ប្រជាពលរដ្ឋថៃបានឈរតម្រង់ជួររង់ចាំយ៉ាងអត់ធ្មត់នៅខាងក្រៅធនាគាររដ្ឋនានា នៅថ្ងៃអង្គារនេះ ដើម្បីដូរ ឬទិញក្រដាសប្រាក់ ១០០ បាត ដែលមានរូបព្រះមហាក្សត្រ Bhumibol ដើម្បីជាការរំឭកដល់ព្រះអង្គ ដែលទើបនឹងបានសោយទិវង្គតកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។
ក្រដាសប្រាក់នេះត្រូវបានបោះពុម្ពដោយធនាគារប្រទេសថៃ ឲ្យសាធារណជនទូទៅប្រើប្រាស់តាំងពី ៥ ឆ្នាំ មុនម្ល៉េះ ប៉ុន្តែក្រដាសប្រាក់នេះទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងវិញជាថ្មីម្ដងទៀត បន្ទាប់ពីព្រះមហាក្សត្រ Bhumibol បានសោយទិវង្គតទៅ។
ប្រជាពលរដ្ឋថៃបានចាប់ផ្ដើមតម្រង់ជួរចាប់តាំងពីព្រឹកព្រលឹមនៅតាមធនាគារនានានៅទូទាំងប្រទេសថៃ ដើម្បីទិញក្រដាសប្រាក់ ១០០ បាតនេះ ដែលក្រដាសប្រាក់នេះមានតម្លៃស្មើនឹង ២០០ បាត ឬស្មើនឹង ៥ ដុល្លារ ៧១ សេនសហរដ្ឋអាមេរិក ដែលជាតម្លៃពីរដងនៃតម្លៃដើមរបស់វា។
ក្រដាសប្រាក់ ១០០ បាតនេះ មានរូបព្រះមហាក្សត្រធ្វើទស្សនកិច្ចសួរសុខទុក្ខប្រជានុរាស្ត្រ ដាំស្មៅ និងលេងតន្ត្រី។ រូបនេះត្រូវបានបោះពុម្ពឡើងជាមួយនឹងទឹកថ្នាំពណ៌មាសភ្លឺៗ ជំនួសឲ្យពណ៌ក្រហម ដែលគេឃើញមាននៅលើក្រដាសប្រាក់ ១០០ បាត ធម្មតា។
នាង Surinamon Rakkaew អាយុ ២៤ ឆ្នាំ បាននិយាយថា៖ «ខ្ញុំចង់ទុករាល់ក្រដាសប្រាក់ទាំងអស់ដែលមានរូបព្រះមហាក្សត្រ ពីព្រោះថា នៅថ្ងៃណាមួយ ក្រដាសប្រាក់ទាំងនេះនឹងបាត់ជាក់ជាមិនខាន ដោយហេតុថា យើងនឹងមានព្រះមហាក្សត្រថ្មីគ្រប់គ្រងប្រទេស»។
ដោយសារតែមានតម្រូវការច្រើន យ៉ាងហោចណាស់មានធនាគារមួយ គឺធនាគារប្រាក់សន្សំរដ្ឋាភិបាល (Goverment Savings Bank) ដែលមានស្ដុកក្រដាសប្រាក់ ១០០ បាតនេះ ចំនួន ៩ ម៉ឺនសន្លឹក បានឲ្យដឹងថា ខ្លួននឹងលក់ក្រដាសប្រាក់នេះឲ្យអតិថិជនម្នាក់ តែ ៥ សន្លឹកតែប៉ុណ្ណោះ៕