ប្រទេសថៃនឹងតម្រូវឱ្យអ្នកធ្វើដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញភស្តុតាងថា ខ្លួនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ពេញលេញរួចហើយមុនពេលចូលមកដល់ប្រទេសថៃនោះ។ នេះបើតាមអាជ្ញាធរអាកាសចរណ៍របស់ប្រទេសនេះ ខណៈខ្លួនកំពុងត្រៀមរៀបចំការមកដល់នៃអ្នកទេសចរជាច្រើនថែមទៀតក្នុងពេលដែលប្រទេសចិនបានបើកឡើវិញនូវព្រំដែនរបស់ខ្លួនកាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ចាប់ពីព្រឹកថ្ងៃចន្ទនេះតទៅ គ្រប់អ្នកដំណើរអន្តរជាតិទាំងអស់ ដែលមកដល់ប្រទេសថៃចាប់ពីព្រលឹមថ្ងៃចន្ទនេះត្រូវតែបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងគ្រប់ដូសរួចហើយ ឬក៏បង្ហាញលិខិតដែលបញ្ជាក់ថា ពួកគេបានជាសះស្បើយពីជំងឺកូវីដ១៩ ក្នុងរយៈពេល៦ខែចុងក្រោយនេះ។
ចំពោះអ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ត្រូវបង្ហាញលិខិតបញ្ជាក់ថា តើហេតុអ្វីបានជាគេមិនបានចាក់វ៉ា់ក់សាំងការពារជំងឺនេះ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍នានាត្រូវទទួលខុសត្រូវលើការត្រួតពិនិត្យមើលនូវឯកសារនានាមុនអនុញ្ញាតឱ្យអ្នកដំណើរឡើងយន្តហោះរបស់ខ្លួន ហើយអាជ្ញាធរនេះ ក៏បានបង្ហោះលើគេហទំព័ររបស់ខ្លួននូវបញ្ជីវ៉ាក់សាំងកូវីដ១៩ប្រភេទណាដែលតម្រូវឱ្យចាក់វ៉ាក់សាំងប៉ុន្មានដូសនោះផងដែរ។
វិធានការនេះនឹងនៅជាធរមាន យ៉ាងហោចណាស់ក៏ដល់ដំណាច់ខែមករាឆ្នាំ២០២៣នេះផងដែរ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ។
ការតម្រូវឱ្យចាក់វ៉ាក់សាំងនេះ ត្រូវបានប្រទេសថៃលុបចោលម្តងរួចមកហើយ កាលពីខែតុលាកន្លងទៅ ប៉ុន្តែត្រូវបានកែប្រែឡើងវិញ ខណៈពេលដែលប្រទេសចិនបានបើកព្រំដែនរបស់ខ្លួនឡើងវិញ បន្ទាប់ធ្វើការបន្ធូរបន្ថយនូវគោលនយោបាយគ្មានជំងឺកូវីដ១៩របស់ខ្លួនមក។
ជើងហោះហើរពាណិជ្ជកម្មលើកទី១របស់ចិនមកកាន់ប្រទេសថៃ តាមរយៈក្រុមហ៊ុនអាកាស ចរណ៍ Xiamen Airlines flight MF833 នឹងត្រូវមកដល់រាជធានីបាងកក ពីទីក្រុង Xiamen ប្រទេសចិននៅថ្ងៃចន្ទនេះ ដោយដឹកអ្នកដំណើរប្រមាណ២៨៦នាក់។ នេះបើតាមលោកស្រី Traisuree Taisaranakul អ្នកនាំពាក្យរដ្ឋាភិបាលថៃដែលបាននិយាយនៅថ្ងៃអាទិត្យម្សិលមិញ។
ការតម្រូវថ្មីសម្រាប់អ្នកដំណើរអន្តរជាតិចូលមកប្រទេសថៃនៅពេលនេះ មិនអនុវត្តទៅលើជនជាតិថៃដែលកាន់លិខិតឆ្លងដែនរបស់ខ្លួន ឬអ្នកដំណើរដែលឆ្លងកាត់នោះឡើយ៕
ប្រទេសថៃចេញគោលការណ៍ថ្មីសម្រាប់អ្នកដំណើរអន្តរជាតិចូលប្រទេសរបស់ខ្លួន ស្របពេលដែលចិនបើកព្រំដែនឡើងវិញ
- Reuters
ទីក្រុងបាងកក —