រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងសមភាគីរបស់លោក គឺលោក ស៊ីហាសាក់ ផុងគិតថែវ ( Sihasak Phuangketheow) អគ្គលេខាធិការ និងជារដ្ឋមន្ត្រីការបរទេសស្តីទីនៃប្រទេសថៃ បានជួបពិភាក្សាគ្នាជាផ្លូវការជាលើកដំបូងបន្ទាប់ពីយោធាបានដឹកនាំរដ្ឋប្រហារកាលពីថ្ងៃទី២២ខែឧសភា។
នៅក្នុងជំនួបជាងមួយម៉ោងនៅឯក្រសួងការបរទេសកម្ពុជា ប្រទេសថៃបានសន្យាថា នឹងជួយសម្រួលដល់ពលករកម្ពុជាដែលវិលត្រឡប់ទៅធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃវិញ។
លោក ស៊ីហាសាក់ ផុងគិតថែវ (Sihasak Phuangketheow) មានប្រសាសន៍ក្នុងសន្និសីទកាសែតបន្ទាប់ពីជំនួបនោះថាអាជ្ញាធរថៃបានបង្កើតមជ្ឈមណ្ឌលមួយនៅខេត្តសាមុតសាខនដើម្បីឲ្យពលករខ្មែរទាំងឡាយនៅក្នុងប្រទេសថៃទៅចុះឈ្មោះធ្វើការនៅទៅនោះ។
លោកបានបញ្ជាក់ថា ប្រទេសថៃក៏បានបង្កើតមជ្ឃមណ្ឌលមួយទៀតដែលមានឈ្មោះថា ( One Stop Service ) នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរដើម្បីឲ្យពលករខ្មែរសុំទិដ្ឋាការស្របច្បាប់។ ហើយការធ្វើទិដ្ឋាការបានកាត់បន្ថយពីចំនួន៣ថ្ងៃមកនៅត្រឹម១ថ្ងៃវិញ។
លោកបាននិយាយតាមរយៈអ្នកបកប្រែថា« មួយទៀតគឺជាដំណឹងល្អ។ លោកឯកអគ្គរាជទូតក៏បានជំរាបថាតទៅនេះគឺថាពលករកម្ពុជាទៅសុំវីសារគឺថាបីថ្ងៃ។ ប៉ុន្តែមកដល់ពេលនេះបានកាត់បន្ថយមកនៅត្រឹមមួយថ្ងៃវិញបាន visaហើយ»។
ក្រោយពីយោធាថៃបានធ្វើរដ្ឋប្រហារមក ប្រទេសថៃបានចាប់ផ្តើមចាប់បញ្ជូនពលករកម្ពុជា ភូមា និងលាវ ទៅកាន់ស្រុកកំណើតរបស់ខ្លួនវិញ។
ពលករកម្ពុជាប្រមាណជាង២៥ម៉ីននាក់ត្រូវបានបញ្ជូនមកកាន់កម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាមានប្រសាសន៍ថាមានពលករកម្ពុជាប្រមាណ១៣០០០នាក់ហើយបានវិលត្រឡប់ទៅធ្វើការនៅក្នុងប្រទេសថៃវិញ។
លោកមានប្រសាសន៍នៅក្នុងសន្និសីទកាសែតក្រោយពីជំនួបជាមួយភាគីរបស់លោកថាកម្ពុជាបានយោគយល់អំពីការបញ្ជូនពលករកម្ពុជាមកវិញដើម្បីត្រឡប់ទៅវិញអោយស្របច្បាប់។
លោកនិយាយថា៖ « ក្រសួងការបរទេសកម្ពុជាក៏បានបញ្ជួនកំណត់ការទូតទៅប្រទេសថៃសុំទិដ្ឋាការទៅធ្វើការស្របច្បាប់អោយពលករកម្ពុជាជាង១ម៉ីននាក់ហើយ»។
ពលករកម្ពុជាប្រមាណជាង៤៥ម៉ឺននាក់បានទៅធ្វើការនៅក្នុងប្រទេសថៃជាបុគ្គលិកផ្នែកលក់ដូរ ជាងសំណង់ កម្មករនេសាទ នៅនៅតាមបណ្តារោងចក្រផ្សេងៗ។
លោក ស៊ីហាសាក់ ផុងគិតថែវ អគ្គលេខាធិការ និងជារដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសថៃមានប្រសាសន៏ថាការដែលប្រទេសថៃបានចាប់បញ្ជូនពលករមិនថាមកពីកម្ពុជា លាវនិង ភូមាទៅកាន់ប្រទេសរបស់ខ្លួនវិញ គឺដោយសារប្រទេសថៃចង់រៀបចំសណ្តាប់ធ្នាប់ឡើងវិញតែប៉ុណ្ណោះ។
ក្រៅពីពិភាក្សារឿងបញ្ជូនពលករ ថៃនិងកម្ពុជាក៏បានពិភាក្សាអំពីបញ្ហាការសាង់សង់ស្ពានផ្លូវរថភ្លើងពីស្រុកអារញ្ញមកប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងការបើកច្រកស្ទឹងបទដើម្បីឲ្យក្លាយទៅជាច្រកទ្វារអន្តរជាតិសម្រាប់ទំនិញឆ្លងកាត់ចំណែកច្រកទ្វារអន្តរជាតិប៉ោយប៉ែតគឺសម្រាប់តែភ្ញៀវទេសចរណ៍បរទេសចេញចូលតែប៉ុណ្ណោះ។
ប្រទេសកម្ពុជា ក៏បានស្នើដល់ប្រទេសថៃថាពេលឃើញប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនទៅកាប់ឈើក្នុងប្រទេសថៃ អាជ្ញាធរថៃគួរតែចាប់ខ្លួនយកទៅកាត់ទោសតាមច្បាប់ ជាជាងបាញ់សម្លាប់។
ក្រសួងការបរទេសកម្ពុជានិងថៃបានសន្យាថានឹងបង្កើតលេខាធិការដ្ឋានជាតិកម្ពុជានិងប្រទេសថៃដើម្បីជួបជុំគ្នាត្រួតពិនិត្យនៅតាមតំបន់ព្រំដែនកុំឲ្យមានការកាប់ឈើខុសច្បាប់៕