ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជ័យ​ជម្នះ​របស់​គណបក្ស Move Forward នៅ​ថៃ​អាច​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​អាស៊ាន​


លោកPita Limjaroenrat មេដឹកនាំ​គណបក្ស Move Forward បក់ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣។
លោកPita Limjaroenrat មេដឹកនាំ​គណបក្ស Move Forward បក់ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣។

ជ័យ​ជម្នះ​របស់​គណបក្ស Move Forward ​ដែល​មាន​ទំនោរ​ទៅ​រក​គោលនយោបាយ​សេរី​និង​យុវជន​នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ប្រទេសថៃ អាច​មាន​ឥទ្ធិពល​កាន់​តែ​ទូលំទូលាយ​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​ចាប់​ពី​បញ្ហា​សិទ្ធិ​មនុស្ស​រហូត​ដល់​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

ទោះជា​យ៉ាង​នេះ​ក្តី ក្រុម​អ្នកវិភាគ​សង្កត់​ធ្ងន់ថា​ សម្ព័ន្ធ​ភាព​សំខាន់​រវាង​គណបក្ស​ Move Forward ដែល​មាន​មេដឹកនាំ​គណបក្ស​នេះ​គឺ​លោក Pita Limjaroenrat ជា​នាយក​រដ្ឋមន្ត្រី និង​គណបក្ស​ Pheu Thai នៅ​ត្រូវ​ឆ្លង​កាត់​ព្រឹទ្ធសភា​ដែល​គ្រប់​គ្រង​ដោយ​យោធា។ ព្រឹទ្ធសភា​នេះ​ត្រូវ​បាន​បង្កើតឡើងក្រោយ​រដ្ឋប្រហារ​ឆ្នាំ២០១៤​ដោយមេបញ្ជាការ​យោធា​លោក Prayut Chan-o-cha។

យោងតាម​លទ្ធផល​នៃ​ការ​បោះឆ្នោត គណបក្ស Move Forward ទទួល​បាន​សំឡេង​គាំទ្រ​លើស​ពី​ការ​ទស្សន៍ទាយ ដោយ​ឈ្នះ​បាន​១៥១​អាសនៈ​ក្នុង​ចំណោម​អាសនៈ​ចំនួន៥០០​នៅ​ក្នុង​សភា​ជាន់ទាប។ គណបក្ស Pheu Thai ដែល​ដឹកនាំ​ដោយ​លោកស្រី Paetongtarn Shinawatra កូនស្រី​របស់​លោក​អតីត​នាយករដ្ឋមន្ត្រី Thaksin Shinawatra ទទួល​បាន​១៤១អាសនៈ។

គណបក្ស​រួបរួមជាតិ​ថៃ​របស់​លោក Prayut ទទួល​បាន​អាសនៈ​តែ​១៥ភាគរយ​នៃ​អាសនៈ​សរុប​តែ​ប៉ុណ្ណោះ។ លោក Charles Santiago នៃ​សភា​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អាស៊ាន​ឬ APHR បាន​ថ្លែងថា៖ «ខ្ញុំ​គិតថា​វាបង្ហាញ​ឱ្យ​ឃើញថា ប្រជាពលរដ្ឋ​ថៃ​ពិតជា​បាន​ងើប​ឡើង​ ហើយ​ពួកគេ​ពិតជា​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ខ្លាំងក្លា​មួយ​ ដោយ​ចង់បាន​ប្រទេស​មួយ​ដែល​មាន​របៀបរៀបរយ។ ពួកគេ​ចង់​បាន​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​មួយ»។


លោក​បាន​កត់​សម្គាល់ថា សភា​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អាស៊ាន​ APHR ពេញចិត្ត​នឹង​ចំណង​ទាក់ទង​ដ៏​រឹងមាំ​រវាង​គណបក្ស Move Forward ហើយ​ជំហរ​សិទ្ធិ​មនុស្ស​ដ៏​រឹងមាំ​របស់​គណបក្ស​នេះ​នឹង​ជួយ​ជំរុញ​បន្ថែម​ដល់​កិច្ចពិភាក្សា​នានា​ក្នុង​គោល​បំណង​បញ្ចប់​ការ​សម្លាប់​រង្គាល​នៅ​ប្រទេស​មីយ៉ាន់ម៉ា​និង​ផ្ញើសារ​ដ៏​ម៉ឺងម៉ាត់​មួយ​ទៅ​កាន់​របប​ដឹកនាំ​ផ្តាច់ការ​នានា​ដែល​ឥឡូវនេះ​កំពុង​ក្តោបក្តាប់​អំណាច​នៅ​តំបន់អាស៊ី​អាគ្នេយ៍។

លោក​បាន​ថ្លែងថា៖ «នេះ​ជារឿង​ល្អណាស់។ នេះ​ជា​ស្ថានភាព​ដ៏​ភ្ញាក់​រឭក​មួយ​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍»។

លោក​បាន​ថ្លែង​បន្ថែម​ថា ជា​ពិសេស​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​គួរ​កត់​សម្គាល់​ពី​ការ​កើនឡើង​នៃ​សំឡេង​គាំទ្រ​របស់​យុវជន​ ក្នុង​ខណៈ​ពេល​ដែល​ពលរដ្ឋ​កម្ពុជា​នឹង​ចេញ​ទៅ​បោះឆ្នោត​នៅ​ខែកក្កដា​ខាងមុខ ដែលជា​ការបោះឆ្នោតមួយដែល​គ្មាន​គណបក្ស​ប្រឆាំង​ធំ​ចូលរួម។​

លោក​បាន​ថ្លែងថា៖ «ប្រសិន​បើ​គណបក្ស Move Forward ក្លាយជា​មេដឹកនាំ​រដ្ឋាភិបាល​ នោះ​ទំនាក់​ទំនង​ជាមួយ​នឹង​មីយ៉ាន់ម៉ា​នឹង​ផ្លាស់ប្តូរ ហើយ​ជំហរ​អាស៊ាន​ក៏​នឹង​ផ្លាស់ប្តូរ​ផងដែរ។ ​ខ្ញុំគិតថា​ យើងនឹង​ឃើញ​ដំណោះស្រាយ​លឿនជាង​នេះ​សម្រាប់​បញ្ហា​នៅ​មីយ៉ាន់ម៉ា ជាជាង​ភាព​ជាប់គាំង»។

អ្នក​គាំទ្រ​លោកPita Limjaroenrat មេដឹកនាំ​និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ Move Forward អបអរ​លទ្ធផល​ឈ្នះ​ឆ្នោត​នៅ​រាជធានី​បាងកក​ ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣។
អ្នក​គាំទ្រ​លោកPita Limjaroenrat មេដឹកនាំ​និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ Move Forward អបអរ​លទ្ធផល​ឈ្នះ​ឆ្នោត​នៅ​រាជធានី​បាងកក​ ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣។

មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​សមាជិក​ទាំង​១០នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ អាស៊ានមួយចំនួនដូចជា មីយ៉ាន់ម៉ា ថៃ កម្ពុជា ឡាវ និង​វៀតណាម​ដែល​ភាគច្រើន​កាន់​សាសនា​ព្រះពុទ្ធ​និង​ងាក​ទៅ​រកចិន ជាមួយ​នឹង​បណ្ដា​ប្រទេស​ដែល​ស្ថិត​នៅ​ជាប់​ដែន​សមុទ្រ។

បណ្ដា​ប្រទេស​ដែល​ស្ថិត​នៅ​ជាប់​ដែន​សមុទ្រ​ក្នុង​តំបន់នេះ​ភាគច្រើន​កាន់​សាសនា​ឥស្លាម ឬ​សាសនា​គ្រិស្ត ដែល​ភាគច្រើន​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ រួមមាន​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ​ហ្វីលីពីន សិង្ហបុរី និង​ព្រុយណេ។ ប្រទេស​ទាំងនេះ​បារម្ភ​ពី​ការ​ពង្រីក​ឥទ្ធិពល​យ៉ាង​ឆាប់​រហ័ស​របស់​ចិន​នៅ​ក្នុង​តំបន់ និងការ​ទាមទារ​កម្មសិទ្ធិ​នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ។

ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី​ក៏​ជំរុញ​ឱ្យ​មាន​ជំហរ​រឹងមាំ​ខ្លាំងជាង​នេះ​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ាផង​ដែរ ចាប់តាំង​ពី​ពួកយោធា​មីយ៉ាន់ម៉ា​បាន​រឹបអូស​អំណាច​តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ ឆ្នាំ២០២១​មក។ ក្រោម​ការ​គ្រប់គ្រង​របស់​លោក Prayut ប្រទេស​ថៃត្រូវបាន​ចោទប្រកាន់​ថា​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​មេបញ្ជាការ​យោធា​នានា​នៅ​មីយ៉ាន់ម៉ា។

លោក Bradley Murg អ្នកសិក្សាស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ខ្មែរ​សំរាប់​កិច្ចសហប្រតិបត្តិការ​និង​សន្តិភាព​ (CICP) ថ្លែងថា ប្រសិន​បើ​គណបក្ស Move Forward ឈ្នះ​ការ​គាំទ្រ​ពី​ព្រឹទ្ធសភា​ថៃ​ដែល​មាន​យោធា​នៅ​ពីក្រោយ ​ដែល​ស្ថាប័ន​នេះ​មាន​សិទ្ធិ​ជ្រើសរើស​នាយករដ្ឋមន្ត្រី នោះ​នឹង​មាន​ការផ្លាស់ប្តូរ​មួយ​ចំនួនក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

លោក​បាន​ថ្លែងថា៖ «បើគណបក្ស​ Move Forward អាច​ឡើង​កាន់​អំណាច នោះ​វា​នឹង​ជា​ជំហាន​ទី១​ក្នុង​ការ​ផ្លាស់ប្តូរ​ផ្នត់គំនិត​ដែល​ថា​តំបន់​ដីគោក​នៅ​អាស៊ី​អាគ្នេយ៍បាន​ងាក​ទៅ​រក​របប​ផ្តាច់ការ​ ហើយ​ការបែកបាក់​គ្នា​រវាង​ប្រទេស​ក្នុង​សមាគម​អាស៊ាន​នឹង​ត្រូវ​យក​មក​ពិចារណា​ឡើងវិញ»។

លោក​បាន​បន្ថែមថា​ គោលនយោបាយ​ការបរទេស​ទូលំទូលាយ​ជាងនេះ​របស់​ថៃ​ជាមួយ​សហរដ្ឋ​អាមេរិក​នឹង​មិន​កែប្រែ​នោះ​ទេ ទោះបី​ជា​សម្ព័ន្ធមិត្ត​រវាង​គណបក្ស​ Move Forward និង​គណបក្ស​ Pheu Thai អាច​ជះ​ឥទ្ធិពល​ទៅ​លើ​គោលនយោបាយ​ទូរគមនាគមន៍​សព្វថ្ងៃ​ដែល​ផ្តល់​នូវ​កិច្ចសន្យា​ដែល​រក​បានប្រាក់កម្រៃ​យ៉ាង​ច្រើន​ដល់ក្រុមហ៊ុន​ចិន​ដូចជា​ក្រុមហ៊ុន Huawei ជាដើម។

លោក Murg ថ្លែងថា៖ «ជ័យ​ជម្នះ​របស់​បក្ស​ប្រឆាំង​នឹង​មិន​កែប្រែ​ទំនាក់​ទំនង​រវាង​ថៃ​និង​សហរដ្ឋ​អាមេរិក​ច្រើន​នោះទេ។ ប៉ុន្តែ​គេ​រំពឹងថា​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​នានា​ដូចជា​បញ្ហា​សិទ្ធិ​មនុស្ស​និង​គោលនយោបាយ​ទូរគមនាគមន៍​ចិន»។

លោក Don Greenlees ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ AsiaLink នៅ​សាកលវិទ្យាល័យ Melbourne បាន​ថ្លែងថា លក្ខណៈ​ខុសគ្នា​សំខាន់ៗ​រវាង​គណបក្ស​នយោបាយ​នានា និង​យោធា នៅ​តែ​ត្រូវការ​ដំណោះស្រាយ ហើយ​វា​ឆាប់ពេក​ក្នុង​ការ​និយាយ​ថា​គោលនយោបាយ​ការបរទេស​របស់​ថៃ​នឹង​មាន​ការ​ផ្លាស់ប្តូរ​ឬ​មួយ​ក៏អត់​នោះ។

លោក​បាន​ថ្លែងថា៖ «វា​អាច​ទៅ​រួច​ដែល​គណបក្ស​នេះ​អាច​ជះឥទ្ធិពល​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​តំបន់ ប៉ុន្តែ​ជាទូទៅ​ ការប៉ុនប៉ង​របស់​ពួកគេ​ដើម្បី​ទទួល​បាន​ស្វ័យភាព​កាន់​តែ​ច្រើន​ដែល​អាច​ធ្វើ​ទៅ​បាន​ពី​គូប្រជែង​អំណាច​នឹង​បន្ត​ស្ថិត​ក្នុង​គោលនយោបាយ​ការបរទេស​របស់​ពួកគេ»។
អ្នកវិភាគ​ដទៃ​ទៀត​ក៏​បាន​ថ្លែងថា ស្វ័យភាព​និង​ការ​មើល​ឃើញ​ថា​មិន​ជិតស្និទ្ធ​ពេក​ជាមួយ​ចិនឬ​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ជា «មូលដ្ឋាន​គ្រឹះ​នៃ​គោលនយោបាយ​ការបរទេស​របស់​ថៃ​ដែល​នឹង​មិន​មាន​ការ​ផ្លាស់ប្តូរ​នោះទេ»។

ទោះជា​យ៉ាង​នេះ​ក្តី បញ្ហា​សិទ្ធិមនុស្ស​គឺជា​បញ្ហា​មួយ​ទៀត។ អ្នកសង្កេតការណ៍​ម្នាក់​ដែល​មាន​បទពិសោធន៍​ខាង​ចលនា​សហជីព​ពាណិជ្ជកម្ម​បានថ្លែងថា លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​អាច​ជួយ​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រសើរ​ជាងមុន​មួយ​ចំនួន​សម្រាប់​ពលករ​ចំណាក​ស្រុក​នៅ​ថៃ។


អ្នកសង្កេតការណ៍​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​សារ​តែ​ភាព​តានតឹង​ពី​អតីតកាល​រវាង​សហជីព​ពាណិជ្ជកម្ម​និង​រដ្ឋាភិបាល​រូប​នេះ​បាន​ថ្លែង​ថា៖ «ប្រទេស​ថៃ​ជា​ប្រភព​សំខាន់​មួយ​សម្រាប់​ពលករ​ចំណាកស្រុក។ គេ​សង្ឃឹមថា​ប្រទេស​នេះ​នឹង​ដោះស្រាយ​បញ្ហា​ដែល​ពួកគេ​ប្រឈម​ហើយ​ធ្វើ​ឱ្យ​វា​មាន​យុត្តិធម៌​ជាង​មុន​សម្រាប់​ពលករ ដែល​វា​នឹង​ជួយ​បញ្ជូន​សញ្ញា​មួយ​ដល់​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់»។

កាលពី​យប់​ថ្ងៃ​អាទិត្យ​ លោក Prayut បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​គោរព​លទ្ធផល​នៃ​ការ​បោះឆ្នោត​ហើយ​លោក​នឹង​បន្ត​ធ្វើ​ទៅ​តាម​កាតព្វកិច្ច​របស់​លោក​ «ឱ្យ​អស់​ពី​សមត្ថភាព» ហើយ​លោក​បន្ថែមថា «ខ្ញុំនឹង​បន្ត​បម្រើ​ជាតិ តំបន់​និង​ព្រះមហាក្សត្រ​អស់​មួយ​ជីវិត»។

លោក​បាន​ថ្លែងថា៖ «ខ្ញុំ​គោរព​ទៅ​តាម​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​និង​លទ្ធផល​នៃ​ការ​បោះឆ្នោត»។

ប៉ុន្តេលោក Gavin Greenwood ដែល​ជា​អ្នកវិភាគ​ម្នាក់នៃ​ក្រុមហ៊ុន​ប្រឹក្សាសន្តិសុខ A2 Global Risk ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់​លោក Santiago និងលោកMurg ដោយ​និយាយ​ថា វាពិបាក​នឹង​ជឿថា​យោធា​ថៃ ពួកអភិជន​អភិរក្សនិយម​ និង​ព្រះបរមរាជវាំង​នឹង​ទទួល​យក​លទ្ធផល​នៃ​ការបោះឆ្នោត​ដោយ​ងាយៗ។

លោកបានថ្លែងថា៖ «បើ​គណបក្ស​ណា​ដែល​គំរាម​ឬ​ដែល​មើល​ទៅ​គំរាមកំហែង​ដល់​ប្រយោជន៍​របស់​យោធា​ ឬ​ក្រុម​អភិជន​អភិរក្ស​និយម ឬ​ព្រះ​បរមរាជវាំង ទទួល​បាន​ជ័យ​ជម្នះ ខ្ញុំ​ពិតជា​ស្ញប់ស្ញែង​ណាស់។ វាពិតជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ណាស់​ ប្រសិន​បើ​រដ្ឋប្រហារ​យោធា​ត្រូវបាន​ផ្តួលរំលំ​វិញ​ដោយ​ការបោះឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​នោះ»៕

ប្រែ​សម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា

XS
SM
MD
LG