ព្រះរាជទាយាទនៃប្រទេសថៃ ព្រះនាម Maha Vajiralongkorn បានឡើងសោយរាជ្យជាព្រះមហាក្សត្រថ្មីនៅក្នុងប្រទេសហើយ ដែលនេះបញ្ជាក់ពីយុគសម័យថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រប្រទេសថៃ បន្ទាប់ពីការគ្រងរាជសម្បត្តិអស់រយៈពេល៧០ឆ្នាំរបស់ព្រះបិតារបស់ទ្រង់ ព្រះនាម Bhumibol Adulyadej ដែលបានចូលទីវង្គត់កាលពីខែតុលាកន្លងទៅនេះ។
ប្រព័ន្ធផ្សព្វផ្សាយថៃបានចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ព្រះរាជទាយាទក្នុងព្រះជន្ម៦៤ព្រះវស្សា ត្រូវបានប្រធានសភាជាតិថៃ លោក Pornpetch Wichitcholchai យាងឲ្យឡើងសោយរាជ្យ។
ការយាងព្រះរាជទាយាទឲ្យឡើងសោយរាជ្យត្រូវបានធ្វើឡើងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទ្រង់បានត្រឡប់មកពីប្រទេសអាល្លឺម៉ង់វិញ ដែលនៅទីនោះទ្រង់ក៏មានព្រះរាជដំណាក់មួយដែរ។
ព្រះមហាក្សត្រថ្មីនឹងត្រូវគេហៅថា ព្រះមហាក្សត្រ Maha Vajiralongkorn Bodindradebayavarangkun ហើយទ្រង់ក៏ជាស្តេចទី១០របស់ប្រទេសថៃនៃរាជវង្ស ចក្រីផងដែរ។
ពិធីឡើងគ្រងរាជ្យសម្បត្តិនៅមិនទាន់ត្រូវបានគេកំណត់នៅឡើយទេ។ ប៉ុន្តែពិធីនោះទំនងជានឹងធ្វើឡើងបន្ទាប់ពីពិធីបូជាព្រះសពរបស់ព្រះមហាក្សត្រ Bhumibol ដែលគេរំពឹងថានឹងធ្វើឡើងនៅចុងឆ្នាំ២០១៧ខាងមុខនេះ៕