ស្ថេរភាពនៅក្នុងប្រទេសថៃដែលកើតចេញពីការគ្រប់គ្រងអំណាចរបស់របបយោធាថៃជាសារមួយមិនល្អសម្រាប់ប្រទេសអាស៊ានជិតខាងដែលកំពុងធ្វើដំណើរការលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការអះអាងរបស់លោក ដេត សុខឧត្តម ព្រឹទ្ធបុរសផ្នែកកិច្ចការសិក្សាធិការនៃសាកលវិទ្យាល័យហ្សាម៉ាន់។
លោក ដេត សុខឧត្តម ដែលបានស្រាវជ្រាវអំពីនយោបាយថៃបានថ្លែងនៅក្នុងកម្មវិធីវិទ្យុ«វេទិកាអាស៊ាន» (Hello VOA) កាលពីថ្ងៃព្រហស្បតិ៍ទី៥ ខែមីនា ឆ្នាំ២០១៥ ថា៖
«ក្នុងករណីដែលយោធាថៃគាត់កាន់(អំណាច)ទៅពីមួយឆ្នាំទៅមួយឆ្នាំកន្លះទៅមុខទៀត ហើយធ្វើឲ្យប្រទេសថៃមានស្ថេរភាពជាងកាលពីមុនយោធាកាន់នោះ អញ្ចឹងវានឹងផ្ញើសារអាក្រក់មួយដល់ប្រទេសជុំវិញ ជាពិសេសគឺប្រទេសភូមាហ្នឹងឯង។»
អ្នកវិភាគរូបនេះពន្យល់ថា រដ្ឋប្រហារថៃជាគំរូមិនល្អពីព្រោះប្រទេសជិតខាងដូចជាភូមា ដែលគេស្គាល់ថាជាប្រទេសមីយ៉ាន់ម៉ា ប្រទេសកម្ពុជា ព្រមទាំងប្រទេសឡាវដែលប្រកាន់របបកុម្មុយនិស្តផងនោះ ប្រទេសទាំងនេះអាចលើកយកករណីប្រទេសថៃជាលេសដើម្បីបង្ហាញពីគ្រោះថ្នាក់នៃការធ្វើប្រជាធិបតេយ្យ និងពីផលប្រយោជន៍នៃស្ថេរភាពដែលកើតចេញពីរបបដែលមាននិន្នាការផ្តាច់ការ។
ដោយស្ថិតនៅចំទីតាំងដ៏មានយុទ្ធសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសថៃមានទំហំសេដ្ឋកិច្ចធំជាងប្រទេសជិតខាងខ្លួនទាំងបួនបញ្ជូលគ្នា គឺសេដ្ឋកិច្ចកម្ពុជា ឡាវ ភូមា និងវៀតណាម។ ប្រទេសថៃក៏ជាប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ដីគោកដែលជាសមាជិកស្ថាបនិកនៃសមាគមអាស៊ាន ហើយធ្លាប់បានដើរតួនាទីសំខាន់ក្នុងអង្គការតំបន់នេះ រួមទាំងក្នុងកិច្ចការប្រជាធិបតេយ្យផង។
ប៉ុន្តែភាពសកម្មរបស់ប្រទេសថៃនៅក្នុងកិច្ចការអាស៊ានត្រូវថយចុះដោយសារការផ្ទុះឡើងនូវភាពតានតឹងខាងនយោបាយក្នុងស្រុក នៅក្រោយការធ្វើរដ្ឋប្រហារទម្លាក់លោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ ចេញពីតំណែង។ លោក ដេត សុខឧត្តម បានចាត់ទុកលោក ថាក់ស៊ីន ថាជាតួអង្គនយោបាយតែមួយគត់ដែលអាចមានកម្លាំងប្រឆាំងនឹងស្ថាប័នយោធាថៃដែលជាតួអង្គនយោបាយខ្លាំងជាងគេ។ នៅឆ្នាំ២០០៩ កិច្ចប្រជុំកំពូលអាស៊ានដែលធ្វើឡើងនៅប្រទេសថៃត្រូវបានរំខានដោយបាតុករដែលជាអ្នកគាំទ្រលោកថាក់ស៊ីន។
លោក ដេត សុខឧត្តម ថ្លែងថាខណៈដែលប្រទេសមីយ៉ាន់ម៉ានិងកម្ពុជាកំពុងឆ្លងកាត់ដំណើការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនោះ ប្រព័ន្ធនយោបាយរបស់ថៃអាចជួយរារាំងដោយប្រយោលដល់ដំណើរការទាំងនេះ។ អ្នកវិភាគរូបនេះមិនរំពឹងថានឹងមានការអន្តរាគមន៍ចំពោះនយោបាយផ្ទៃក្នុងរបស់ថៃពីសំណាក់ប្រទេសអាស៊ានដទៃទេ រួមទាំងប្រទេសឥណ្ឌូនេស៊ី ដែលគេតែងចាត់ទុកថាជាប្រទេសទទួលជោគជ័យក្នុងដំណើរការទៅកាន់លទ្ធិប្រជាធិបតេ្យនៅក្រោយពីមានរបបយោធាមានអំណាច។
លោកស្រី Yenny Wahid កូនស្រីរបស់អតីតប្រធានាធិបតីឥណ្ឌូនេស៊ីលោក អាប់ឌុលរ៉ាម៉ាន វ៉ាហ៊ីដ (Abdurrahman Wahid) បានប្រាប់ VOA ថាប្រទេសឥណ្ឌូនេស៊ីទំនងនឹងមិនប្រើប្រាស់លក្ខណៈខ្លួនជាប្រទេសធំជាងគេក្នុងតំបន់ដើម្បីលូកលាន់ក្នុងនយោបាយថៃទេ ប៉ុន្តែនឹងដើរតួជា«គំរូប្រជាធិបតេយ្យ»សម្រាប់ប្រទេសអាស៊ានផ្សេងវិញ។
លោកស្រីថ្លែងថា៖ «ខ្ញុំមិនគិតថាយើងអាចនិយាយថា វិធីដែលបានជោគជ័យនៅឥណ្ឌូនេស៊ីអាចយកទៅអនុវត្តនៅប្រទេសផ្សេងទៀតបានទេ។»
លោកស្រីថ្លែងថា សមាគមអាស៊ានជាទូទៅសង្កត់ធ្ងន់ទៅលើបញ្ហាសេដ្ឋកិច្ចនិងសន្តិសុខជាជាងបញ្ហាការជ្រៀតជ្រែកនយោបាយប្រទេសសមាជិករបស់ខ្លួន។ លោកស្រីថ្លែងអំពីគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនយោបាយថា៖ «មេដឹកនាំជាច្រើនរួមទាំងឪពុករបស់ខ្ញុំផង (ប្រធានាធិបតីឥណ្ឌូនេស៊ី) បានព្យាយាមអនុម័តប៉ុន្តែត្រូវប្រឈមនឹងការប្រឆាំងមេដឹកនាំប្រទេសអាស៊ានផ្សេងទៀត។»
លោក ដេត សុខឧត្តម ថ្លែងថាថ្វីបើប្រទេសឥណ្ឌូនេស៊ីបានផ្លាស់ប្តូរទៅរកប្រជាធិបតេយ្យឆាប់ជាងប្រទេសជិតខាងរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ក្តី ក៏ជោគជ័យនេះមានកម្រិត។ លោក ដេត សុខឧត្តម បានលើកឧទាហរណ៍ពីការសិក្សាថ្មីមួយដែលបង្ហាញថាការបោះឆ្នោតនៅតំបន់អាស៊ីអាគ្នេយ៍រួមទាំងប្រទេសឥណ្ឌូនេស៊ីផង មានគុណភាពទាបនៅឡើយ ហើយមិនប្រសើរជាងការបោះឆ្នោតនៅប្រទេសថៃប៉ុន្មានទេ។
អ្នកវិភាគរូបនេះនិយាយថានៅទីបំផុតផលប៉ះពាល់ពីនយោបាយប្រទេសដែលសំខាន់ដូចប្រទេសថៃនឹងជាបញ្ហាដែលតំបន់អាស៊ានទាំងមូលត្រូវដោះស្រាយ៖
«ជាធម្មតានៅក្នុងតំបន់មួយដែលសមមូលគ្នា ធ្វើការជាមួយគ្នា កាលណានៅក្នុងផ្នែកណាមួយនៃតំបន់នោះមានបញ្ហា ជាធម្មតាវាធ្វើឲ្យប៉ះពាល់ជះដល់ទាំងអស់គ្នា។»