ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់​ពាន់​នាក់​ឈរ​តាម​ផ្លូវ​ខណៈ​ដែល​ព្រះ​រាជ​សព​របស់​ព្រះ​មហាក្សត្រ​ថៃ​ត្រូវ​គេ​ដង្ហែ​ទៅ​កាន់​ព្រះ​រាជ​វាំង


ពលរដ្ឋ​ថៃ​ទ្រហ៊ោយំ​បន្ទាប់​ពី​ព្រះ​បរមរាជវាង​ប្រកាស​ពី​ការ​សោយទីវង្គត​របស់​ស្តេច Bhumibol Adulyadej នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ Siriraj ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ​ កាលពី​ថ្ងៃទី១៣​ ខែតុលា ឆ្នាំ២០១៦។
ពលរដ្ឋ​ថៃ​ទ្រហ៊ោយំ​បន្ទាប់​ពី​ព្រះ​បរមរាជវាង​ប្រកាស​ពី​ការ​សោយទីវង្គត​របស់​ស្តេច Bhumibol Adulyadej នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ Siriraj ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ​ កាលពី​ថ្ងៃទី១៣​ ខែតុលា ឆ្នាំ២០១៦។

ក្បួន​ដង្ហែ​ព្រះ​រាជ​សព​របស់​ព្រះ​មហាក្សត្រ​ Bhumibol Adulyadej​ នៃប្រទេស​ថៃ បាន​ទៅ​ដល់​ព្រះ​បរម​រាជ​វាំង​នៃ​ទីក្រុង​បាងកក​ហើយ។

ព្រះ​អង្គ​ម្ចាស់​រាជទាយាទ Maha Vajiralongkorn ទ្រង់​បាន​យាង​ទៅ​ដល់​មន្ទីរពេទ្យ​ដើម្បី​ទទួល​យក​ព្រះ​សព​ដើម្បី​ដង្ហែ​ទៅ​កាន់​ព្រះ​បរមរាជវាំង។ ព្រះអង្គ​ម្ចាស់​រាជទាយាទ Maha Vajiralongkorn និង​ព្រះ​អនុជ​របស់​ព្រះ​អង្គ គឺ​ម្ចាស់​ក្សត្រី Maha Chakri Sirindhorn ​បាន​នាំ​មុខ​ការ​ដង្ហែ​ព្រះ​រាជ​សព ដែល​មាន​មនុស្ស​រាប់​ពាន់​នាក់​ឈរ​តាម​ផ្លូវ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ។

ក្តារមឈូស​ដែល​ស្ថិត​ក្នុង​រថយន្ត​ Mercedes ​ពណ៌​ខៀវ​និង​ស​ មួយ​គ្រឿង​នោះ មាន​អម​ដោយ​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ។ ក្បួន​ដង្ហែ​ព្រះ​រាជ​សព​បាន​ឆ្លង​កាត់​ទន្លេ​ Chao Phraya ​ហើយ​បាន​បញ្ចប់​នៅ​ក្នុង​វត្ត​មួយ​ក្នុង​បរិវេណ​ព្រះ​បរមរាជ​វាំង។ ប្រជាពលរដ្ឋ​ថៃ​៦៧​លាន​នាក់ កើត​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ នៅ​ពេល​ដែលព្រះ​មហាក្សត្រ បាន​សោយ​ទិវង្គត កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ជំងឺ​ផ្សេងៗ​ដែល​ពាក់​ព័ន្ធ​នឹង​មនុស្ស​ចាស់។ ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា។

ប្រទេស​ថៃ​ចាប់​ផ្តើម​កាន់​ទុក្ខ​រយៈ​ពេល​មួយ​ឆ្នាំ​ចាប់​ពី​ថ្ងៃ​សុក្រ​នេះ​ទៅ។ មេដឹកនាំ​ពិភពលោក​បាន​ចូល​រួម​កាន់​មរណទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ថៃ នៅ​ពេល​ដែល​ពួកគេ​កាន់​ទុក្ខ​ការ​បាត់​បង់​ព្រះ​មហាក្សត្រ​មួយ​អង្គ​ដែល​បាន​សោយ​រាជ្យ​អស់​ពេល​៧០​ឆ្នាំ។

លោក​អង្គ​លេខាធិការ​អសប ​Ban Ki-moon ​បាន​សម្តែង​នូវ​ការ​រំលែក​ទុក្ខ​យ៉ាង​ជ្រៀល​ជ្រៅ ជាមួយ​ព្រះ​រាជ​រង្សា​នុវង្ស រដ្ឋាភិបាល និង​ប្រជារាស្ត្រ​ថៃ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ទទួល​ស្គាល់​អំពី​ការ​តាំង​ចិត្ត​របស់​ព្រះ​អង្គ​ដើម្បី​បង្រួប​បង្រួម​ប្រទេស​ជាតិ។

លោក​ប្រធានាធិបតី​សរអា​ បារ៉ាក់ អូបាម៉ា ​បាន​ថ្លែង​ថា​ព្រះ​មហាក្សត្រ​ជា​មិត្ត​យ៉ាង​ជិត​ដិត​របស់​សរអា ហើយ​ជា​ដៃ​គូ​ដ៏​មាន​តម្លៃ​របស់​ប្រធានាធិបតី​សរអា​ជា​ច្រើន ដោយ​រំលឹក​ដល់​ជំនួប​ជាមួយ​ព្រះ​មហាក្សត្រ​ក្នុង​អំឡុង​ទស្សនកិច្ចរបស់​លោក​ទៅ​កាន់​ទីក្រុង​បាងកក កាល​ពី​ឆ្នាំ​២០១២។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​សរអា John Kerry ​បាន​ចូលរួម​ជាមួយ​លោក​ប្រធានាធិបតី​ អូបាម៉ា ​ក្នុង​ការ​កាន់​មរណទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ថៃ ដោយ​ថ្លែង​ថា​ ព្រះអង្គ​នឹង​ត្រូវ​គេ​ចង​ចាំក្នុង​ពេល​យ៉ាង​វែង​ឆ្ងាយ​ទៅ​អនាគត៕

XS
SM
MD
LG