យលោក«ច្រានចោល» តំណែងជានាយករដ្ឋមន្ត្រី។
កាលពីព្រឹកថ្ងៃទី ១ ខែឧសភា បេក្ខជននាយករដ្ឋមន្ត្រីលោក Srettha Thavisin ដែលជាមហាសេដ្ឋីអចលនទ្រព្យ ដែលបានក្លាយខ្លួនជាអ្នកនយោបាយ ហាក់មិនសូវស្រួលខ្លួន ប៉ុន្តែលោកត្រូវឡើងយន្តហោះពីទីក្រុងបាងកក ទៅកាន់ភាគឦសាននៃប្រទេសថៃ ដែលជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សលោក។
មុនថ្ងៃចាប់ផ្តើមធ្វើយុទ្ធនាការដ៏មមាញឹក លោក Srettha បានឆ្លៀតពេលផ្ញើសារមួយទៅកាន់អ្នកស្រី Paetongtarn Shinawatra ដែលជាសហប្រធានគណបក្ស Pheu Thai ដែលជាក្បាលម៉ាស៊ីននយោបាយមួយ ដែលបានប្តូរឈ្មោះជាផ្លូវការជាច្រើនលើក ក្នុងអំឡុងនយោបាយដ៏វឹកវរក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ ប៉ុន្តែមិនដែលចាញ់ឆ្នោតម្តងណាឡើយ។
នៅក្នុងសារនោះ លោក Srettha បានជូនពរអ្នកស្រី Paetongtarn ដែលទើបសម្រាលកូនប្រុសដែលមានឈ្មោះហៅក្រៅថា Thasin ហើយដែលត្រូវជាចៅរបស់អតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra ដែលនៅពីក្រោយគណបក្សនយោបាយនេះ។
ឧត្តមគតិប្រជានិយម និងការគាំទ្រតាមថ្នាក់មូលដ្ឋានរបស់លោក Thaksin នៅតែមានជាបន្ត ក្រោយរដ្ឋប្រហារយោធាពីរលើក នៅឆ្នាំ ២០០៦ នៅពេលដែលលោកត្រូវបានទម្លាក់ចេញពីតំណែង និងនៅឆ្នាំ ២០១៤ នៅពេលដែលប្អូនស្រីរបស់លោក គឺអ្នកស្រីនាយករដ្ឋមន្ត្រី Yingluck Shinawatra ត្រូវបានទម្លាក់ចេញពីតំណែង។ ឥឡូវនេះ ឧត្តមគតិប្រជានិយមទាំងនោះកំពុងតែដឹកនាំគណបក្ស Pheu Thai ឆ្ពោះទៅកាន់ជ័យជម្នះ ក្នុងការបោះឆ្នោតនៅថ្ងៃទី ១៤ ខែឧសភា។
នៅក្នុងសុន្ទរកថាទៅកាន់អ្នកគាំទ្រ នៅខេត្ត Sakhon Nakhon ដែលស្ថិតនៅចម្ងាយប្រហែល ៦៥០គីឡូម៉ែត្រ នៅភាគឦសាននៃទីក្រុងបាងកក លោក Srettha បានលើកទឹកចិត្តអ្នកគាំទ្រ ដោយប្រាប់ពួកគេអំពីកំណើតកូនប្រុសរបស់អ្នកស្រី Paetongtarn។
លោកថ្លែងថា៖ «ចូរយើងនាំគ្នាអបអរសាទរគ្រួសារ Shinawatra។ នៅវេលាម៉ោង ៧ ព្រឹកថ្ងៃនេះ លោក Thaksin ទទួលបានចៅទី ៧ របស់លោកហើយ»។ លោក Srettha ស្រែកដាក់មេក្រូ ឡើងបែកសំឡេង រហូតដល់លោកត្រូវសុំការអធ្យាស្រ័យ។
នៅក្នុងការស្ទង់មតិកាលពីពេលថ្មីៗ គណបក្ស Pheu Thai ត្រូវបានទស្សន៍ទាយថានឹងឈ្នះអាសនៈច្រើនបំផុតក្នុងសភា។ ក្រោយការបោះឆ្នោត គណបក្សនេះនឹងជ្រើសរើសយកបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រី ពីបញ្ជីបេក្ខជន ៣ នាក់គឺលោក Srettha អ្នកស្រី Paetongtarn និងលោក Chaikasem Nitisiri ដែលជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ការស្ទង់មតិមួយដែលចេញផ្សាយកាលពីថ្ងៃទី ៣ ខែឧសភា ដោយសាខាស្រាវជ្រាវមួយនៃវិទ្យាស្ថានជាតិសម្រាប់ទីភ្នាក់ងារអភិវឌ្ឍន៍ NIDA បានឱ្យដឹងថា គណបក្ស Pheu Thai ច្បាស់ជានឹងឈ្នះអាសនៈច្រើនជាងគូប្រជែងរបស់ខ្លួន។ NIDA សំអាងលទ្ធផលពីអ្នកចូលរួមក្នុ្ងងការស្ទង់មតិចំនួន ២.៥០០នាក់ ដែលធ្វើឡើងពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែមេសា។ ការស្ទង់មតិនេះក៏បានសួរអ្នកមានសិទ្ធិបោះឆ្នោតដែរថា តើពួកគេចង់ឃើញអ្នកណាឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។ អ្នកស្រី Paetongtarn បានទទួលការគាំទ្រ ២៩,២%។ លោក Srettha បានទទួលការគាំទ្រ ៦,៧៦%។ ចំណែកលោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha បានទទួលការគាំទ្រ ១៤,៨៤%។
អ្នកទាំងអស់ស្ថិតនៅពីក្រោយលោក Pita Limjaroenrat នៃគណបក្សបោះជំហានទៅមុខដែលគាំទ្រដោយយុវជន ដែលបានទទួលការគាំទ្រ ៣៥,៤៤%។
លោក Srettha បានថ្លែងថា លោកនឹងមិនទទួលតំណែងនាយករដ្ឋមន្ត្រីទេ បើសិនជាគណបក្សរបស់លោកចាំបាច់ត្រូវបង្កើតរដ្ឋាភិបាលចម្រុះជាមួយលោក Prayuth ដែលបានដឹកនាំរដ្ឋប្រហារកាលពីឆ្នាំ ២០១៤ ឬជាមួយគណបក្សរបស់លោកឧត្តមសេនីយ៍ Prawit Wongsuwon ដែលជាសម្ព័ន្ធមិត្តរបស់លោក Prayuth។
លោក Srettha បានប្រាប់វីអូអេផ្នែកផ្សាយជាភាសាថៃក្នុងបទសម្ភាសន៍មួយថា៖ «ខ្ញុំមិនគាំទ្រការធ្វើរដ្ឋប្រហាររបស់យោធាទេ។ ខ្ញុំមិនអាចធ្វើការជាមួយពួកគេនៅក្នុងរដ្ឋាភិបាលតែមួយ ឬអង្គុយជាមួយពួកគេនៅក្នុងគណរដ្ឋមន្ត្រីទេ»។
លោកបន្ថែមថា៖ «ខ្ញុំចង់ធ្វើនាយករដ្ឋមន្ត្រី តែមិនមែនគ្រាន់តែចង់ធ្វើជានាយករដ្ឋមន្ត្រីទេ។ ខ្ញុំចង់ធ្វើនាយករដ្ឋមន្ត្រី ដែលអាចជួយសង្គមថៃក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច។ បើសិនជាបរិយាកាសមិនហុចឱ្យទេ ខ្ញុំនឹងច្រានចោលតំណែងនាយករដ្ឋមន្ត្រីនេះដោយរីករាយ»។
បញ្ហាសេដ្ឋកិច្ចក្នុងស្រុក បានគ្របដណ្តប់លើយុទ្ធនាការបោះឆ្នោតលើកនេះ។
ផលប្រយោជន៍នយោបាយ
លោក Srettha ដែលមានអាយុ ៦០ឆ្នាំ ខ្វះប្រជាប្រិយភាពដែលទាក់ទាញមនុស្សជាច្រើន ប៉ុន្តែលោកមានបទពិសោធន៍ខាងការធ្វើជំនួញដែលអាចធ្វើឱ្យអ្នកបោះឆ្នោតរាប់លាននាក់ទុកចិត្ត ដូចលោក Thaksin។ លោកជាអតីតអ្នកសាងសង់អចលនទ្រព្យដែលចូលចិត្តសង់អគារល្បីៗ។
មុនចូលប្រឡូកក្នុងឆាកនយោបាយជាលើកដំបូងនៅឆ្នាំនេះ លោក Srettha បានជួយកសាងក្រុមហ៊ុនអចលនទ្រព្យក្នុងគ្រួសារ ឱ្យក្លាយទៅជាក្រុមហ៊ុនអភិវឌ្ឍន៍ Sansiri ដែលមានតម្លៃ ៨៨០លានដុល្លារ នៅក្នុងទីផ្សារភាគហ៊ុន។ លោក Srettha បានរៀបចំឱ្យក្រុមហ៊ុនរបស់លោក ទាក់ទាញអ្នកទិញផ្ទះដែលមានប្រាក់ចំណូលច្រើន ហើយបានលើកមុខមាត់របស់ក្រុមហ៊ុន ដោយបានសាងសង់ខុនដូថ្លៃៗបំផុតនៅទីក្រុងបាងកក ឈ្មោះ 98 Wireless កាលពី ៧ ឆ្នាំមុន នៅទីតាំងល្អលើសលុបមួយកន្លែង គឺនៅជាប់និវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ។
លោក Srettha អាចលក់គម្រោងខុនដូ 98 Wireless តាមតម្លៃទីផ្សារខ្ពស់បំផុតរបស់ប្រទេសថៃ គឺច្រើនជាង ១៦.០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ លោកបានប្រាប់កាសែត Thai Rath ថា អគារខុនដូដែលមានកម្ពស់ ២៥ ជាន់នោះ មានឥដ្ឋការ៉ូថ្មម៉ាបអ៊ីតាលី ដែលកម្រមាន មានម៉ូដផ្ទះរបស់ Ralph Lauren ហើយនិងមានជញ្ជាំងដែលមានក្បាច់ក្បូរ ធ្វើឡើងដោយអ្នកជំនាញដែលធ្លាប់បានជួយធ្វើម៉ូដនៅក្នុងវិមាន Buckingham និងក្នុងសេតវិមាន។
លោក Srettha បានស្គាល់លោក Thaksin អស់ពេលរាប់សិបឆ្នាំមកហើយ។ គ្រួសារលោក Thaksin ក៏មានក្រុមហ៊ុនអចលនទ្រព្យជាច្រើនដែរ។ ប៉ុន្តែលោក Srettha ថាលោកយល់ថា ប្រទេសថៃជួបប្រទះការលំបាក ហើយការណ៍នេះនាំឱ្យលោកចូលធ្វើនយោបាយ៖
«នៅពេលដែលអ្នកឡើងដល់កំពូល អ្នកមើលជុំវិញខ្លួនតាមបែបផ្សេង។ អ្នកមើលរបៀបរស់នៅរបស់មនុស្សដែលនៅពីក្រោម»។
លោក Srettha និយាយដោយពាក់នាឡិកាដៃម៉ាក Rolex ពណ៌មាសលម្អដោយរង្វង់លេខពណ៌បៃតង។
លោកថ្លែងថា៖ «អ្វីដែលខ្ញុំបានឃើញ បានធ្វើឱ្យខ្ញុំព្រួយចិត្ត។ ពីព្រោះមានការបែកចែកក្នុងសង្គម នៅក្នុងវិស័យអប់រំ នៅក្នុងវិស័យថែទាំសុខភាព នៅក្នុងការទទួលបានរបស់ធម្មតា ដូចជាចំណីអាហារលើតុជាដើម។ មិនគួរអ៊ីចឹងទេ សម្រាប់ប្រទេសមួយ ដែលមានសក្តានុពលយ៉ាងធំធេង ដូចជាប្រទេសថៃ»។
លោក Srettha បានថ្លែងថា លោកកាន់តែមានទឹកចិត្តចង់ចូលប្រឡូកក្នុងវិស័យនយោបាយ ក្រោយពីបានឃើញផលប៉ះពាល់ដោយសារជំងឺកូវីដទៅលើប្រទេសថៃ។ ផលិតផលសរុបក្នុងស្រុករបស់ថៃ បានធ្លាក់ចុះអស់ ៦,១% ក្នុងឆ្នាំ ២០២០។ នេះបើតាមតួលេខរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ហើយគ្រួសារថៃ ៧០% រកបានប្រាក់ចំណូលតិចជាងមុន។ នេះបើតាមការស្ទង់មតិរបស់ធនាគារពិភពលោក។
លោក Srettha បានថ្លែងថា៖ «អ្វីដែលទាញខ្ញុំឱ្យចូលក្នុងគណបក្ស Pheu Thai គឺដោយសារគណបក្សនេះ គិតគូរអំពីផលប្រយោជន៍របស់ប្រជារាស្ត្រ។ គណបក្សនេះមិនបានព្យាយាមយ៉ាងសកម្មដើម្បីបញ្ចុះបញ្ចូលឱ្យខ្ញុំចូលក្នុងគណបក្សទេ។ និយាយទៅ មានការយល់ស្របគ្នាទៅវិញទៅមក»។
ភាពជាក់ស្តែងអំពីការផ្លាស់ប្តូរ
គណបក្ស Pheu Thai មានគោលដៅដូចគណបក្សបោះជំហានទៅមុខដែរ គឺ៖ បញ្ចប់របបគ្រប់គ្រងរបស់លោក Prayuth ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីជិត ៩ ឆ្នាំហើយ។
ប៉ុន្តែគណបក្ស Pheu Thai និងគណបក្សបោះជំហានទៅមុខ ក៏កំពុងប្រជែងគ្នាដើម្បីយកសំឡេងឆ្នោតរបស់អ្នកនិយមការជឿនលឿនផងដែរ។ គណបក្សបោះជំហានទៅមុខ ឃោសនាថា ខ្លួនជាអ្នកគាំទ្រក្នុងការប្រឆាំងនឹងអាជីវកម្មផ្តាច់មុខ និងការកែច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹង ដែលអាចមានទោសរហូតដល់ទៅ ១៥ ឆ្នាំក្នុងពន្ធនាគារ។
ពិតមែនតែលោក Srettha ចង់ដោះស្រាយបញ្ហាទាំងពីរតាមការជជែកគ្នាក្នុងរដ្ឋសភាក៏ដោយ ក៏លោកយល់ដឹងអំពីអាជីវកម្មផ្តាច់មុខច្រើនជាងច្បាប់ប្រមាថព្រះមហាក្សត្រ។
ចំពោះការដោះស្រាយបញ្ហាក្រុមហ៊ុនធំៗក្នុងប្រទេសថៃ លោកបានថ្លែងថា៖ «យើងត្រូវមានការរំពឹងជាក់ស្តែង។ យើងនឹងមិនបំបែកក្រុមហ៊ុនទាំងនោះទេ ប៉ុន្តែយើងចង់ធ្វើយ៉ាងណាឱ្យពួកគេអនុញ្ញាតឱ្យក្រុមហ៊ុនជំនួញតូចៗ អាចលូតលាស់បាន។ ខ្ញុំមិនមែនចង់ធ្វើឱ្យក្រុមហ៊ុនធំៗរងគ្រោះទេ។ ខ្ញុំចង់ជួយអ្នករកស៊ីតូចតាច»។
ក៏ប៉ុន្តែលោក Srettha ដែលមានកូនធំពេញវ័យ ៣ នាក់ ដែលសុទ្ធសឹងតែបានរៀនសូត្រនៅបស្ចិមប្រទេសនោះ ចង់ចំណាយពេលដើម្បីស្វែងយល់ថាតើច្បាប់ប្រមាថព្រះមហាក្សត្រពិតជាបញ្ហាដែលធ្វើឱ្យមនុស្សវ័យជំទង់ ដែលជួយជំរុញឱ្យមានការពិភាក្សាគ្នាក្នុងប្រទេសនោះ មិនសប្បាយចិត្តឬយ៉ាងណា។
លោក Srettha ថា៖ «ខ្ញុំមិនទាន់បាននិយាយជាមួយពួកគេឱ្យបានច្រើននៅឡើយទេ។ ខ្ញុំមិនដឹងថា តើពួកគេមិនសប្បាយចិត្តនឹងរឿងអ្វីទេ។ ខ្ញុំមិនដឹងថា តើពួកគេសប្បាយចិត្តនឹងរឿងអ្វីខ្លះ។ យើងត្រូវនិយាយគ្នា។ បើយើងនិយាយគ្នា បើយើងពិភាក្សាគ្នា រឿងព្រះមហាក្សត្រអាចមិនមែនជាបញ្ហាមួយ ក្នុងចំណោមបញ្ហាដែលនាំឱ្យពួកគេមិនសប្បាយចិត្ត។ ប៉ុន្តែបើសិនវាជាបញ្ហាមួយ យើងត្រូវពិភាក្សាគ្នាជាបន្ត។ បើពួកគេគិតថាច្បាប់បច្ចុប្បន្ន ត្រូវកែប្រែ យើងនឹងដោះស្រាយតាមរយៈរដ្ឋសភា»៕
ប្រែសម្រួលដោយលោក ប៉ូច រាសី