អតីតមេដឹកនាំអាវក្រហមម្នាក់ដែលរដ្ឋាភិបាលយោធាថៃកំពុងស្វែងរកចាប់ខ្លួនបានប្រកាសថាលោកមិនយកទឹកដីប្រទេសកម្ពុជាដើម្បីបង្កើតក្រុមសកម្មប្រយុទ្ធជាមួយនិងរដ្ឋាភិបាលថៃទេ។
លោក ចក្រប៉ុប ផេនកៃរ (Jakrapob Penkair) អតីតអ្នកនាំពាក្យរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីត្រូវបានបណ្តេញចេញនិងជាស្ថាបនិកម្នាក់ នៃចលនាក្រុមអាវក្រហមនៅក្រៅប្រទេសបានប្រកាសក្នុងពេលថ្មីៗនេះថា មានសកម្មជននយោបាយ អ្នកនយោបាយ សាស្ដ្រាចារ្យ សរុបចំនួនជាង១០នាក់បានចាកចេញពីប្រទេសថៃក្រោយពីរដ្ឋប្រហារយោធា កាលពីថ្ងៃទី ២២ ខែឧសភា។
លោក ចក្រប៉ុប ផេនកៃរ ត្រូវបានស្រង់សម្តីតាមប្រព័ន្ធផ្សព្វផ្សាយបរទេសកាលពីដើមខែមិថុនាថា លោកបានថ្លែងនៅក្នុងទីក្រុងភ្នំពេញថា ក្រុមនេះនឹងបង្កើតចលនារដ្ឋាភិបាលនិរទេសមួយនៅក្រៅប្រទេសដើម្បីតស៊ូប្រឆាំងនឹងរដ្ឋាភិបាល ដែលកើតចេញពីរដ្ឋប្រហារយោធា ហើយចលនានេះនឹងចេញជារូបរាងក្នុងខែមិថុនានេះ។
មានប្រសាសន៍ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិក តាមរយៈសារអេឡិចត្រូនិចឬអ៊ីម៉ែល លោក ចក្រប៉ុប ផេនកៃរ មានប្រសាសន៍ថាលោកមិនយកទីតាំងប្រទេសកម្ពុជាធ្វើជាមូលដ្ឋានរបស់ខ្លួនទេ។កន្លែងទាំងអស់ស្ថិតនៅក្រោមការចរចា ក៏ប៉ុន្តែកន្លែងទាំងនោះអាចស្ថិតនៅក្នុងអឌ្ឍគោលភាគខាងលិចតែលោកមិនបញ្ជាក់ថានិងជ្រើសរើសយកប្រទេសណាមួយទេ។
លោកបាននិយាយថា៖ «គោលបំណងនេះទោះបីជាមិនមែនក្នុងការបង្កើតរដ្ឋាភិបាលនិរទេសក៏ពិតមែន ប៉ុន្តែអង្គការមួយដែលមានឈ្មោះថា អង្គការសេរីដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ (FT-HD) ដើម្បីទប់ទល់នឹងការត្រួតត្រារបស់ពួកយោធា»។
លោក ចក្រប៉ុប ផេនកៃរ បានប្រសាសន៍ថាសព្វថ្ងៃនេះសភានីតិបញ្ញត្តិថៃដកលិខិតឆ្លងដែនរបស់លោក ហើយចោទប្រកាន់លោកបន្ថែមទៀតជាមួយនិងការចូលរួមការតស៊ូប្រដាប់អាវុធ។ លោកបានបញ្ជាក់ថាការចោទប្រកាន់ប្រឆាំងនិងលោកនេះដោយរដ្ឋាភិបាលយោធាថៃដែលឡើងកាន់អំណាចដោយមិនស្របច្បាប់វាបង្ហាញម្តងទៀតថាពីការអស់សង្ឃឹមរបស់មេដឹកនាំយោធានិងរបបដែលពួកគេជាអ្នកតំណាង។
ក្រុមអាវក្រហមរបស់ថៃជាច្រើនរាប់ពាន់នាក់ធ្លាប់បានមកទទួលលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ក្នុងខេត្តសៀមរាប ក្រោយពេលដែលអតីតនាយករដ្ឋមន្ត្រីថៃរូបនេះត្រូវទម្លាក់ចេញពី តំណែង។ នៅពេលនោះ លោក ថាក់ស៊ីន បានទទួលងារជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកនាយកឧត្តមសេនីយ៍ ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថាដូចកម្ពុជាធ្លាប់បានប្រកាសជាញឹកញាប់ហើយថាគឺច្បាប់របស់កម្ពុជាមិនអនុញ្ញាត្តិឲ្យមានជនណាម្នាក់ប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងនិងប្រទេសណាមួយដែលមានដាក់ចំណងការទូតជាមួយកម្ពុជាទេ។
លោកនិយាយថា៖ «ដូចយើងបានប្រកាសជាញឹកញាប់ហើយជាពិសេស សម្តេចតេជោ លោកមានប្រសាសន៍ដែរគឺ ជំហររបស់កម្ពុជា ច្បាប់របស់កម្ពុជាយើងមិនអនុញ្ញាត្តិឲ្យមានហេតុការណ៍ហ្នឹងកើតឡើងទេ»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសមានប្រសាសន៍ថាមកដល់ពេល នេះគ្មានសមាជិកក្រុមអាវក្រហមណាម្នាក់បានមកស្នាក់នៅកម្ពុជាទេហើយប្រសិនណាបើក្រុមអាវក្រហមចង់បង្កើតចលនាណាមួយនៅកម្ពុជានោះយើងមិនអនុញ្ញាត្តិឲ្យជាដាច់ខាត។
លោកនិយាយថា៖ «មិនអនុញ្ញាត្តិឲ្យបុគ្គលណាមួយ ក្រុមណាមួយ ឬប្រទេសណាមួយបង្កើតអង្គការណាមួយឬរដ្ឋាភិបាលនិរទ្ទេសនៅលើទឹកដីខ្មែរយើងដើម្បីប្រឆាំងរដ្ឋាភិបាលបរទេសណាមួយទេ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីខែឧសភាបានប្រកាសជាសាធារណៈថាកម្ពុជានឹងមិនអនុញ្ញាត ឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីប្រឆាំងនឹងប្រទេសថៃនោះទេ៕