ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​អំពាវនាវ​ឱ្យ​ថៃ​កុំ​ធ្វើ​បាប​ពលករ​ខ្មែរ​និង​ដោះលែង​ជន​ត្រូវ​ចាប់​ខ្លួន


ពលករ​ខ្មែរ​ចុះ​ពី​រថយន្ត​ថៃ​ដែល​បាន​ដឹក​ពួក​គេ​ពី​ព្រំដែន​ថៃ នៅ​ពេល​ពួក​គេ​មក​ដល់​ច្រក​ព្រំដែន​​អន្តរជាតិ​ប៉ោយប៉ែត​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៤។
ពលករ​ខ្មែរ​ចុះ​ពី​រថយន្ត​ថៃ​ដែល​បាន​ដឹក​ពួក​គេ​ពី​ព្រំដែន​ថៃ នៅ​ពេល​ពួក​គេ​មក​ដល់​ច្រក​ព្រំដែន​​អន្តរជាតិ​ប៉ោយប៉ែត​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៤។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន សែន ​បាន​អំពាវនាវ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឲ្យរដ្ឋា​ភិបាលយោធា​ថៃ​យក​ចិត្ត​ទុកដាក់​ថែ​រក្សា​ពលករ​ខ្មែរ​ខុស​ច្បាប់​និង​ទាមទារ​ឲ្យដោះ​លែង​ពលករ​ខ្មែរ​ជាង​ដប់​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​ប្រទេស​ថៃ​ដោយសារ​កាន់​លិខិត​ឯកសារ​ក្លែងក្លាយ។

លោកហ៊ុន សែន ​បាន​ថ្លែង​ក្នុង​ទិវា​ប្រឆាំង​គ្រឿងញៀន​ពិភព​លោក​ក្នុង​ទីក្រុង​ភ្នំពេញ​ដោយ​បញ្ជូន​សារ​ទាំង​នេះ​តាម​រយៈ​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា។

«អ្នក​ដែល​នៅសេសសល់​ដែល​ដឹក​បន្ត​មក​ជា​ហូរហែរ​ក៏​សូម​មេត្តា​ថែទាំ​សុខភាព​របស់​ពួកគេឲ្យ​បាន​ល្អ។ ​មួយ​ទៀត​ខ្ញុំ​សូម​ទទូច​ដែល​កន្លង​ទៅ​មាន​ដូចជា​ពលករ​ខ្មែរ​ជាង​ដប់​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​និង​អាច​ត្រូវ​កាត់​ទោស​ដោយ​តុលាការ​ដោយសារ​កាន់​លិខិត​ក្លែង​ក្លាយ។ ​ដូច្នេះ​បើ​សិន​ជា​អាច​លើក​លែង​ការ​ចោទ​ប្រកាន់​បាន​ខ្ញុំ​អរគុណ​ថ្នាក់​ដឹក​នាំថៃ»។

​សេចក្តី​អំពាវនាវ​របស់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ធ្វើ​ឡើង​នៅ​ពេល​ដែល​ពលករ​កម្ពុជា​ខុស​ច្បាប់​ប្រមាណ​ជាង​២៥​ម៉ឺន​នាក់​ត្រូវ​រំពឹង​ថា​បាន​ត្រូវ​បញ្ជូន​ត្រឡប់​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ​រហូត​មក​ទល់​នឹង​ថ្ងៃ​ព្រហស្បតិ៍​នេះ។

​កាល​ពី​សប្តាហ៍​មុន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​បាន​រក​ឃើញថា​វិធី​បញ្ជូន​ពលករ​ចំណាក​ស្រុក​កម្ពុជា​មក​កាន់​ប្រទេស​ខ្លួន​វិញ​ពី​សំណាក់​រដ្ឋាភិបាល​យោធា​ថៃ​ថា​ ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​ពុំ​មាន​លក្ខណៈ​ស៊ីវិល័យ។​ ដំណាល​គ្នា​នោះ​ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Rights Watch​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ថៃ​ចាត់​វិធានការ​ជា​បន្ទាន់​មួយ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​គោរព​ និង​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ក្នុង​ប្រទេស​របស់​ខ្លួន។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​យល់ស្រប​ថា​មាន​ការបំពាន​សិទ្ធិ​ពលករ​កម្ពុជា​នៅក្នុង​ការ​បញ្ជូន​ត្រឡប់​មកវិញ​ហើយ​របប​យោធា​ថៃ​បញ្ជូន​ពលករ​កម្ពុជា​ខុសច្បាប់​ត្រឡប់មកវិញ​ដោយ​មិន​មាន​ការជូន​ដំណឹង​ជាមុន​នោះ​ទេ។

«ការបញ្ជូន​មក​ក្នុង​គ្រាដំបូង​ពិត​ជា​មាន​កំហុស​ពី​ភាគី​ថៃ។ ​បញ្ជូន​មក​ដោយ​មាន​ការ​បំពាន​សិទ្ធិ។​ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​អន្តរាគមន៍​ភ្លាមៗ​របស់​ស្ថានទូត​យើង​នៅ​ក្នុង​ទី​ក្រុង​បាងកក​របស់​ក្រសួង​ការ​បរទេស​និង​ភាគី​នានា​ជាប់​ពាក់ព័ន្ធ​ក៏នាំ​ឲ្យ​មាន​ការសម្រួល​ជាបន្ត​បន្ទាប់​នៃ​ការ​គោរព​សិទ្ធិ​ក្នុង​ការ​បញ្ជូនមក»។​

មន្ត្រី​ស្ថាន​ទូតថៃ​ប្រចាំ​ក្រុង​ភ្នំពេញ​មិន​អាច​ទាក់ទង​បាន​ទេ​ដោយ​សារ​តែ​ទូរស័ព្ទ​រោទិ៍​និង​គ្មាន​អ្នក​ទទួល។ ​ដោយ​ឡែក​នាយកដ្ឋាន​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ថៃ​មិន​អាចភ្ជាប់​ទំនាក់​ទំនង​បាន​ឡើយ​នៅ​ថ្ងៃ​នេះ។

​លោក នី ចរិយា ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ឲ្យ​ដឹង​ថា​ស្ថាន​ភាព​បញ្ជូន​ពលករ​ចំណាក​ស្រុក​កម្ពុជា​ពី​ប្រទេស​ថៃ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ក្នុង​ពេល​នេះ។

«ការបញ្ជូន​មក​ហាក់​ដូចជា​មាន​ការប្រែប្រួល​ពី​ការ​ដឹក​ដោយ​ប្រើ​ឡាន​ទ្រុងដូចដឹក​ជញ្ជូន​សត្វ។​ មាន​ការ​ប្រសើរ​ជាង​មុន»។

​ពលករ​ចំណាក​ស្រុក​កម្ពុជា​ទាំង​ស្របច្បាប់​និង​ខុស​ច្បាប់​មាន​ចំនួន​ប្រមាណ​ជាង​៤០​ម៉ឺននាក់​នៅ​ក្នុង​ប្រទេស​ថៃ។​ពលករ​ទាំងនេះ​ធ្វើការ​ក្នុង​វិស័យ​សំណង់ ​កសិកម្ម ​ផ្នែក​សេវាកម្ម​ពាណិជ្ជកម្ម​ជាដើម។

​ប្រទេស​ថៃ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​យោធា​ដែល​ធ្វើ​រដ្ឋប្រហារ​បាន​ចាត់ទុក​ថា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​គឺជា​ហានិភ័យ​ខ្ពស់​សម្រាប់​ខ្លួន។

​ការចាកចេញ​ពី​ប្រទេស​កំណើត​របស់​ខ្លួន​ទៅ​ធ្វើ​ការ​នៅ​ប្រទេសថៃ​ដោយ​ខុសច្បាប់​និង​ស្រប​ច្បាប់​ដោយសារ​បញ្ហា​ឥត​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​និង​ដោយសារ​ប្រាក់​កម្រៃ​ខ្ពស់​នៅ​ប្រទេស​ថៃ។

​លោក​ហ៊ុន សែន ​យល់​ថា​ការបញ្ជូន​ពលករ​កម្ពុជា​ត្រឡប់​ពី​ថៃវិញ​នៅ​ពេល​នេះ​គឺជា​ចំនួន​ដ៏​ច្រើន​បំផុត​មួយ​ដែល​កម្ពុជា​ត្រូវ​តែ​ដោះស្រាយ​ជាបន្ទាន់។

កាលពី​ពេលថ្មីៗ​នេះ​ប្រទេស​ថៃ​បាន​សន្យា​ថានឹង​ទទួល​យកពលករ​ទាំងនេះ​ត្រឡប់​ទៅធ្វើ​ការវិញ​ក្នុង​ករណី​ដែល​ពួកគេ​ចូល​ប្រទេសថៃ​ដោយ​ស្របច្បាប់។

លោក ហ៊ុន សែន ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បង្កើត​ការងារ​ក្នុង​ស្រុក​បន្ថែម​ទៀត​និង​ផ្តល់​ព័ត៌មាន​អំពី​ការងារ​ក្នុង​ស្រុក​ឲ្យ​បាន​ទូលំទូលាយ​ហើយ​រដ្ឋា​ភិបាល​នឹង​សម្រួល​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​សម្រាប់​ពល​ករ​កម្ពុជា​ត្រឡប់​ទៅធ្វើ​ការវិញ​ដោយ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ៕

XS
SM
MD
LG