ប្រជាពលរដ្ឋថៃភាគច្រើនមានការគោរពស្រលាញ់ព្រះមហាក្សត្ររបស់ខ្លួន និងចាត់ទុកព្រះមហាក្សត្រថាជាមនុស្សអស្ចារ្យផុតមនុស្សលោកទូទៅ។
ទង្វើប្រកបដោយភាពសន្ដោសប្រណី និងព្រះរាជកាយវិការសុភាពរាបសាររបស់ព្រះមហាក្សត្រ Bhumibol Adulyadej បានជួយពង្រឹងនូវភាពជឿទុកចិត្តរបស់ប្រជានុរាស្ត្រចំពោះព្រះអង្គ។ ព្រះអង្គបានសម្ដែងទង្វើ និងព្រះរាជកាយវិការទាំងនេះនៅក្នុងព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រវត្តិសាស្ត្រថៃ។
អ្នកគាំទ្រព្រះអង្គបានចាត់ទុកព្រះអង្គថាជាឥទ្ធិពលមួយដែលជួយឲ្យប្រទេសជាតិមានស្ថិរភាពក្នុងអំឡុងពេលមានភាពវឹកវរនយោបាយកើតឡើង បន្ទាប់ពីប្រទេសថៃបានលះបង់នូវរបបរាជានិយមទាំងស្រុងរបស់ខ្លួន និងបានឆ្លងកាត់ដំណាក់កាលផ្សេងៗនៃការគ្រប់គ្រងបែបយោធា និងដំណើរការលទ្ធិប្រជាធិបតេយ្យដែលផ្ដល់តម្លៃដល់ប្រជាពលរដ្ឋ។
កាលពីឆ្នាំ ១៩៩២ បន្ទាប់ពីមានអំពើហិង្សារវាងកងកម្លាំងសន្តិសុខ និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលអូសបន្លាយអស់រយៈពេល ៤ ថ្ងៃមក ព្រះមហាក្សត្របានកោះហៅមេដឹកនាំនៃភាគីទាំងសងខាង និងបានចេញព្រះរាជបញ្ជាឲ្យពួកគេបញ្ឈប់អំពើហិង្សាវាយប្រយុទ្ធគ្នានោះ ដោយបានចាក់ផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិ។
ព្រះមហាក្សត្រ Bhumibol បានអំពាវនាវឲ្យមានឯកភាពជាតិ បន្ទាប់ពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦ ទម្លាក់រដ្ឋាភិបាលលោក Thaksin Shinawatra ពាក់ព័ន្ធនឹងការចោទប្រកាន់ពីអំពើពុករលួយ និងពាក់ព័ន្ធនឹងអ្វីដែលអ្នករាជានិយមមើលឃើញថាជាការប៉ុនប៉ងធ្វើឲ្យរបបរាជានិយមទន់ខ្សោយ។
ចាប់តាំងពីពេលនោះមក នៅក្នុងនយោបាយថៃ គេឃើញមានការប្រឆាំងគ្នាទៅវិញទៅមករវាងអ្នករាជានិយមនៅក្នុងវិស័យយោធា និងពួកបញ្ញវន្តរស់នៅក្នុងទីក្រុង ដែលអ្នករាជានិយមទាំងនេះអះអាងថាការពារព្រះមហាក្សត្រ ជាមួយនឹងប្រជាពលរដ្ឋដែលធ្វើការធម្មតា និងកសិករ ដែលជាអ្នកគាំទ្រលោកអតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra។
ច្បាប់ Lese Majeste ដែលជាច្បាប់ប្រឆាំងអ្នកទិតៀនព្រះមហាក្សត្រដ៏មានភាពចម្រូងចម្រាស ត្រូវបានអាជ្ញាធរប្រើប្រាស់សម្រាប់បំបិទមាត់អ្នកនយោបាយប្រឆាំង និងអ្នករិះគន់ព្រះមហាក្សត្រ ដោយការដាក់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ ក៏ការគាំទ្ររបស់ប្រជាពលរដ្ឋទូទៅចំពោះព្រះមហាក្សត្រថៃ នៅតែខ្លាំងក្លាដដែល ហើយការគាំទ្រនេះត្រូវបានបង្ហាញនៅក្នុងការថ្លែងព្រះរាជសុន្ទរកថារបស់ព្រះអង្គនៅក្នុងព្រះរាជពិធីចម្រើនព្រះជន្មព្រះអង្គគម្រប់ខួប ៨៥ ព្រះវស្សា។
នៅពេលនោះ ព្រះមហាក្សត្រ Bhumibol បានមានព្រះរាជបន្ទូលយ៉ាងដូច្នេះថា៖
«ប្រសិនបើពួកយើងដែលជាប្រជានុរាស្ត្រថៃទាំងអស់ បន្តប្រកាន់ខ្ជាប់នូវភាពចុះសម្រុងគ្នានៅក្នុងចិត្តរបស់យើង នោះនឹងមានក្ដីសង្ឃឹមថា ទោះបីជាប្រទេសជាតិធ្លាក់ទៅក្នុងស្ថានការណ៍បែបណាក៏ដោយ ក៏ប្រទេសជាតិនៅតែបន្តដំណើរទៅមុខជានិច្ច ដោយរក្សានូវស្ថិរភាពរបស់ខ្លួន និងជម្នះបាននូវឧបសគ្គទាំងអស់»។
អ្នកស្រី Krittika Phiwkliang ដែលជាអ្នកគោរពស្រលាញ់គាំទ្រព្រះមហាក្សត្រ Bhumibol បានធ្វើការសន្និដ្ឋានពីការជឿជាក់ និងក្ដីសង្ឃឹមរបស់មនុស្សទូទៅ ដែលគាំទ្រព្រះមហាក្សត្រយ៉ាងដូច្នេះថា៖
«ទោះបីជាប្រទេសថៃមានជម្លោះតាំងពីអតីតកាល ក៏ដូចជាពេលនេះក៏ដោយ ឬក៏ប្រហែលជាយើងមានការបែកបាក់គ្នាជាច្រើនពណ៌ក៏ដោយ ក៏ព្រះមហាក្សត្រនៅតែជាអ្នកដែលបង្រួបបង្រួមទឹកចិត្តប្រជាពលរដ្ឋថៃទាំងអស់ឲ្យរួបរួមគ្នាដដែល»។
ព្រះមហាក្សត្រថៃមានព្រះរាជសុខភាពធ្លាក់ចុះចាប់តំាងពីឆ្នាំ ២០០៩ មកម្ល៉េះ ហើយព្រះអង្គបានចំណាយពេលវេលាជាច្រើនគង់នៅក្នុងមន្ទីរពេទ្យដើម្បីទទួលការព្យាបាលជំងឺផ្សេងៗដូចជាជំងឺនឿយហត់ ជំងឺសួត និងការហូរឈាមតិចតួចនៅក្នុងខួរក្បាល។
ព្រះមហាក្សត្រ Bhumibol Adulyadej បានប្រសូតនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ១៩២៧ នៅក្នុងទីក្រុង Cambridge រដ្ឋ Massachusetts សហរដ្ឋអាមេរិក ដែលជាកន្លែងដែលបិតារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ Mahidol សិក្សានៅទីនោះ។
ព្រះមហាក្សត្រ Bhumibol ភាគច្រើនបានសិក្សានៅក្នុងទ្វីបអឺរ៉ុប ដោយព្រះអង្គទទួលបានការអប់រំថ្នាក់អនុវិទ្យាល័យ និងថ្នាក់សាកលវិទ្យាល័យនៅក្នុងប្រទេសស្វ៊ីស។
ព្រះអង្គបានឡើងគ្រោងរាជ្យសម្បត្តិនៅក្នុងឆ្នាំ ១៩៤៦ បន្ទាប់ពីព្រះរាមរបស់ព្រះអង្គបានសោយទិវង្គត ដោយសាររបួសដែលត្រូវដោយគ្រាប់កាំភ្លើងនៅក្នុងហេតុការណ៍ដ៏មានមន្ទិលសង្ស័យមួយ។
បុត្រារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់រាជទាយាទ Maha Vajiralongkorn គឺជាអ្នកស្នងរាជបល្ល័ង្កបន្តពីព្រះអង្គ ប៉ុន្តែព្រះអង្គម្ចាស់មិនមានព្រះរាជកិត្តិនាមដូចព្រះបិតារបស់ព្រះអង្គនោះទេ៕
ប្រែសម្រួលដោយ ភី សុភាដា